ខេត្តបាត់ដំបង ៖ លោកអនុសេនីយ៍ទោ ទីម ខាវ មេបញ្ជាការរងមូលដ្ឋាន កងរាជអាវុធហត្ថស្រុករុក្ខគីរី បានឲ្យដឹងថា កាលពីវេលាម៉ោង ៦:៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថស្រុក បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ តាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះឡាំង.រុន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិប្រឡាយ១៨ ឃុំស្តុកប្រវឹក ស្រុករុក្ខគីរី ខេត្តបាត់ដំបង ពាក់ព័ន្ធករណីលួចគោយន្ត ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាម៉ោង ១៥:៤០នាទី ថ្ងៃទី១៣.០១.២០១៦ ជនសង្ស័យឈ្មោះ ឆាយ.ប៊ុនឆៃ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិ.ឃុំជាមួយគ្នា បានដើរទៅផ្ទះជនរងគ្រោះ ដើម្បីខ្ចីកាំបិត កាប់ដើមឈើ លុះពេលទៅដល់ មិនបានជួបម្ចាស់ផ្ទះទេ គឺមានតែក្មេងប្រុសម្នាក់ ហើយជនសង្ស័យបានប្រើក្មេងប្រុសនោះ ឡើងលើផ្ទះយកកាំបិតឲ្យ ភ្លាមនោះ ជនសង្ស័យក្រឡេកឃើញ គោយន្ត០១គ្រឿងទុកក្រោមផ្ទះ ។
ដោយឃើញឱកាសល្អ ខណៈក្មេងប្រុសនោះ យកកាំបិតឲ្យហើយ ក៏រត់ទៅចំការដំឡូវបាត់ ជនសង្ស័យក៏បញ្ឆេះម៉ាស៊ីនគោយន្ត លួចជិះយកទៅលក់ នៅស្រុកម៉ោងឬស្សី ដើម្បីយកប្រាក់ទៅទិញម៉ូតូនៅភ្នំពេញ ។ ក្រោយទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះ កម្លាំងអាវុធហត្ថស្រុក បានចុះស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យយកទៅសួរនាំ នៅមូលដ្ឋាន រីឯគោយន្តត្រូវបានប្រគល់ជូនម្ចាស់វិញ ផងដែរ ។
ក្រោយការសួរនាំជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួច យកគោយន្ត របស់ជនរងគ្រោះ ពិតប្រាកដមែន ។ បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានអាវុធហត្ថស្រុក កសាងសំណុំរឿង បញ្ជូនបន្ត ដើម្បីចាត់ការ តាមនីតិវិធី៕ដោយ៖ប៉ែន សុ ផល