អ្នកជំងឺ​ទឹកនោមផ្អែម​លើស​ជាតិ​ខ្លាញ់​នាំគ្នា​ខ្សឹប​ពី​ប្រសិទ្ធភាព​ឈើ​គ្រញូង​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 October, 2014 ក+ ក-

ខណៈពេល​ជំនួញ​ឈើ​គ្រញូង​កំពុង​តែមាន​សកម្មភាព​គគ្រឹក គគ្រេង ប្រភេទ​ឈើ​ប្រណីត​ដ៏​មានតម្លៃ​មួយ​នេះ​ក្រៅពី​យកទៅ​កែច្នៃ​ធ្វើ​សង្ហារិម ឬ​ក្នុង​វិស័យ​តុបតែង​សំណង់ សូម្បីតែ​កម្ទេចកម្ទី​របស់​វា​ក៏ត្រូវ​បាន​មនុស្ស​មួយចំនួន​យកទៅ​ប្រើប្រាស់​ក្នុងការ​ព្យាបាល​ជំងឺ​មួយចំនួន​ផងដែរ​។​

ថ្មីៗ​នេះ ប្រជាពលរដ្ឋ​ខ្លះ​បាន​ខ្សឹប​ដាក់​ត្រចៀក​តៗ​គ្នា​ពី​ប្រសិទ្ធភាព​នៃ​ឈើ ប្រណីត​ដែល​កំពុង​ត្រូវបាន​រុករាន​បំផ្លាញ​នេះ​ថា គ្រញូង​ជា​ឱសថ​បញ្ចុះ​ជាតិ​ស្ករ និង​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ដ៏​ពូកែ​ស័ក្ដិសិទ្ធិ​ចំពោះ​អ្នក​កើត​ជំងឺ ទឹកនោមផ្អែម និង​លើស​ជាតិ​ខ្លាញ់​។​

ក្រោយពី​បានឮ​តៗ​គ្នា អ្នក​កើត​ជំងឺ​នេះ​នាំគ្នា​ស្វះ​ស្វែងរក​ទិញ​កម្ទេច​ឈើ​គ្រញូង​យកមក​ដាំទឹក​ផឹក​។​
​បុរស​វ័យ ៤៧​ឆ្នាំ ម្នាក់​ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា ប៉ា​អាសិដ្ឋ បាន​ប្ដូរ​មក​ទទួលទាន​ទឹក​ឈើ​គ្រញូង​ជំនួស​ឱសថ​វេជ្ជសាស្ដ្រ​វិញ​ដោយសារ តែ​គិតថា ថ្នាំពេទ្យ​មិនបាន​ធ្វើ​ឲ្យ​លោក​ធូរស្បើយ​ពី​ជំងឺ​ទឹកនោមផ្អែម​។​

នៅពេល​ធ្វើទុក្ខ​ខ្លាំង ជាតិ​ស្ករ​របស់គាត់​ឡើងដល់​កម្រិត ៤០០ ឯណោះ ជា​កម្រិត​ដ៏​គ្រោះថ្នាក់​បំផុត​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​។ វា​បានធ្វើ​ឲ្យ​គាត់​មាន​អាការ​ស្ពឹក​រួយ​ស្រពន់​សាច់ដុំ ហេវ​ហត់​អត់​កម្លាំងកំហែង​ក្នុង​ខ្លួន និង​តែងតែមាន​អារម្មណ៍​ឃ្លាន​ជានិច្ច​។​
​ស្ដ្រី​ជា​ភរិយា​លោក​និយាយថា​៖ «​ដោយសារតែ​កែងជើង​របស់ គាត់​ត្រូវ​ឈើ​ធ្លា​ក់លើ និង​មាន​ដំបៅ​ជាង ១ ខែ​មិនជា​សះស្បើយ​សោះ មិ​ត្ដ​ភក្ដិ​ធ្វើការ​ជាមួយគ្នា​បាន​ប្រាប់ថា ហេតុអ្វី​មិន​យក​ឈើ​គ្រញូង​ទៅ​ដាំទឹក​ផឹក​ទៅ​វា​នឹង​បាន​ធូរស្បើយ​ហើយ​»​។​

ភរិយា​បុរស​ទម្ងន់ ៩៦ គីឡូ​រូបនេះ​បង្ហើប​ប្រាប់​ពី​ប្រភព​គ្រញូង​ថា ដោយសារតែ​មិ​ត្ដ​ភក្ដិ​របស់​ប្ដី​អ្នកស្រី​ធ្វើការ​នៅ​រោង​ឈើ​របស់ ក្រុមហ៊ុន ទ្រី ភាព ដ៏​ល្បីល្បាញ ពួកគេ​បានផ្ដល់​កម្ទេច​ឈើ​គ្រញូង​តូចៗ​ឲ្យ​គាត់​ដាំទឹក​ផឹក​។​

អ្នកស្រី​រៀបរាប់ថា​៖ «​ក្រោយពេល​គាត់​ពិសា​ប្រមាណ​ជា ២ ខែ​មក គាត់​ហាក់​មាន​កម្លាំង​មាំមួន​ឡើងវិញ ហើយ​ដំបៅ​លើ​កែងជើង​ដ៏​រ៉ាំរ៉ៃ​នោះ​ក៏បាន​ជាសះស្បើយ​វិញ​ដែរ​»​។​
​ខណៈពេល​កំពុង​ព្យាបាល​នេះ ក្រៅពី​ទឹក​ថ្នាំ​ឈើ​គ្រញូង ស្វាមី​របស់គាត់​ទទួលទាន​ឱសថ​បុរាណ​ផ្សេងៗ​ទៀត​។​
​ក្រោយមក​ព័ត៌មាន​ស្ដីពី​ប្រសិទ្ធភាព​នៃ​ឱសថ​ឈើ​គ្រញូង​នេះ​បាន​បន្ដ​លេច ឮ​ពី​ម្នាក់​ទៅ​ម្នាក់ ពី​គ្រួសារ​មួយ​ទៅ​គ្រួសារ ជាពិសេស​អ្នកមាន​សមាជិក​ផ្ទុក​ជំងឺ​ទឹកនោមផ្អែម​ដែល​ចង់​សាកល្បង ព្យាបាល​ក្រៅពី​ជម្រើស​ប្រើ​ថ្នាំពេទ្យ​ជាប្រចាំ​។

អ្នកស្រី ស្រី ក៏​ជា​អ្នកជំងឺ​ម្នាក់​ដែល​ងាក​មក​សាកល្បង​ដាំ​កម្ទេច​ឈើ​គ្រញូង​ទទួលទាន ជា​ឱសថ​ផងដែរ​។​
​ស្ត្រី​វ័យ ៥៣ ឆ្នាំ​រូបនេះ​បាន​ប្រាប់​ពី​វិធី​ទទួលទាន​ទឹក​គ្រញូង​ថា​៖ «​ដំបូង​ខ្ញុំ​ដាក់​កម្ទេច​គ្រញូង​រាង​ច្រើន​បន្ដិច ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​រងាក់រងើក និង​ញ័រ​ដើមទ្រូង​។ ក្រោយមក ពេល​ខ្ញុំ​បន្ថយ​វា​នៅសល់តែ​បន្ដិច ខ្ញុំ​មាន​អារម្មណ៍​ស្រួលខ្លួន មិន​ធ្វើទុក្ខ និង​ជួយ​ទប់​ឲ្យ​ជាតិ​ស្ករ​និង​ជាតិ​ខ្លាញ់​ឡើង​ទៀតផង​»​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកលក់​ឱសថ​បុរាណ​នៅ​ម្ដុំ​ផ្សារ​អូរឫស្សី​ខ្លះ​ថ្លែង​ទាំង​ស្ទាក់ស្ទើរ ថា កម្ទេច​គ្រញូង​គ្មានទេ​នៅ​ហាង​របស់​ពួកគេ​។ ចំណែក​អ្នកលក់​ខ្លះ​អះអាងថា គ្រញូង​អាចជា​ឱសថ​មួយ​ប្រភេទ​ដែរ តែ​ពួកគេ​មិន​ហ៊ាន​ទិញ​យកមក​លក់​ទេ​។​
​ចំពោះ​ប្រសិទ្ធភាព​នៃ​ទឹក​ថ្នាំ​គ្រញូង​នេះ លោក​វេជ្ជបណ្ឌិត ប៊ុន ប៉ូល បម្រើការ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត និង​គ្លីនិក​ប្រសិទ្ធភាព បាន​ថ្លែងថា លោក​មិន​បានដឹង​ពី​ព័ត៌មាន​ដែលថា ឈើ​គ្រញូង​អាច​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​បាន​នោះទេ ព្រោះ​គ្មាន​ក្បួន​វេជ្ជសាស្ដ្រ​ណា​បញ្ជាក់​ពី​បញ្ហា​នេះ​។​

លោក​សម្ដែង​ជំហរ​ថា​៖ «​ទាល់តែ​មានការ​ឆ្លងកាត់​ការពិសោធ​ផ្នែក​វេជ្ជសាស្ដ្រ​ត្រឹមត្រូវ ទើប​យើង​ហ៊ាន​សន្និដ្ឋានថា ឱសថ​ណា​អាច​ប្រើ​បាន និង​ឱសថ​ណា​មិនអាច​ប្រើ​បាន​»​។​
​ទាក់ទង​នឹង​ការ​ផឹកទឹក​គ្រញូង​បញ្ចុះ​ជាតិ​ស្ករ​នេះ លោក​វេជ្ជបណ្ឌិត បាន​ពន្យល់ថា​៖ «​ងាយស្រួល​ទេ ឲ្យ​តែ​អ្នកជំងឺ​ពិសា​ទឹកបាន​ច្រើន សារធាតុ (​ស្ករ និង​ខ្លាច​) ប្រាកដជា​ចុះ​មិន​ខាន​»​។​
​លោក​ទទួលស្គាល់ថា ឱសថ​ជាច្រើន​សុទ្ធតែ​ផលិត​ពី​ឫស​ឈើ និង​រុក្ខជាតិ​ទាំងអស់ ដោយ​ខុសប្លែក​ត្រង់​ថា ឱសថ​ទាំងនោះ​ត្រូវបាន​ដកយក​សារធាតុពុល​ចេញ ហើយ​លោក​ក៏​មិន​ធានា​ដែរ​ថា ទឹក​ថ្នាំ​គ្រញូង​មាន ឬក៏​គ្មាន​ប្រសិទ្ធភាព​នោះឡើយ​៕ ប្រភព ៖ postkhmerUntitled-1Untitled-1