បាត់ដំបង៖នាព្រឹកថ្ងៃទី១៥ខែមករាឆ្នាំ២០១៦ លោក ច័ន្ច សុផល អភិបាលខេត្តបាត់ដំបង និងសហការី បានដឹកនាំធ្វើពលកម្មអនាម័យនៅក្នុងក្រុងបាត់ដំបង ចូលរូមដោយលោកនាយកនៃមជ្ឈមណ្ឌលគរុកោសល្សភូមិភាគ និងមជ្ឈមណ្ឌលគរុកោសល្សវិទ្យាល័យព្រះមុនីវង្ស វិទ្យាល័យសម្តេចឳ វិទ្យាល័យនេតយ៉ង់ ព្រមទាំងសិស្សានុសិស្ស និងកម្លាំងយុវជនកាយរិទ្ធ និងយុទ្ធជនកាកបាទក្រហមកម្ពុជា សរុបប្រមាណ១៩៥នាក់។
ក្រុមអ្នកចូលរួមទាំងអស់បានធ្វើពលកម្មសម្អាតបរិស្ថាន តាមដង
ផ្លូវសារធារណៈក្នុងក្រុងបាត់ដំបង ដូចជានៅតាមផ្លូវជាតិ១០ ចាប់ពីកែង
ភ្លើងស្តុបពេទ្យព២ រហូតដល់ផ្លូវបំបែកចូលមន្ទីរសារធារណការ និងដឹកជញ្ជួញខេត្ត និងពីផ្លូវបំបែកភ្លើងស្តុបពេទ្យព២ រហូតដល់ផ្សារលើ ខេត្តបាត់ដំបង។
នៅក្នុងឪកាសនោះលោក ច័ន្ចសុផល អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងអំណរគុណដល់លោកនាយកទាំងអស់ ដែលបានចំណាយពេលវេលាដឹកនាំសិស្សានុសិស្ស មកចូលរួមធ្វើពលកម្មសម្អាតតាមដងផ្លូវសាធារណៈដើម្បីកែលម្អបរិស្ថានក្នុងក្រុងបាត់ដំបង និងឲ្យមានសោភណ្ឌភាពល្អ ព្រមទាំងដើម្បីផ្សពផ្សាយ អោយប្រជាពលរដ្ឋមួយចំនួនឲ្យបានយល់ដឹងបន្ថែមទៀតពីអនាម័យ បរិស្ថាន និងសុខភាពបងប្អូនផងដែរ៕ដោយ៖ ប៉ែន សុផល