ដោយ៖រដ្ឋា
ភ្នំពេញ៖អគ្គនាយកដ្ឋានដឹកជញ្ជូន កាលពីថ្ងៃទី១១ ខែមករា កន្លងមកនេះ បានចេញសេចក្តីជូនដំណឹងប្រយោជន៍សម្រាប់ម្ចាស់យានយន្តគ្រប់ប្រភេទដែលត្រូវការឈៀករថយន្តនៅទូទាំងរាជធានី-ខេត្ត ថា ត្រូវទាក់ទងជាមួយមន្រី្តទទួលបន្ទុកនៅកន្លែងឈៀកជាមុន ដើម្បីកុំឲ្យខាតពេលវេលាដោយសារការរង់ចាំ និងស្ទះចរាចរណ៍។
សេចក្តីជូនដំណឹងដែលចុះហត្ថលេខាដោយលោកអគ្គនាយក ចាន់ តារា បានបញ្ជាក់ថាម្ចាស់ឡានគ្រប់ប្រភេទត្រូវទាក់ទងជាមុនទៅកាន់មន្ត្រីទទួលបន្ទុកនៅកន្លែងឈៀករថយន្ត ទាំង ៦ កន្លែង នៅភ្នំពេញ ខេត្តកំពង់ចាម នៅសៀមរាប នៅបាត់ដំបង និងនៅខេត្តព្រះសីហនុ។ ការធ្វើដូច្នេះ ដើម្បីធានាបញ្ចៀសបាននូវការកកស្ទះលំហូរចរាចរណ៍ ការខាតបង់ពេលវេលា និងថវិកា ដោយសារការរង់ចាំ និងបើកបររថយន្តតៗគ្នា ជាជួរចូលម៉ាស៊ីនត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬកន្លែងឈៀក។
សេចក្តីជូនដំណឹងដដែលនេះ ក៏បានបង្ហាញឈ្មោះ និងលេខទូរស័ព្ទមន្ត្រីទទួលបន្ទុកកន្លែងឈៀករថយន្តដើម្បីលុបបំបាត់ភាពមិនប្រក្រតីផ្សេងៗជាយថាហេតុ ដូចជាការយកលុយលើសចំនួនកំណត់ និងដើម្បីបញ្ចៀសការស្ទះចរាចរណ៍ ឬការខាតបង់ពេលវេលារង់ចាំដោយសាររថយន្តចូលឈៀកមានចំនួនច្រើន ។
ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានដឹកជញ្ជូន ដែលក្នុងនោះក៏មានបង្ហាញពីលេខទូរស័ព្ទរបស់មន្ត្រីទទួលបន្ទុកឈៀកផងដែរ៕