ដោយ៖ខេមរា
ភ្នំពេញ៖ជនដែលកែរូបថតភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងត្រូវសមត្ថកិច្ចកម្ពុជាសហការជាមួយប៉ូលីសអន្តរជាតិ( Interpol)តាមចាប់ខ្លួននៅបរទេសព្រោះជននោះមានសញ្ជាតិពីរ។នេះបើយោងតាមការបញ្ជាក់របស់លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានឲ្យដឹងនៅថ្ងៃនេះថា ជនដែលកែរូបជើងភរិយារបស់លោក ហ៊ុន សែន ជាបុគ្គលមានសញ្ជាតិពីរ និងជាសកម្មជនរបស់គណបក្សប្រឆាំងពេលនេះ សមត្ថកិច្ចកម្ពុជាកំពុងសហការជាមួយប៉ូលិសអន្តរជាតិ (Interpol) ដើម្បីធ្វើរឿងនេះ ។
គួររំឭកថា កាលពីថ្ងៃទី៣០ ខែធ្នូ បន្ទាប់ពីគេហទំព័រហេ្វសប៊ុក បានបង្ហោះរូបលំហែកម្សាន្តជុំគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើឆ្នេរខ្សាច់មាត់សមុទ្រ ខេត្តព្រះសីហនុ មានអ្នកប្រើប្រាស់ហ្វេសប៊ុក បានយកថតរូបភរិយារបស់លោកពីរូបឈរធម្មតា កែទៅជាឈរមិនសមរម្យ។
លោក ឆាយ សុផល នាយកប្រតិបត្តិនៃក្លឹបអ្នកកាសែត បានឲ្យដឹងថា លោកយល់ថា សមត្ថកិច្ចត្រូវចាត់ការទៅលើរឿងគ្រប់ករណី មិនរង់ចាំតែករណីភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ប៉ុន្តែទោះជាយ៉ាងណា លោកបានគាំទ្រចំពោះការចាត់វិធានការរបស់សមត្ថកិច្ចនៅពេលនេះ៕
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា និងជាភរិយាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (រូបថតះRFA)