ពលរដ្ឋ​ប្រមូលផ្តុំ​ទាមទារ​ប្រាក់​លក់​ដី​ស្រះ​ ដែល​ខណ្ឌ​ពោធិ​សែន​ជ័យ​សន្យា​ឲ្យ​មួយ​គ្រួសារ​១​ពាន់​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 January, 2016 ក+ ក-

ដោយ៖សួង សាម

ភ្នំពេញ​៖​ រួមមួយ​កន្លែង​កេរ​តាំង​ឆ្នាំ​១៩៧៩​មក ស្ថិតនៅ​ក្នុងភូមិ ប៉ប្រក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ត្រូវបាន​អាជ្ញាធរ​ប្រកាស​លក់​ដោយ​សន្យាថា នឹង ចែក​លុយ​អោយ​ប្រជាជន ប៉ុន្តែ​ជិត​១​ឆ្នាំ ហើយ មិនទាន់​ឃើញ​ស្រមោល​លុយ​ទេ​។​

ក្រុម​ប្រជាពលរដ្ឋ​បាន​ប្រាប់ មេគង្គ​ប៉ុស្តិ៍ ថា ពលរដ្ឋ​បាន​រិះគន់​អាជ្ញាធរ​ដែនដី​យ៉ាងខ្លាំង ដោយ​គ្មាន​ជំនឿ​បន្តិច​ណា​សោះ​ថា​នឹង​បាន​លុយ​ចំណែក ១ ពាន់​ដុល្លារ​ក្នុង​មួយ​គ្រួសារ ពី​ការលក់​ស្រះ​រួមមួយ​កន្លែង ដែលជា​កេរអាករ តាំងពី​ឆ្នាំ​១៩៧៩ មក​។​

ប្រជាពលរដ្ឋ​ដែលជា​អ្នកភូមិ ប៉​ប្រ៉​ក​ខាងត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ប្រមាណ​១០០​នាក់ តំណាងអោយ​ប្រជាពលរដ្ឋ​ចំនួន ២៥០ គ្រួសារ បានមក​ជួបជុំគ្នា​នៅ​តំបន់​ដី​ស្រះ​នោះ កាលពី​ព្រឹក​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ ដោយបាន​នាំគ្នា​សំដែង​ការមិនទុកចិត្ត​ចំពោះ​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ​ដែល ​បាន​សន្យាថា អោយ​លុយ​ពួកគាត់ ក្នុង​មួយ​គ្រួសារ ១ ពាន់​ដុល្លារ ព្រោះ រយៈពេល​ជិត​មួយឆ្នាំ​កន្លងមកហើយ នៅតែ​ឮថា​ឲ្យ​ចាំ​ថ្ងៃនេះ ចាំ​ថ្ងៃនោះ​មិនចេះចប់​។​

ក្រុម​ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា ដី​ស្រះ​នេះ លក់បាន​ចំនួន ជាង​៧០​ម៉ឺន ដុល្លារ ហើយ​គ្រោង​ធ្វើការ​បែងចែក​អោយ​ប្រជាជន​ចំនួន​២៥០​គ្រួសារ អស់​ចំនួន ២៥ ម៉ឺន​ដុ​លា្ល​រ​។​ទិញ​ស្នាក់ការ​ភូមិ ២​ល្វែង អស់​១០ ម៉ឺន​ដុលារ​។​នេះ​ជាការ​សន្យា​ជាក់ស្តែង តែ​ចំណែក​ថា​នឹង​ជួយ​ជួសជុល​ប្រព័ន្ធ​លូ និង​ឈូសឆាយ​ផ្លូវ​ក៏​មិនមាន​លក្ខណៈ​ប្រាកដប្រជា​នោះដែរ​។​

ពលរដ្ឋ​ដដែល​បន្តថា សរុបមក សាច់​លុយ​ចំណាយ​ជាក់ស្តែង អស់​តែ​៣៥ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ចំណែក​ប្រាក់​ដែល​នៅសល់​ពួកគាត់​មិន​ចង់ដឹង​ទេ​។​

លោក​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ នៅ​រសៀល​ថ្ងៃទី ១៨ ខែមករា នេះ មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ឆ្លើយតប​ចំពោះ​ការចោទប្រកាន់​ខាងលើនេះ​បានទេ​ ៕

 

 

tgfrebbtgfraaagtfreccfgtrdd