ដោយ៖រដ្ឋា , រាយការណ៍បន្ថែម៖អ វឹង
ខេត្តមណ្ឌលគីរី៖ យ៉ាងហោចណាស់ឈើរាប់សិបពាន់កំណាត់ដែលត្រូវបានក្រុមឈ្មួញដឹកយកទៅលាក់ទុកនៅក្នុងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុន ប៊ិញហ្វឿក១ ហើយត្រូវបានគេដុតកម្ទេចចោលដើម្បីបំបាត់ភ័ស្តុតាងក្រោយពីដឹងថានឹងមានការចុះត្រួតពិនិត្យនៅពេលខាងមុខនេះ។
បើតាមសាក្សីនៅកន្លៃងដែលគេដុតឈើនោះបានប្រាប់ឲ្យដឹងថា គំនរឈើរាប់សិបពាន់ម៉ែត្រគីបដែលលាក់ទុកជាច្រើនកន្លែងនោះ ត្រូវបានគេដុតចាប់តាំងពីល្ងាច ថ្ងៃទី១៩ខែ មករា មកម្ល៉េះនៅក្រោយពេលមានអ្នកកាសែតម្នាក់បានចូលទៅថតរូបភាពក្នុងទីនោះ។
ប្រភពបន្តថា ក្រុមហ៊ុន ប៊ិញហ្វឿក ១ ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌល គិរី ក្បែរព្រំប្រទល់ខេត្តក្រចេះ ក្រោយពីដឹងថាមានអ្នកកាសែតបានចូលថតយករូបភាពរួចចេញទៅក្រៅក្រុមហ៊ុនវិញ ភ្លាមៗនោះក៏មានគេដុតកម្ទេចគំនរឈើនោះតែម្ដង ។
លោក ជុយ សុឃាង នាយផ្នែករដ្ឋបាល ព្រៃឈើស្រុកកែវសីមា បានប្រាប់ មេគង្គប៉ុស្តិ៍ ថា ករណីដុតបំផ្លាញឈើនេះ “ខ្ញុំបានទៅដល់កន្លែងដែរ តែខ្ញុំមិនអាចទាក់ទងម្ចាស់បានទេ ហើយឈើនេះប្រហែលជារបស់ក្រុមហ៊ុននោះហើយមើលទៅ” ។លោកថា” ខ្ញុំនៅរង់ចាំគណ:កម្មការត្រួតពិនិត្យសិន ទើបខ្ញុំចាត់ការតាមហ្នឹងទៀត”។ ដោយឡែកលោក វង្ស សុខសេរី ជាមេខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានប្រាប់តាមទូរស័ព្ទយ៉ាងខ្លីថា” ពេលនេះជាប់រវល់ចូលរួមក្នុងអង្គសន្និបាតនៅសាលាខេត្ត”។
គួរបញ្ជាក់ថា ក្រោយពេលរាជរដ្ឋាភិបាលបានប្រើវិធានក្តៅបង្ក្រាប និងទប់ស្កាត់បទល្មើសព្រៃឈើ ការរត់ពន្ធឈើទៅប្រទេសវៀតណាមរួចមក ក្រុមឈ្មួញ និងឧកញ៉ាខ្លះត្រូវបានគេដឹងថា ជាមុខសញ្ញាដែលត្រូវត្រួតពិនិត្យដោយគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើដែលដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក សៅ សុខា ។
ដើម្បីចៀសផុតពីក្នុងស្ថានភាពបទល្មើសនេះ ពួកគេបាន ស៊ុមគ្រលុំគ្នាដឹកជម្លៀសឈើខុសច្បាប់យកទៅលាក់ទុកក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនដែលស្របច្បាប់ ហើយកាលរសៀលថ្ងៃទី ១៩ ខែមករា ម្សិលម៉ិញនេះ គំនរឈើខ្លះនៅក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចប៊ិញហ្វឿក ត្រូវគេដុតកម្ទេចចោលទំនងជាដើម្បីបំបាត់ភ័ស្តុតាង។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ឈើដែលឃើញដុតនោះគឺស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ប៊ិញហ្វឿក១ ស្ថិតក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាប់ព្រំប្រទល់ជាមួយខេត្តក្រចេះ៕