ដោយ៖ស៊ុន លី
ខេត្តកំពង់ធំ៖ក្រុមហ៊ុន អានមារឌីគ្រុប របស់ឧកញ៉ា អាន មារឌី គឺជាក្រុមហ៊ុនមួយដែលមានវាសនាទទួលបានដីសម្បទានសេដ្ឋកិច្ចសម្រាប់ដាំដំណាំកៅស៊ូ ។នេះបើតាមប្រភពពីមន្ត្រីកសិកម្មនៅខេត្តកំពង់ធំបង្ហើបឲ្យដឹង។
ក្រោយពីសុំបានបានដីរាប់ម៉ឺនហិកតា នៅក្នុងអាណាចក្រកំពង់ធំ ពីសំណាក់រាជរដ្ឋាភិបាល រួចមក ក្រុមហ៊ុនអានមារឌីគ្រុប បានដាំកៅស៊ូបំបាំងមុខបានប្រមាណតែ ជាង៥០០ហិកតាប៉ុណ្ណោះ។ ក្រៅពីនោះ ក្រុមហ៊ុនអានម៉ារ៉ាឌីគ្រុប បានធ្វើសកម្មភាពកាប់ និងប្រមូលទិញឈើមកធ្វើអាជីវកម្មរកស៊ីទាំងស្រុងទៅវិញ៊ ។នៅក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុននេះ គេបានប្រើរូបភាពវិនិយោគលើវិស័យកសិកម្មដោយមានរោងចក្រអារជ្រៀកឈើចំនួន ២កន្លែង។
ទីតាំងអារជ្រៀកឈើចំនួន ២កន្លែងនោះ ត្រូវគេដឹងថា ក្នុងមួយថ្ងៃៗមានរថយន្តយីឌុបមិនតិចពី១០គ្រឿងទេដែលបានចូលទៅដឹកឈើចេញទៅលក់។ សកម្មភាពរបស់ក្រុមហ៊ុននេះ ឈប់រវល់នឹងការដាំដុះកៅស៊ូទៀតហើយ បែរជាក្រុមហ៊ុន ចាប់អាជីពដឹកឈើពីព្រៃឡង់ យកមកអារជ្រៀកឈើក្រោមរូបភាពក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ។
សូមបញ្ជាក់ថា ទីតាំងក្រុមហ៊ុនអានមារឌី ស្ថិតនៅឃុំនិងស្រុក ណ្តាន់ ខេត្តកំពង់ធំ ។ សម្រាប់អ្នកសារព័ត៌មាន ត្រូវបានឃាត់រារាំងនិងហាមមិនឲ្យចូលទេ តែបើករណីចូលទៅថតរូបបានហើយនោះ គឺមានសមត្ថកិច្ចជិះម៉ូតូតាមដកយកកាមេរ៉ាក៏មានដែរ ដូច្នេះហើយទើបបានជាគេហៅតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់លោក អាន មារឌី គឺជាតំបន់អប្បគមន៍អានមារឌី។
នេះជាសារបញ្ជូនព័តិមានសម្រាប់ក្រុមចំរុះបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិឲ្យបានជ្រាបព្រោះបទល្មើសព្រៃឈើមិនមែនមានតែនៅតំបន់ជាប់ព្រំដែនវៀតណាមនោះទេ នៅខេត្តកំពង់ធំក៏មានបទល្មើសព្រៃឈើសម្បើមណាស់ដែរ ៕