​ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​ជាង​៥០០​គ្រួសារ​មក​ដាក់​ញត្តិ​អោយ​អាជ្ញាធរ​ជួយ​រក​ដំណោះស្រាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 January, 2016 ក+ ក-

ដោយ៖ អ៊ួង វឹង​ ​

ខេត្តកោះកុង​៖ ដូច​ការគ្រោងទុក​ក្រុម​ប្រជាពលរដ្ឋ ដែលមាន​ជម្លោះដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ ចំនួន​ជាង ៥០០​គ្រួសារ មកពី​ឃុំ​ចំនួន​៤ នៅ​ស្រុក​ស្រែអំបិល បាន​ដង្ហែ​ក្បួន​មក​ដាក់​ញត្តិ​នៅ​សាលាឃុំ​ជីខ​លើ ឃុំ​ជីខ​ក្រោម ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល និង​ឃុំ​កណ្តោល ស្រុប​ទុម​សាគរ ខេត្តកោះកុង នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦​នេះ ។​

​ញត្តិ​របស់​ប្រជាពលរដ្ឋ​ធ្វើឡើង​ក្នុង​គោលបំណង​ស្នើ​ឲ្យ លោក ឆាយ វុ​ធ មេឃុំ​ជីខ​លើ និង​លោក​ម៉េង យុយ មេឃំ​ុ​ដង​ពែង ធ្វើយ៉ាងណា​ជម្រុញ ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​កាត់​ដី ចំនួន ៧៥៤.៦ ហិកតា ប្រគល់​មក​ឲ្យ​ប្រជាពលរដ្ឋ ១៧៣​គ្រួសារ​វិញ ដើម្បី​យកមក​ធ្វើជា​កម្មសិទ្ធិ​ក្នុងការ​ប្រើប្រាស់ និង​អាស្រ័យ​ផលដំណាំ​ដូចដើម​វិញ​។​

នៅក្នុង​ញត្តិ​នោះបាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ទាំងនោះ​ចង់បាន​ដីស្រែ​ចំការ ដែល​ក្រុមហ៊ុន​ចំនួន​ពីរ (​កោះកុង ស៊ូ​ហ្គឺ​រ និង​ក្រុមហ៊ុន ផ្លេ​ន​ថេ​សិន industry Company limited) បាន​ឈូសឆាយ​រំលោភ​ត្រឡប់មកវិញ និង​ស្នើ​ឲ្យ​ក្រុមហ៊ុន ផ្តល់ប្រាក់​សំណង​នៃ​ការខូចខាត​ដំណាំ ដែល​បាន​បាត់បង់​ឲ្យ​បាន​សមរម្យ និង​យុត្តិធម៌​។​

​លោក ឆាយ វុ​ធ មេឃុំ​ជីខ​លើ បាន​ប្រាប់​អង្គភាព​សារព័ត៌មាន​ថា នៅ​រសៀល​នេះ​ឲ្យ​ដឹងថា ករណី​ទំនាស់​ដីធ្លី របស់​ប្រជាពលរដ្ឋ​ខាងលើនេះ គឺ​ហួស​ពី​ដែន​សមត្ថកិច្ច​របស់គាត់​។ លោក​បញ្ជាក់ថា តែ​យ៉ាងណាក៏ដោយ លោក​នឹង​ជួយ​អន្តរាគមន៍ ដោយ​នាំយក​ញត្តិ​នោះ ប្រគល់​ទៅកាន់​ថ្នាក់លើ​ជា​អ្នក​ជួយ​អន្តរាគមន៍​បន្ត​។

​គួរ​បញ្ជាក់ថា កន្លងមក​ប្រជាពលរដ្ឋ​ទាំងអស់នោះ បាន​ដាំ​ដុះ​លើដី​របស់​ពួកគាត់ ដោយ​ប្រក​បរបរ ដាំ​ស្រូវ ពោត​ចេក ដំបូង កៅស៊ូ ស្វាយ​ជាដើម លុះ​មកដល់​ឆ្នាំ​២០០៦ ទើប​ក្រុមហ៊ុន​ទាំងពីរ​បាន​នាំយក​គ្រឿងចក្រ ចូលមក​ឈូសឆាយ​បំផ្លាញ​ផលដំណាំ​របស់​ពួកគាត់ និង​ចាប់យក​គោក្របី​ជំរិត​ទារប្រាក់​ពី​ពួកគាត់​ផងដែរ ។ ក្រុម​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ ករណី​ទំនាស់​ដីធ្លី​នេះ​នៅ​មិនទាន់មាន ដំណោះស្រាយ​នៅឡើយ​ទេ​៕​11dxs

22deswq