ដោយ៖ អ.វ
ខេត្តកោះកុង៖ការនាំចូលម៉ូតូ និងទំនិញគ្រប់ប្រភេទតាមច្រកទ្វារប៉ាក់ខ្លង ខេត្តកោះកុង ត្រូវគេមើលឃើញថា ភាគច្រើនជាទំនិញគេចពន្ធក្រោមការឃុបឃិតគ្នាជាមួយមន្ត្រីជំនាញគយ និងរដ្ឋាករប្រចាំច្រកទ្វារ។
ច្រកទ្វារព្រំដែនកម្ពុជា ថៃ ប៉ាក់ខ្លង ត្រូវបានប្រជាពលរដ្ឋ និងមន្ត្រីរាជការមួយចំនួនក្នុងភូមិ២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា រិះគន់ថា មេគយបានបើកដៃឲ្យគេប្រព្រឹត្តិបទល្មើសក្នុងការនាំចូលទំនិញគេចពន្ធយ៉ាងគគ្រឹកគគ្រេងរួមមាន ម៉ូតូជាច្រើនប្រភេទ និងទំនិញគ្រប់មុខគ្រប់ម៉ាកដោយខុសច្បាប់ចូលមកកម្ពុជាយ៉ាងអនាធិបតេយ្យ។
ការចោទប្រកាន់នេះ កើតឡើងដោយសារជារៀងរាល់ថ្ងៃគេឃើញក្រុមឈ្មួញបញ្ជាឲ្យកម្មករដឹកជញ្ជូនទំនិញគ្រប់មុខ និងម៉ូតូជាច្រើនគ្រឿងចូលដោយគ្មានការត្រួតពិនិត្យដិតដល់នោះទេ ព្រោះសមត្ថកិច្ចគយចល័ត និងគយច្រកទ្វារពាក់ព័ន្ធដទៃទៀតគិតគូរតែរឿងផលប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ។
លោក ប្រាក់ ជីវ័ន្ន ប្រធានច្រក និងគយចល័ត និងជាប្រធានសាខាគយខេត្តកោះកុង ត្រូវបានគេមើលឃើញថា ឃុបឃិតបើកដៃឱយឈ្មួញនាំទំនិញគេចពន្ធចូលតាមច្រកប៉ាក់ខ្លងយកមកទុកក្នុងការិយាល័យរបស់ខ្លួន រង់ចាំ
ពេលយប់ទើបដឹកចេញយកទៅចែកចាយឲ្យម៉ួយតាមបណ្ដាលគផលដៅនានា ។
ប្រភពពីប្រជាពលរដ្ឋនិងមន្ត្រីមួយចំនួនដែលមិនពេញចិត្តបានបង្ហើបថា
មេគយច្រកប៉ាក់ខ្លង គយចល័ត និងប្រធានគយសាខាខេត្តកោះកុង ទើបមានការបើកដៃអោយឈ្មួញនាំទំនិញចូលយ៉ាងច្រើនក្នុងរយះពេលប៉ុន្មានខែនេះទេគឺក្នុងកំឡុងដែលលោក សំ កុសល់ បានចូលមកកាន់តំណែងនាពេលថ្មីៗនេះ។
គួរជម្រាបថា ភ្នាក់ងារព័ត៌មាន មេគង្គប៉ុស្តិ៍ បានចុះទៅពិនិត្យ និងបានថតរូបភាពជាក់ស្ដែងពីទំនិញដែលគេស្តុកលាក់ទុកនៅក្នុងការិយាល័យគយប៉ាក់ខ្លងនោះមែន ប៉ុន្តែត្រូវបានគំរាមដោយមន្ត្រីគយនៅទីនោះរួមនឹងការបញ្ជាឲ្យអ្នកកាសែតលុបរូបភាពចេញវិញទៀតផង។
លោក ប្រាក់ ជីវ័ន្ន បញ្ជាក់ប្រាប់ មេគង្គប៉ុស្តិ៍ តាមទូរស័ព្ទថា លោកនៅភ្នំពេញ ហើយរុញឲ្យទាក់ទងទៅគយចល័តវិញ ប៉ុន្តែគយចល័តមិនអាចទាក់ទងបាន ចំណែកទូរស័ព្ទរបស់ប្រធានសាខាគយខេត្តជាប់រវល់រហូត៕