ដោយ អ.វ.
ខេត្តកំពត ៖ ការដ្ឋានបាញ់ថ្មភ្នំ និងកិនថ្មមួយកន្លែងស្ថិតនៅក្នុងភូមិច្រកឃ្លៃ ឃុំទូកមាស ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ត្រូវបានក្រសួង រ៉ែនិងថាមពល បញ្ឈប់ដំណើរការមួយរយៈសិន ដោយសារតែក្រុមបាញ់ថ្ម ធ្វើអោយថ្មធ្លាក់មកប៉ះពាល់ ដំណាំរបស់ប្រជពលរដ្ឋហើយម្ចាស់ក្រុមហ៊ុន មិនទទួលខុសត្រូវចេញប្រាក់សំណង។
ប្រជាពលរដ្ឋនៅទីនោះ បានអោយដឹងថា ក្រុមហ៊ុនបាញ់ថ្មនោះមានឈ្មោះ KTPP ដែលមានភាគហ៊ុន ពី៣ ទៅ៤នាក់ គ្រប់គ្រង់ដោយឈ្មោះ គាត ចាន់ដារ័ត្ន ។
ប្រជាពលរដ្ឋបាននាំគ្នាលើកឡើងថា បើខាងក្រសួងបញ្ឈប់ក្រុមហ៊ុននេះ កុំអោយធ្វើសកម្មភាពទៀតនោះ កាន់តែប្រសើរ ដោយសារក្រុមហ៊ុននេះចេះតែបង្កភាពស្មុគស្មាញ ទៅដល់អាជ្ញាធរនិងជំនាញជាពិសេសប្រជពលរដ្ឋដែលរស់នៅក្បែរជើងភ្នំ តែម្តង។
មន្ត្រីរ៉ែនិងថាមពលម្នាក់បានអោយដឹងថា ការដ្ឋានបាញ់ថ្មនៅភូមិច្រក ឃ្លៃ ឃុំទូកមាសខាងលិច ត្រូវបានខាងក្រសួងផ្អាកសកម្មភាពមួយរយៈសិនដោយសារតែក្រុមហ៊ុនបាញ់ថ្មនេះ ធ្វើអោយដំថ្មធ្លាក់ចូលមកក្នុងចំការរបស់ប្រជាពលរដ្ឋ និងធ្វើអោយដំណាំខូចខាតយ៉ាងច្រើន ប៉ុន្តែក្រុមហ៊ុនមិនចេញមុខទទួលខុសត្រូវលើ ទង្វើរបស់ខ្លួនទេ ពេលនេះខាងក្រសួងអោយបញ្ឈប់លែងឲ្យធ្វើអាជីវកម្ម ត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងខ្លាំង៕