ដោយ៖ អ. វ
ព្រះសីហនុ៖ប្រជាពលរដ្ឋរស់នៅភូមិ១ សង្កាត់លេខ១ បានអោយដឹងថា រោងចក្រញូវស្តារ បានបង្ហូរកាកសំណល់ ប្រេងម៉ាស៊ីន និងទឹកស្អុយដែលតភ្ជាប់ទៅតំបន់រោងចក្រដំរី ចុះទៅតំបន់ទេសចរណ៍ ព្រែកត្រែង នៅជិតរោងចក្រប្រេងកាត ធ្វើអោយភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនហ៊ានចុះលេងទឹកឆ្នេរនោះទេ។
ប្រជាពលរដ្ឋនៅទីនោះបានអោយដឹងទៀតថា ទឹកកខ្វក់ដែលរោងចក្រ ញូវស្តារ បង្ហូរចូលមកនេះ វាមានក្លិនស្អុយ ដែលជាកាកសំណល់គ្រប់ប្រភេទក្នុងរោងចក្របានបង្ហូរចេញតាមប្រព័ន្ធលូពីរោងចក្រធ្លាក់មកដល់តំបន់ឆ្នេរសមុទ្រទេសចរណ៍ព្រែកត្រែង។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានអោយដឹងថា លោកនឹងអោយម្ចាស់សណ្ឋាគារ និងរោងចក្រ រៀបចំដាក់លូការពារទឹកអាក្រក់ហូរចូលសមុទ្រ ។លោកបានបញ្ជាក់ទៀតថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ខាងក្រសួងបានមកធ្វើពិធីសន្និបាតនៅខេត្តនេះ។ ចំណែកប្រធានមន្ទីរបរិស្ថានលោក សាមុត សុធារិទ្ធ បានអោយដឹងថាលោកក៏បានហៅម្ចាស់រោងចក្រណនិងសណ្ឋាគារមកធ្វើការអប់រំជាច្រើនសារមកហើយ។
គួររំលឹកដែលថា ក្រុងព្រះសីហនុជាខេត្តមួយសំបូរភ្ញៀវទេសចរមកកំសាន្ត តែពេលនេះធ្វើអោយភ្ញៀវទេសចរមួយចំនួនរិះគន់យ៉ាងខ្លាំងថា ជាខេត្តកខ្វក់ទៅវិញ។ ដោយសារតែម្ចាស់សណ្ឋាគារ និងម្ចាស់រោងចក្រ ក្រុមហ៊ុន មួយចំនួនបានបង្ហូរទឹកស្អុយចូលទឹកសមុទ្រ បណ្តាលអោយទឹកមានក្លិនស្អុយ ។
លោកប្រធានមន្ទីរទេសចរណ៍បានអោយដឹងថា លោកធ្លាប់រាយការណ៍ទៅខេត្តជាច្រើនដងមកហើយចំពោះបញ្ហានេះ ហើយខ្ញុំក៏មានភាពសោកស្តាយដែរ ដែលខាងក្រុមហ៊ុនរោងចក្រ និងម្ចាស់សណ្ឋាគារ បានបង្ហូរទឹកស្អុយចូលមកទឹកសមុទ្របែបនេះ៕