នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួម​ហាត់ ប្រាណ​ជាមួយ​ពលរដ្ឋ​នៅមុខ​វាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 January, 2016 ក+ ក-

546ដោ​យ៖ខេមរា​

​ភ្នំ​ពេ​ញ៖តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ម៉ោងជាង​៦​ល្ងាច ថ្ងៃអាទិត្យ ទី ៣១ មករា នេះ បាន​បង្ហោះ​រូបភាព​របស់លោក​ក្នុងចំណោម​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ហាត់ប្រាណ ខណៈ​លោក​បាន​ចុះ​ពិនិត្យ​សួនច្បារ​សាធារណៈ​នៅ​មាត់ទន្លេ និង​មុខ​ព្រះបរមរាជវាំង ។​

សំណេរ​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក​នាយករដ្ឋមន្ត្រី​បាន​លើកឡើងថា​៖ “​នៅ​ម៉ោង​នេះ ខ្ញុំ​កំពុង​ចូលរួម​ហាត់​កីឡា​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នៅមុខ​ព្រះបរមរាជវាំង​មាត់ទន្លេ​។ ខ្ញុំ​បាន​បំពេញ​បំណង​របស់ខ្លួន​ខ្ញុំ​ដែល​ចង់​ចូលរួម​ហាត់ប្រាណ​ជាមួយ​ប្រជាពលរដ្ឋ​យូរ​មកហើយ​និង​បាន​បំពេញ​សំណូមពរ​ពលរដ្ឋ​ដែល​បាន​សុំ​ខ្ញុំ​អោយចូល​រួម​ហាត់​កីឡា​ជាមួយ​ប្រជាពលរដ្ឋ​”​។ លោក​បន្ថែមថា​៖ “​ពិតជា​សប្បាយ​ដោយ​ប្រទេស​មាន​សន្តិភាព សូម​ចូលរួម​ជាមួយ​ខ្ញុំ​ការពារ​សន្តិភាព ទើប​មានឱកាស​ហាត់ប្រាណ​តទៅ​ទៀត​”​។​

​គេ​នៅ​ចាំបាន​ថា កាលពី​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៦ លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​អាកាស​តិច​ណូ​ថា​៖ “​ហ៊ុន សែន បើ​មិន​លេង​គឺ​មិន​លេង​ទេ បើ​បានតែ​ជ្រុល​លេង គឺថា​មាន​អ្ហែង​ម​ទាំងពី​កប៉ាល់​ហោះ​ថត​ពីលើ​។ …​អាហ្នឹង​ឲ្យ​ដឹងថា​ម៉េច​ទៅ​ហ៊ុន សែន ហ្នឹង​។ មិន​លេង អញ​មិន​ខ្ចី​លេង​”​។ លោក​បញ្ជាក់​បន្ថែមថា​ “​បច្ចេកវិទ្យា​ទៅដល់​ណា យើង​ទៅដល់​ហ្នឹង​។ អាហ្នឹង​និយាយ​តាម​មួយបែប​អញ្ចឹង​ហ្មង​។ កុំ​ឲ្យ​អ្នកខ្លះ​ឆ្លៀត​ប្រើ ធ្វើ​អត្ថាធិប្បាយ តាំងពី​យក​អា​ទិន្នន័យ​ហ្វេ​ស​ប៊ុ​ក​យកមក​ធ្វើ​អត្ថាធិប្បាយ ឥឡូវ​សូម​លេង​ម្តង​ហើយ​។ ចាំ​ដល់ពេល​ដំណាក់កាល​មួយ សូម​ឲ្យ​ពួក​អ្នកធ្វើ​វិភាគ ចេញមក​វិភាគ​ឡើងវិញ ដើម្បី​ថា​តើ​វា​យ៉ាងម៉េច​អា​រឿង​ហ្វេ​ស​ប៊ុ​ក​ហ្នឹង​”​។​

សូម​រំឭកថា ថ្មីៗ​នេះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​មកលេង​តាម​សួនច្បារ​នៅមុខ​ផ្ទះ​របស់លោក​និង​បាន​ថតរូប​ជាមួយ​អ្នកធាក់ស៊ីក្លូ និង​បានផ្តល់​ប្រាក់ឧបត្ថម្ភ​ដល់​អ្នកធាក់ស៊ីក្លូ​ម្នាក់ៗ​ចំនួន​៤០​ម៉ឺន​រៀល​ទៀតផង​។​

​ការផ្លាស់ប្តូរ​របស់​នា​យក​រដ្ឋមន្ត្រី​ដែល​ធ្លាប់តែ​បង្ហាញ​ពី​ភាពម៉ត់ចត់​តាម​កញ្ចក់​ទូរទស្សន៍​ មកជា​ភាពសាមញ្ញ​ក្នុង​ស្រទាប់​ប្រជាពលរដ្ឋ​នាពេលនេះ នាំ​ឲ្យ​មានការ​វិភាគ​ថា ទីមួយ​គឺ​បង្ហាញ​ពី​ភាព​ស្និ​ទ្ធិ​ស្នាល​ដ៏សាមញ្ញ​របស់លោក​ជាមួយ​ប្រជាពលរដ្ឋ ទី​ពីរ​បង្ហាញ​ពី​សន្តិសុខ​និង​សន្តិភាព​ក្នុងប្រទេស​ ដែល​គេ​គិតថា​ ទំនងជាមាន​ប្រសិទ្ធ​ភាពខ្លាំង​សម្រាប់​ទទួល​ប្រជាប្រិយភាព ៕

hun sen11hun se13

897132154រូបពីហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន