តារាៗ​ចេញលក់”​ស្ករ​គ្រាប់សិល្បៈ​”តាម​ហាង​ផឹកស៊ី​យកលុយ​ជួយ​សិល្ប​ករ ចាស់ៗ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 February, 2016 ក+ ក-

 

2451ដោយ ៖​ រតនា​

ភ្នំពេញ​៖ តារា​សម្តែង តារា​កំប្លែង ពិធីករ​ជិត​១០​នាក់​បានចេញ​លក់​ស្ករ​គ្រាប់​នៅតាម​ហាង​ផឹកស៊ី​មួយចំនួន​នៅ​ភ្នំពេញ​ដើម្បី​ស្វែងរក​ថវិកា​ខ្លះ​ជួយឧបត្ថម្ភ​ដល់​សិល្បករ​ដែលមាន​បញ្ហា​ខ្វះខាត​ជីវភាព និង​មាន​ជំងឺ​ប្រចាំកាយ ។

​សិល្បករ​រួមមាន លោក​ឧកញ៉ា ទុំ សា​រ៉ុ​ត ហៅ​នាយ​ឃ្លោក អ្នកនាង ស៊ុន ណា​រី​ម៉ូ​នី​កា លោក ម៉ា​ដូ​ណា លោក អ៊ឹម ជីវ៉ា និង​វី​ជេ អា​ឡា​ស្កូ បានចាប់ផ្តើម​ចេញលក់​ជា​លើកដំបូង​កាលពី​រាត្រី​ថ្ងៃទី​៣ ខែកុម្ភៈ​នេះ ហើយ​ពួកគេ​នឹង​បន្តការងារ​សប្បុរសធម៌​នេះ​ចាប់ពី​ថ្ងៃទី​០៥ ខែកុម្ភៈ បន្តទៀត​។

​តាម​ការគ្រោងទុក ថវិកា​ទាំងអស់​ដែល​បានមកពី​ការដើរ​លក់​ស្ករ​គ្រាប់ ឬ​ពី​សប្បុរសជន​នានា​នឹង​ប្រគល់ជូន​សិល្បករ​មាន​វ័យ​ចំណាស់ ជរាពាធ ឬ​មាន​បញ្ហា​ជីវភាព ដែល​នឹង​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​”​ទិវា​នៃ​ក្តី​ស្រលាញ់​១៤​កុម្ភៈ​”​ខាងមុខនេះ​។​

​បើទោះបីជា​ថវិកា​ដែល​ទទួលបាន​ពី​សប្បុរសជន​មាន​ចំនួន​តិចតួច​យ៉ាងណាក្តី ប៉ុន្តែ​វា​កើតឡើង​ពី​ក្តី​ស្រលាញ់​របស់​សប្បុរសជន និង​សិ​ល្បិ​ករ​ដូចគ្នា​ដែល​ឆ្លៀត​ឱកាស​ពី​ការងារ​សិល្បៈ ដើម្បី​ស្វែងរក​ថវិកា​ជួយ​ពួកគាត់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​អ៊ឹម ជីវ៉ា​។

​ពិធីករ​លោក អ៊ឹម ជីវ៉ា បាន​បញ្ជាក់ថា លោក និង​សិល្បករ​មួយចំនួន​បាន​ដើរ​លក់​ស្ករ​គ្រាប់ តាម​ហាង​នៅក្នុង​រាជធានី​ភ្នំពេញ ស្ថិតក្រោម​ប្រធានបទ​” ស្ករ​គ្រាប់​សិល្ប​:” ដើម្បី​យក​ថវិកា​ដែល​បាន​ពី​ការលក់​ស្ករ​គ្រាប់​នោះ មកជួយ​សិល្ប​ករចាស់ៗ ដែល​កំពុងមាន​ជំងឺ​បាត់បង់​សមត្ថភាព ក្នុងកា​សម្តែង ជីវភាព​ក្រីក្រ​ខ្វះខាត​។ ពិធីករ​រូបនេះ​បញ្ជាក់ថា ការដើរ​លក់​នេះ​មិនមែន​ត្រឹមតែ​ជាការ​លក់​រកលុយ​តែមួយ​មុខ​ទេ តែ​បង្ហាញ​ពី​ក្តី​ស្រលាញ់​ចំពោះ​អ្នក​រួម​អាជីព​ដូចគ្នា ហើយក៏​ជា​ឱកាស​ឆ្លៀត​ផ្សព្វផ្សាយ​ពី​ការលើកស្ទួយ​វិស័យ​សិល្បៈ​ទៅដល់​មហាជន​ផងដែរ​។​

​លោក​បញ្ជាក់ថា ដោយ​មើលឃើញ​ពី​ភាពលំបាក របស់​សិល្ប​ករចាស់ៗ​មួយចំនួន កំពុង​ត្រូវការ​ថវិកា ជា​ចាំបាច់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ លោក​រួម​និង​សិល្បករ​មួយចំនួន​សម្រេចចិត្ត​ចំណាយពេល​ខ្លះ​ពី​ការងារ​សិល្បៈ​ដើម្បី​ដើរ​លក់​ស្ករ​គ្រាប់​តាម​ហាង ដើម្បី​ប្រមូល​ថវិកា​ដែល​បានមក​ទាំងអស់ យកទៅជួយ​ដល់​ពួកគាត់ ដែល​ជួប​ការលំបាក នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ ។ លោក​បញ្ជាក់ដែរថា​ការដើ​រលក់​ស្ករ​គ្រាប់​មានតែ​៥​ថ្ងៃ​តែប៉ុណ្ណោះ គឺ​ស្ករ​មួយ​ដើម​តម្លៃ​១​ដុល្លារ ហើយ​សម្រាប់​ថ្ងៃ​ដំបូង​គឺ​សិល្បករ​អាច​រកបាន​ប្រាក់​ចំនួន​៥០​ដុល្លារ​អាមេរិក​។

​លោក​បញ្ជាក់ថា ដោយសារ​ជា​ថ្ងៃ​ដែល​សិល្បករ​មមាញឹក​ទើប​មិនបាន​ចូល​លក់​ច្រើន​ហាង ប៉ុន្តែ​សិល្បករ​មួយ​ចំនួន​ទៀត​ក៏​ស្ម័គ្រចិត្ត​លក់​បន្ត​នៅ​ថ្ងៃទី​៥​មករា​ទៀត​នៅតាម​ហាង​មួយចំនួន​ដែល​លោក​និង​សិល្បករ​រំពឹងថា ​នឹង​ទទួលបាន​ថវិកា​មួយចំនួន​ជួយ​ដល់​សិល្បករដែល​មាន​បញ្ហា​។

​លោក​បញ្ជាក់ថា នឹងមាន​សិល្បករ​ផ្សេងទៀត​ចូលរួម​មានដូចជា​អ្នកនាង ចាន់​តារា​ទី កញ្ញា ឌួង ម៉ា​និ​ច​ជាដើម​ក៏​នឹងចូលរួម​ក្នុង​ថ្ងៃ​បន្ទាប់​ទៀតផងដែរ​៕

2387546

 

 

1476814568716792