ចុះ​ឆែក​រោង​សន្និធិ​របស់​ឧកញ៉ា វ័​ន្ត ប៊ុន​ថៃ ឃើញ​ឈើ​ច្រើន​ចាក់សោរ​ទុក​វិញ​ដោយ​មិន​រាប់​ចំនួន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 February, 2016 ក+ ក-

ដោយ៖សហការី

ត្បូងឃ្មុំ ៖ នេះ​ជា​លើក​ទី​២​ហើយ​ដែល​សមត្ថកិច្ច​ចំរុះ​ចុះ​ត្រួតពិនិត្យ​ទីតាំង​សង្ស័យ​ស្តុក​ឈើ​របស់​ឧកញ៉ា វ័​ន្ត ប៊ុន​ថៃ ស្រុក​អូ​រាំង​ឪ បាន​ផ្អាក​ការឆែកឆេរ​និង​លើក​ពេល​ទៅ​ថ្ងៃក្រោយ​ដោយ​គ្មាន​វាស់វែង​រាប់​ចំនួន​បញ្ចូល​ក្នុង​កំណត់​ហេតុនៃការត្រួតពិនិត្យ នោះឡើយ​។​

​រោង​សន្និធិ​របស់លោក ឧកញ៉ា វ័​ន្ត ប៊ុន​ថៃ មួយកន្លែង​ស្ថិតនៅ​ភូមិ​សុ​ក្រំ​ជ្រុំ ឃុំ​គង​ជ័យ ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​កំលាំង​សមត្ថកិច្ច ចំរុះ​ដឹកនាំ​ដោយ​លោក ហៀ​ង សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​ត្បូងឃ្មុំ ចុះ​ធ្វើការ​ត្រួតពិនិត្យ​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៦ តែ​មិនទាន់បាន​ធ្វើការ​វាស់វែង​ជា​ផ្លូវការ​នៅឡើយ​។

​លោក ហៀ​ង សុភ័ក្ត្រ បានអោយដឹងថា ពេល​បើក​សោរ រោង​សន្និធិ​របស់លោក​ឧកញ៉ា វ័ន ប៊ុន​ថៃ ដែល​ស្ថិតនៅ​ចំណុច​ខាងលើនេះ បាន​ពិនិត្យឃើញថា ក្នុង​រោង​មាន​ស្តុក​ឈើ​មួយចំនួន​តែ​លោក​បានសំរេច​ឲ្យ​ផ្អាក​ការត្រួតពិនិត្យ ពុំមាន​ការវាស់វែង​ឈើ​ទាំងនេះ​ទេ ដោយ​ទុកពេល​ពិភាក្សា​ខាង​បច្ចេកទេស​គណៈកម្មការ​ថ្នាក់​ខេត្ត​សិន​។

​លោក​ព្រះរាជអាជ្ញា​បាន​បញ្ជាក់ថា លោក​បានដាក់​កំលាំងចំរុះ​យាម​ការពារ​រោង​សន្និធិ ដើម្បី​កុំអោយ​មានការ​ចល័ត​ឈើ​ចេញ និង​រក្សា​ភាព​ដើម ដើម្បី​ទុក​ចាត់ការ​តាម​នីតិវិធី​។​

​លោក​ព្រះរាជអាជ្ញា​បាន​បញ្ជាក់ថា លោក​បានប្រគល់​សោរ​ឃាំ្ល​ង​រោង​សន្និធិ ជូន​លោក សួស ដាវី នាយផ្នែក​រដ្ឋបាល​ព្រៃឈើ ត្រើយ​ឆ្វេង​ដើម្បី​រក្សាទុក ហើយ​បិទ​រោង​សន្និធិ​ខាងលើនេះ​ជា​បណ្តោះអាសន្ន រហូត​មាន​សេចក្តីសំរេច​ជាថ្មី​។

​ការរកឃើញ​ឈើ​ខាង​ហើយ បែរ​ផ្អាក​មិន​ធ្វើការ​វាស់វែង​ភ្លាមៗ​ដើម្បី​បញ្ជាក់​ពី​បរិមាណ បែបនេះ​ត្រូវបាន​មហាជន​មានការ​ងឿ​យ​ឆ្ងល់​ថា ហេតុអ្វី​មិន​ចំណាត់ការ​វាស់វែង​ភ្លាមៗ រកមើល​ឈើ​ស្របច្បាប់ និង​ឈើ​មិន​ស្របច្បាប់​មាន​ប៉ុន្មាន​ទៅ ហេតុ​អី​ក៏​ចាំបាច់​ពន្យារពេល​? ឬ​ទុកអោយ​ម្ចាស់​ឈើ​ដ៏​មាន​ឥ​ទិ្ធ​ពល​ជម្លៀស​ឈើ​ចេញ ។​ប្រតិបត្តិ​ការដែល​នាំ​ឲ្យ​មាន​ភាពស្រពេចស្រពិល​បែបនេះ នាំ​ឲ្យ​មានការ​ចោទថា ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ទើប​នាំគ្នា​ផ្អាក​ដើម្បី​ទុកពេល​រត់ការ​ធ្វើ​ឲ្យ​ក្លាយជា​ឈើ​ស្របច្បាប់​ទាំងអស់​។​

​គួររំឭកថា កន្លងមក​ថ្មីៗ​នេះ ឃាំ្ល​ង​ស្តុក​ឈើ​របស់លោក ឧកញ៉ា វ័ន ប៊ុន​ថៃ ស្ថិតនៅ​ខាងកើត​ឃ្លាំង​នេះ ប្រហែល​២០០​ម៉ែត្រ ក៏​ត្រូវបាន​ពន្យារពេល​ត្រួតពិនិត្យ​ដូចគ្នានេះដែរ ហើយក្រុមអ្នកកាសែតត្រូវបានហាមឃាត់មិនឲ្យក្នុងទីតាំងនោះទេ ។ក្រោយមក​មេការ​របស់​លោក​ឧកញ៉ា វ័ន ប៊ុន​ថៃ ឈ្មោះ ធី បាន​ប្រើល្បិច​កប់​ឈើ​ក្នុង​ដី ហើយ​ពេល​ស្ងាត់​ក៏​យក​អេ​ស្តា​កាយ​ឈើ រួច​ដឹក​យកទៅ​លាក់ទុក​នៅ​ម្តុំ​ដេប៉ូ​នៅ​ស្រុក​កោះសូទិន​។​

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដែល​ធ្លាប់​ដឹង​ល្បិច​បែបនេះ បា​ន​អំពាវនាវ​ដល់​ល​លោក ឆេង គឺ​ម​សុន មេត្តា​ត្រួតពិនិត្យ​កូនចៅ​ផង ព្រោះ​គេ​អាច​នឹងធ្វើ​របាយការណ៍​ភូត​បោកប្រាស់​ថ្នាក់លើ​ ៕992456