ការគ្រប់គ្រង​ច្រកទ្វារ​« ដាក់​ដាំ​» របស់ លោក​ស័​ក្ត​៣ យូ សុធា កើតមាន​អំពើពុករលួយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 August, 2014 ក+ ក-

មណ្ឌល​គី​រីៈ ដាក់​ដាំ គឺជា​ច្រកព្រំដែន​អន្តរជាតិ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​វៀតណាម​ដែលមាន​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ប៉ែក​ខាងត្បូង​ឈាង​ខាងកើត​នៃ​ខេត្តមណ្ឌលគិរី​។​

​ប្រភពព័ត៌មាន​បាន​រាយ​ការណ៍​ថា ច្រក​ដាក់​ដាំ​ក៏​ជា​ច្រក​សកម្ម​មួយ​ក្នុង​ការនាំចេញ​ឈើ​ប្រណីត​ទៅកាន់​ប្រទេស​វៀតណាម និង​នាំចូល​ទំនិញគេចពន្ធ​ជាច្រើន​មុខ​មកកាន់​ប្រទេស​កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង​ដូចជា ប្រេងសាំង ទំនិញ​ចាបហួយ​គ្រប់មុខ នុំ មី​កញ្ជប់ គ្រឿង​កំប៉ុង និង​ស្រា​បៀរ​ជាដើម​។​ល​។​

​មានការ​លើកឡើងថា បច្ចុប្បន្ន​ប្រភព​ចំណូល​ជាច្រើន​ត្រូវបាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ មួយចំនួន​នៅ​ច្រក​ដាក់​ដាំ​នាំគ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជា​លក្ខណៈ​ប្រព័ន្ធ ធ្វើ​ឲ្យ​ចំណូល​ថវិកាជាតិ​មានការ​បាត់បង់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែ​។​

​ដោយឡែក​លោក​ស័​ក្ត​៣ យូ សុធា ក្នុងនាម​ជា​ប្រធាន​ប៉ុ​ស្តិ៏​ព្រំដែន​អន្តរជាតិ​ទ្វេភាគី ក៏​អាចមាន​ការពាក់ព័ន្ធ​ក្នុង​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​ពី​ការប្រមូល​ប្រភព​សេដ្ឋកិច្ច​ជំនួញ​ឈើ​ប្រណីត​នាំចេញ​ខុសច្បាប់ និង​ការ​នាំចូល​ទំនិញគេចពន្ធ​ពី​វៀតណាម​ដើម្បី​យកទៅ​ធ្វើ​មានបាន​ផ្ទាល់ខ្លួន និង​សំរាប់​មេៗ​ថ្នាក់លើ​របស់គាត់​ផងដែរ​។​

​ការមិន​ដាក់ពិន័យ​ទៅលើ​លោក យូ សុធា ត្រូវគេ​រិះគន់ថា លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ញ៉ែម វ៉ាន់​នី ស្នងការ​នគរបាល​ខេត្ត​មណ្ឌល​គី​រី នឹង​លោក តូច យន់ ស្នងការរង​ទទួល​ផ្នែក​ព្រំដែន បានទទួល​ផល​ប្រ​យា​ជ​ន៏​ពី​លោក​មេ​ប៉ុ​ស្តិ៏ យូ សុធា ទើប​លោក យូ សុធា ហ៊ាន​អនុវត្ត​ផ្ទុយ​ពី​តួនាទី​យក​អំណាច​ទៅ​ប្រព្រឹត្ត​អំពើ ពុករលួយ​តាម​អំពើ​ចិត្ត​។​

​ប្រធាន​ប៉ុស្តិ៍​ច្រក​ដាក់​ដាំ លោក យូ សុធា មិនទាន់​អាច​ស្វែងរក​ទំនាក់ទំនង​ដើម្បី​សុំ​ការបំភ្លឺ​បានទេ ។​

​ចំណែក​ស្នងការរង​នគរបាល​ទទួលបន្ទុក​ផ្នែក​ព្រំដែន​លោក តូច យ​ន ក៏​មិនអាច​សុំ​ការ​ពន្យល់បាន​នៅឡើយ​ដែរ​។
​ស្នងការ​នគរបាល​ខេត្ត​មណ្ឌល​គី​រី លោក​ឧ​ត្ត​ម​សេនីយ​ត្រី ញ៉ែម វ៉ាន់​នី បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​សៅ​ទី​២៣ សីហា នេះ​ដោយ​បញ្ជាក់ថា បញ្ហា​បទល្មើស​នាំចេញ​ឈើ​ប្រណីត​តាម​ច្រក​ដាក់​ដាំ​លោក​ទទួលស្គាល់​គឺ​ពិតជា​កើតមាន​មែន ប៉ុន្តែ​វា​មិនមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំដុំ​ទេ​។ ចំពោះ​ការនាំ​ចូល​ទំនិញគេចពន្ធ​ក៏​មិនសូវមាន​ប៉ុន្មាន​ដែរ ព្រោះថា​ផ្លូវ​មកកាន់​ព្រំដែន​ខាង​ប្រទេស​វៀតណាម​មាន​ភាពលំបាក​ក្នុងការ​ដឹកជញ្ជូន ដូច្នេះ​ទំនិញ​ក៏​មិនសូវ​មានមក​តាម​ច្រក​ដាក់​ដាំ​នេះដែរ​។​

​លោកស្នងការ​ក៏បាន​បញ្ជាក់ទៀតថា ចំពោះ​សមត្ថកិច្ច​ណា​ដែល​អនុវត្ត​ផ្ទុយ​ពី​តួនាទី​ទៅ​ប្រព្រឹត្ត​អំពើពុករលួយ​បើសិនជា​មានការ​រកឃើញ​លោក​នឹងធ្វើ​ការដាក់ពិន័យ​ជាមិនខាន​។​

​សព្វថ្ងៃ​គេ​បានកត់សម្គាល់​ឃើញ​ថាប​ទ​ល្មើស​កាប់បំផ្លាញ​ព្រៃឈើ​នៅក្នុង ខេត្ត​មណ្ឌល​គី​រី និង​ជំនួញ​ឈើ​ប្រណីត​ឆ្លងដែន​ខុសច្បាប់​បាន​កើតមាន​ឡើងជា​រាល់ថ្ងៃ យប់ ប៉ុន្តែ​សមត្ថកិច្ច​ពាក់ព័ន្ធ និង​មន្ត្រី​ជំនាញ​បែរជា​មិន​ធ្វើការ​បង្ក្រាប ឬ​បង្ក្រាប​តិចតួច​បំផុត​ដើម្បី​បង្ហាញ​ពី​ស្នាដៃ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​របរ​រកស៊ី​ឈើ​ប្រណីត​នៅក្នុង​ខេត្ត​មួយ​នេះ​បាន​ទៅ​ក្លាយជា​សង្គ្រាម ញាំញី​ទៅដោយ​ការ​គំរាម​គំហែង​គ្នា​ទៅវិញទៅមក រហូត​ឈានដល់​មាន ការបាញ់ប្រហារ​មកលើ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែល​បាន​កើតឡើង​កាលពីពេល​ថ្មីៗ​នេះ​ជាដើម​៕