ភាពយន្ត​ខ្មែរ​ដ៏​កន្ត្រាក់​អារម្មណ៍​រឿង​ ”​កំណត់ហេតុ​នាង​នាថ​”​ ចំណាយ​ថវិកា​ថត​ជាង​៧​ម៉ឺន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 February, 2016 ក+ ក-

 

321456​ដោ​យ ៖ រតនា​

ខេត្តកំពត​៖ ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម ឥន្ទ្រា​និ​មិ្ម​ត​ហ្វីល​ម៍​រឿង “​កំណត់ហេតុ​នាង​នាថ​” កាលពី​ព្រឹក​ថ្ងៃទី​១១ ខែកុម្ភៈ​ឆ្នាំ​២០១៦ បាន​ប្រារព្ធ​ពិធី​ក្រុង​ពាលី​ឧទ្ទិស​សុំ​បើក​ការថត​ឈុត​ឆាក​ដ៏​សំខាន់ៗ​ជាច្រើន​នៅលើ​ទឹកដី​ភូមិ​កំពុង​គ្រែង ឃុំ​កំពង់​ក្រុង ស្រុក​ទឹកឈូ ខេត្តកំពត ដែល​ត្រូវ​ចំណាយ​ថវិកា​នៃ​ការផលិត​ខ្សែភាពយន្ត​ដ៏​សម្រិតសម្រាំង​មួយ​នេះ​អស់​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។
​ ​ ​
​អគ្គនាយិការ​ផលិតក​ម្ម​” ឥន្ទ្រា​និម្មិត​ហ្វីល​ម៍​” អ្នកនាង ចាន់ណា សុខ​ឃីម បាន​បញ្ជាក់ថា ខ្សែភាពយន្ត​ខាងលើ​គ្រោង​នឹង​ចំណាយ​ការផលិត​ប្រមាណ​ជាង​៧​ម៉ឺន​ដុល្លារ​ដើម្បី​ប្រាកដថា ខ្សែភាពយន្ត​នេះ​នឹង​ផលិត​ប្រកបដោយ​គុណភាព​ខ្ពស់ ទាំង​បច្ចេកទេស ការជ្រើសរើស​តួ​សម្តែង ។​អ្នកនាង​បន្តថា ខ្ទង់ចំណាយ​នេះ​គឺ​សមល្មម​សម្រាប់​ការផលិត​ខ្សែភាពយន្ត​សម្រាប់​ទីផ្សារ​នៅ​កម្ពុជា​។​

​អ្នកនាង​បញ្ជាក់ថា​ថ្វីត្បិតតែ​វា​គឺជា​រឿង​ទីមួយ​របស់​ផលិតកម្ម​ដែល​បានចេញ​ថត​ប៉ុន្តែ​អ្នកនាង​បានដាក់​ក្តី​រំពឹង​យ៉ាងខ្ពស់​ចំពោះ​ការផលិត​ខ្សែភាពយន្ត​នេះ​ព្រោះតែ​ទាំង​តារា​សម្តែង និង​ផលិតករ​សុទ្ធ​តែមាន​ជំនាញ​បទពិសោធន៍​ខ្ពស់​ក្នុងការ​សម្តែង និង​ដឹកនាំ​ការផលិត​កន្លងមក​។​

​អ្នកនាង​បញ្ជាក់ថា ខ្សែភាពយន្ត​ជាច្រើន​កន្លងមក​ដែលជា​ស្នាដៃ​របស់លោក ចាន់ណា រ៉ូ​ណាន និពន្ធ​សុទ្ធតែ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ទស្សនិកជន ពិសេស​តាមរយៈ​ការគាំទ្រ​ដ៏​ច្រើន​លើសលប់​កាលពី​ថ្មីៗ​នេះ​ក្នុង​ខ្សែភាពយន្ត​រឿង​”​ក្រមុំ​៣១​កំលោះ​៥២”​។ អ្នកនាង​រំពឹង​ខ្ពស់​ថា ខ្សែភាពយន្ត​នេះ​នឹង​ទទួលបាន​ជោគជ័យ​ខ្ពស់​ក្នុងការ​វាយលុក​ទីផ្សារ​ភាពយន្ត​នៅ​កម្ពុជា​បច្ចុប្បន្ន​។​
​ ​
​ផលិតករ និង​ជា​អ្នកនិពន្ធ​រឿង លោក ចាន់ណា រ៉ូ​ណាន បាន​បញ្ជាក់ថា ខ្សែភាពយន្ត​រឿង​”​កំណត់ហេតុ​នាង​នាថ​” នឹង​បន្ត​ថត​នៅ​រាជធានី និង​ខេត្ត​មួយចំនួន ពិសេស​លើទឹក​ដី​ខេត្ត​កំណត់​ផ្ទាល់​ដែល​សរុប​ការផលិត​ប្រមាណ​ជាង​៣​ខែ​។​លោក​បញ្ជាក់ថា តាម​បទពិសោធន៍​ការចំណាយ​ទឹកប្រាក់​ប្រមាណ​៧​ម៉ឺន​ដុល្លារ​គឺ​សមល្មម​សម្រាប់​ការចំណាយ​ផលិត​ខ្សែភាពយន្ត​ដើម្បី​ដណ្តើម​ទីផ្សារ​ភាពយន្ត​ក្នុងស្រុក ហើយ​អ្វីដែល​សំខាន់​គឺ​ក្រុមការងារ​បាន​ខិតខំ​ផលិត និង​ការច្នៃប្រឌិត​ថ្មី​សម្រាប់​បង្ហាញ​ដល់​ទស្សនិកជន​។
​ ​
​កញ្ញា ណា​តា​ហ្សា ជា​តួ​នាង​នាថ បាន​បញ្ជាក់ថា នាង​ពិត​ជាមាន​អារម្មណ៍​រំភើប​ប្លែក​ដែល​សម្តែង​ក្នុង​ខ្សែភាពយន្ត​ខាងលើ​ពិសេស​គឺ​ស្ថិតក្រោម​ការផលិត​រប​ស់​ក្រុម​ផលិតករ​ជំនាញ​មា​បទពិសោធន៍​។ នាង​បញ្ជាក់ថា តាម​គម្រោង​មាន​ឈុត​ឆាក​ភ័យរន្ធត់ និង​កំប្លែង​ជាច្រើន ដែលជា​ចំណុច​លំបាក​សម្រាប់​នាង ប៉ុន្តែ​នាង​នឹង​ខិតខំ​សម្តែង​ឲ្យ​អស់ពី​លទ្ធភាព​បើទោះបីជា​ជួប​ឧបសគ្គ​ជាច្រើន និង​ត្រូវ​ចំណាយពេល​ថត​ពេលខ្លះ​ស្ទើរ​ពេញ​មួយ​រាត្រី​ក្តី​។​តារា​ស្រី​វ័យ​២៤​ឆ្នាំ​រូបនេះ​បញ្ជាក់ថា វា​គឺជា​ក្តី​ស្រមៃ​របស់​នាង​ក្នុងការ​ចូលរួម​សម្តែង​ខ្សែភាពយន្ត​ខ្នាត​ធំ និង​ស្ថិតក្រោម​ការផលិត​រប​ស់​ក្រុម​អ្នកជំនាញ​មានបទពិសោធន៍​ខ្ពស់​ជាច្រើន​។

​គួរ​បញ្ជាក់ដែរថា​តារា​សម្តែង​ក្នុង​ខ្សែភាពយន្ត​នេះ​មាន​តារា​សម្តែង​កូនកាត់​ខ្មែរ​អ៊ីស្លាម កញ្ញា ណា​តា​ហ្សា កញ្ញា យ៉ែម ស្រី​ពេជ្រ អ្នកនាង ប៉េងប៉ោង លោក ភី ម៉ៃ លោក អ៊ុក សុ​ភ័​ក្កិ​រិ​ទ្ធ ក្រុម​តារាចម្រៀង Difinite និង​តារា​សម្តែង​ជាច្រើនរូប​ទៀត​៕

215478317632916327985