ដោយ៖ ឈ ល
បាត់ដំបង៖បទល្មើសនេសាទដោយខុសច្បាប់ជាច្រើនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងតំបន់អភិរក្សចាប់ពីចំណុចព្រែកបាក់ស្នោស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឬស្សីរហូតមកដល់ចំណុចភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ហើយបានកើតមានឡើងពេញផ្ទៃទឹកក្នុងតំបន់នោះដែលធ្វើអោយបាត់បង់នូវពូជត្រីធម្មជាតិដ៏កម្រគួរឲ្យព្រួយបារម្ភ។
បើយោងតាមប្រភពពីបងប្អូនប្រជានេសាទដែលរស់នៅក្នុងឃុំកោះជីវាំងបានប្រាប់អោយដឹងថា៖សម្ភារះនេសាទដែលខុសច្បាប់ទាំងនោះរួមមាន៖អូសម៉ាញ បណរ៉ាវ រុញស៊ីប ឆក់ និងមងវិលជាដើម។ល។
ប្រភពបន្តថាការដែលពួកគាត់ធ្វើបានដោយសារតែពួកគាត់បានបង់លុយអោយទៅគ្រប់ជំនាញអស់ហើយពិសេសគឺជំនាញរដ្ឋបាលជលផលតែម្តងមានជលផលខណ្ឌសង្កាត់និងជលផលប្រាំខេត្តហើយពួកគាត់ចំណាយក្នុងមួយរដូវៗមិនក្រោមពី២០លានរៀលទេក្នុងមួយគ្រួសារ។ ពួកគាត់បន្តទៀតថា៖ក្នុងមួយឆ្នាំៗការខំប្រឹងប្រែងរបស់គាត់ទាំងយប់ទាំងថ្ងៃគឺរកបង់អោយតែគេបើមិនរករបរនិងមិនដឹងថារកអ្វីផ្សេងព្រោះពួកគាត់រស់នៅលើទឹកទៅហើយ។
ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបងបានប្រាប់ មេគង្គប៉ុស្តិ៍ កាលពីចុងសប្តាហ៍នេះថា៖ លោកមិនបានប្រាប់អោយកូនចៅដើរទៅយកលុយគេទេគឺមានតែការណែនាំអោយខាងសង្កាត់ និងផ្នែកសហការជាមួយអធិការចុះទៅបង្ក្រាបជាប្រចាំហើយបើសិនជាមន្ត្រីជលផលមួយណាទៅយកលុយបងប្អូនមានសិទ្ធិប្តឹង។ ចំណែកលោក នូ រេណូ ជលផលប្រាំខេត្តបានប្រាប់ផងដែរថា លោកមិនបានយកលុយពីប្រជាពលរដ្ឋនេសាទទាំងនោះទេ។
ក្រុមប្រជានេសាទបានរិះគន់ថា៖ បើសិនជាមន្ត្រីជំនាញទាំងនោះមិនបានយកលុយទេហេតុអ្វីបានជាបទល្មើសនេសាទកើតមាននៅក្នុងដែនសមត្ថកិច្ចរបស់មេជលផលលោក ជួង សុភា យ៉ាងសន្ធឹកសន្ធាប់ហើយបែរជាមើលមិនឃើញ ឫក៏ជាចេតនាធ្វើមិនដឹងមិនឮជាថ្នូរនឹងអំពើពុក រលួយ ?៕