រថយន្ត​កម្មសិទ្ធិ​រប​ស់មេ​ប៉េអឹម​ស្រុក​អណ្តូង​មាស​បុក​យុវ​សិស្ស​ម្នាក់​របួសធ្ងន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 February, 2016 ក+ ក-

 

ដោយ៖​ឡុង សារ៉េត​

​ខេត្តរតនគិរី៖ យុវ​សិស្ស​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ក្រោយពេល​រថយន្ត​ពាក់​ស្លាក​លេខ ខ ម មួយគ្រឿង​បុក​អូស​ម៉ូតូ​ទាំង​កម្រោល​ប្រមាណ​ជាង​៥០​ម៉ែត្រ នៅ​ក្រុង​បាន​លុង ដែលអ្នកបើកបរ​គ្មាន​ប័ណ្ណបើកបរ​នោះទេ ប៉ុន្តែ​គេ​ត្រូវជា​ក្មួយ​របស់​មេ​ប៉េអឹម​ស្រុក​អណ្តូង​មាស​។​

គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង​រវាង​រថ​យន្ត​ម៉ា​កវី​ហ្គូ និង​ម៉ូតូ​សង់​C125​ស៊េរី​ឆាំ្ន​២០១២​របស់​សិស្ស​ចេញពី​សាលា​គ្រូ​យើង ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១១​និង​១៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៦ ត្រង់ចំណុច​ក្បែ​ង​អាងទឹក ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្លែង ក្រុង​បាន​លុង ខេត្តរតនគិរី​។​

នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​មួយរូប​បានអោយដឹងថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ា​កវី​ហ្គូ​ពាក់​ស្លា​លេខ ខេមរភូមិន្ទ 2.2211 ពណ៌​ស្លាប​ក្អែក ជា​កម្មសិទ្ធិ​របស់លោក ហ៊ា​ក់ ប៊ុ​ន្នី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស បើកបរ​ដោយ​បុរស​ម្នាក់​គ្មាន​ប័ណ្ណបើកបរ​នោះទេ ប៉ុន្តែ​គេ​ជា​ក្មួយ​របស់លោក​មេ​ប៉េអឹម ហ៊ា​ក់ ប៊ុ​ន្នី ។

ប្រភព​បន្តថា រថយន្ត​ខាងលើនេះ​បើក​យ៉ាង​លឿន​ពី​ទិស​ខាងត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​សិស្ស​ធ្វើដំណើរ​ចេញពី​សាលា​គ្រូ​យើង​ដោយមាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ​បើកបរ​ពី​ទិស​ខាង​លិចទៅ​កើត ដល់​ផ្លូវបែក​ជា​៤​រថយន្ត​វី​ហ្គូ​ក៏​បុក​ម៉ូតូ​ចំ​ពីមុខ​ពេញទំហឹង​ដោយ​ម៉ូតូ​ជាប់​ពីមុខ​ឡាន​អូស​ប្រវែង​៥៧​ម៉ែត្រ​សំណាងល្អ​ជនរងគ្រោះ​បាន​ខ្ទាត​ចេញពី​មុខ និង​កង់ឡាន​ហើយ​បោក​ដួល​ទៅនឹង​ថ្នល់​របួស​ក្បាល​ផ្នែក​ខាងក្រោយ​រងរបួស​ជា​ទំងន់ ហើយ​ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​។​

នគរបាល​នោះ​បន្តទៀតថា ជនរងគ្រោះ​មានឈ្មោះ ឡោ មន្នី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​សិស្សសាលា​គ្រូ​យើង ចំណែកឯ​ម៉ូតូ​ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​រតនគិរី 0991 ។​វត្ថុតាង​ទាំង​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​នគរបាល​ចរាច​រ​នាំយកទៅ​រក្សាទុក​នៅ​ស្នងការ​នគរបាល​ខេត្ត​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ ចំណែក​ជនបង្ក​ហេតុរ​ត់​គេចខ្លួន​បាត់ស្រមោល​។
​លោក​ឧ​ត្ត​ម​សេនីយ៍ គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​មានប្រសាសន៍ថា រថយន្ត​នេះ​ជា​របស់​ប្អូនថ្លៃ ហើយ​ប្អូនថ្លៃ​បានអោយ​គេ​ខ្ចី​បើក​មក​ក្រុង​បាន​លុង​។​

ទោះ​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង​បាន​រង់ចាំ​មើល​ពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ប​ប៉ូលីស​ចរាចរណ៍​ថា តើ​អាច​ផ្តល់​យុត្តិធម៌​ដល់​យុវ​សិស្ស​រងគ្រោះ​បានដែរ​ឬទេ ៕

6138746912753