ចិន​រំពឹងថា ទំនាក់ទំនង​មិ​ត្ដ​ភាព​ជាមួយ​រុស្ស៊ី​នឹង​កាន់តែ​រឹងមាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 March, 2016 ក+ ក-

​ប៉េកាំង​៖​រដ្ឋមន្ដ្រីការបរទេស​ចិន លោក Wang Yi បាន​និយាយថា ចិន​មាន​ទំនុក​ចិ​ត្ដ​យ៉ាងខ្លាំង​ចំពោះ​ទំនាក់ទំនង​រវាង​ចិន​ជាមួយ​រុស្ស៊ី​។ លោក​ថ្លែង​បែបនេះ​ក្នុងអំឡុងពេល​ជួប​សំណេះសំណាល​ជាមួយ​រដ្ឋមន្ដ្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov គ្រា​ដែល​លោក​រដ្ឋមន្ត្រី​ធ្វើដំណើរ​ទស្សនកិច្ច​ក្នុងប្រទេស​រុស្ស៊ី​។
​លោក Wang Yi បាន​បន្ដថា ក្នុងនាម​ចិន និង​រុស្ស៊ី​គឺជា​ដៃគូ​ដ៏​មាន​សារៈសំខាន់ និង​ផ្ដល់​អាទិភាព រវាង​គ្នា​ទៅវិញទៅមក ប្រទេស​ទាំងពីរ​កំពុង​អភិវឌ្ឍ​យុទ្ធសាស្ដ្រ​ចម្បងៗ​ដែល​បាន​សហការគ្នា​។ លោក​បញ្ជាក់ថា មិន​ថា​មាន​អ្វី​កើតឡើង​នៅក្នុង​តំបន់ ឬ​ក្នុង​ពិភពលោក គោលនយោបាយ​នៃ​ភាពជា​ដៃគូ​រវាង​ប្រទេស​ទាំងពីរ​គ្មានអ្វី​ផ្លាស់ប្ដូរ​ទេ​។
​លើសពីនេះ​ប្រទេស​ជា​ដៃគូ​ទាំងពីរ​មាន​គម្រោង​រៀបចំ​ការផ្លាស់ប្ដូរ​និង​ការចូលរួម កម្មវិធី​សំខាន់ៗ​ជាមួយគ្នា​ជាច្រើន​ទៀត ដូចជា​ការផ្ដួចផ្ដើម​អនុវត្ដ​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច ទាំង​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​របស់​ចិន និង​យុទ្ធសាស្ដ្រ​សេដ្ឋកិច្ច​រុស្ស៊ី​ផងដែរ ហើយ​រំពឹងថា​នឹងមាន​លទ្ធផល​ផ្លែផ្កា​៕

20160312