UN ថ្កោលទោស​ករណី​បំផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​​រដ្ឋធានី​របស់​ប្រទេស​តួ​ក​គី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 March, 2016 ក+ ក-

UN៖​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក បាន គី​មូ​ន បានចេញ​សេចក្តីថ្លែងការណ៍ ថ្កោលទោស​ចំពោះ​ការវាយប្រហារ​ដោយ​អំពើ​ភេរវកម្ម នៅ​កណ្តាល​រដ្ឋធានី​អង់កា​រ៉ា របស់​ប្រទេស​តួ​ក​គី កាលពី​យប់​ថ្ងៃអាទិត្យ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​រាប់រយ​នាក់​។
​សេចក្តីថ្លែងការណ៍​ចេញ​ដោយ​ការិយាល័យ​អគ្គលេខាធិការ លើកឡើងថា «​ក្នុងនាម​ជា​អគ្គលេខាធិការ UN ខ្ញុំ​សូម​បង្ហាញ​នូវ​ក្តី​រន្ធត់ និង​អាណិតអាសូ​អស់ពី​បេះដូង ចំពោះ​ក្រុមគ្រួសារ​សាច់ញាតិ​នៃ​ជនរងគ្រោះ​ទាំងអស់​។ អង្គការសហប្រជាជាតិ នឹង​ឈរ​នៅ​ជាមួយ​រដ្ឋាភិបាល ព្រមទាំង​ប្រជាជន​តួ​ក​គី​ទាំងអស់ ក្នុងពេល​វេ​ល នៃ​គ្រោះអាសន្ន​មួយ​នេះ​»​។​
​គួរ​បញ្ជាក់ថា កាលពី​យប់​ថ្ងៃអាទិត្យ​មាន​ករណី​បំផ្ទុះ​គ្រាប់បែក​លើ​រថយន្ត​មួយ​បាន​កើតឡើង​ក្បែរ​ស្ថានីយ​រថយន្តក្រុង​ដ៏​ធំ​មួយ នៅ​កណ្តាល​រដ្ឋធានី​អង់កា​រ៉ា ប្រទេស​តួ​ក​គី​និង​បានសម្លាប់​មុ​ស្ស​៣៤​នាក់ និង​១២៥​នាក់​ទៀត​រងរបួស​៕

explosion-in-the-centre-of-the-Turkish-capital-Ankara