វគ្គ Semi Final, FA Cup បាន​ចាប់ឆ្នោត​ហើយ​កាលពី​យប់មិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 March, 2016 ក+ ក-

បាល់ទាត់​៖​ការប្រកួត​បាល់ទាត់​ពា​ន FA Cup វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​បាន​ចាប់ឆ្នោត​ហើយ​កាលពី​យប់មិញ បើ​ទោះ​ក្រុម​មួយទៀត​នៅ​មិនទាន់​រកឃើញ ដោយ​រង់ចាំ​ការប្រកួត​ម្តងទៀត​រវាង Man Utd និង West Ham បន្ទាប់ពី​បញ្ចា​ប់​បាន​ត្រឹម​ស្មើ​។​
​តាម​លទ្ធផល​ចាប់ឆ្នោត​កាលពី​យប់មិញ​បង្ហាញ ក្រុម Everton ដែល​ឈ្នះ Chelsea ២-០ កាល​យប់​ថ្ងៃ​សៅរ៍ នឹងត្រូវ​ប៉ះ​ក្រុម​បិសាច​ក្រហម Manchester United ឬ​ក្រុម​ញញួរ​យក្ស West Ham ខណៈដែល Watford ដែល​ទម្លាក់​ក្រុម​ជើងឯក​ចាស់ Arsenal កាល​យប់​ថ្ងៃអាទិត្យ​នឹងត្រូវ​ប៉ះ Crystal Palace​។​
Man Utd ដែល​បញ្ចប់​លទ្ធផល​ត្រឹម​ស្មើ ១-១ ទល់នឹង West Ham នៅ Old Traford នោះ នឹងត្រូវ​ប្រកួត​ម្ដងទៀត​នៅ​កីឡដ្ឋាន Upton Park​។ រីឯ​ថ្ងៃ​ប្រកួត នឹងត្រូវ​ប្រកាស បន្ទាប់ពី​ពួកគេ​ប្រកួត UEFA Europa League វគ្គ​១៦​ក្រុម ជើង​ទី​២ ទល់នឹង Liverpool នៅ​ថ្ងៃ​ព្រហស្បតិ៍​ចប់​សិន​។​
​គួរ​បញ្ជាក់ថា ការប្រកួត FA Cup វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២៣ និង​២៤ ខែមេសា​ខាងមុខ នា​កីឡដ្ឋាន​ជាតិ​អង់គ្លេស Wembley ទាំងអស់​តែម្ដង​៕

268192