ទាហាន​ថៃ​លួច​ធ្វើ​ផ្ទះ​ចល័ត​នៅ​ជិត​ច្រក ទ្វារ​ដែក និង​ស្រះ​ត្រាវ​មុខ​ប្រាសាទ ព្រះវិហារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 October, 2014 ក+ ក-

ព្រះវិហារ​: ផ្ទះ​ចល័ត​យ៉ាងតិច​ចំនួន​២ ត្រូវបាន​កងកំលាំង ប្រដាប់អាវុធ​កម្ពុជា ឈរជើង​នៅ​ការពារ បូរណភាព​ដែនដី ប្រាសាទព្រះវិហារ ប្រទះឃើញ​ទាហាន​ថៃលួច​សង់នៅ​ចំណុច ២ ដាច់ដោយឡែក​ពីគ្នា គឺ​មួយ​នៅ​ជិត​ទ្វារ​ដែក និង​មួយទៀតនៅ​ជិត​ស្រះ​ត្រាវ មុខ​ប្រាសាទព្រះវិហារ​។​

​ប្រភពព័ត៌មាន​ពី ប្រាសាទព្រះវិហារ បាន​បញ្ជាក់ថា នៅពេល​ព្រឹក ព្រលឹម​ស្រាងៗ នា​ថ្ងៃទី​២៣ ខែតុលា ឆ្នាំ ២០១៤ នោះ កំលាំង​កម្ពុជា បាន​សំឡឹង​ទៅខាង​មុខ ប្រាសាទ ព្រះវិហារ ក៏​ឃើញ​ផ្ទះ​ចល័ត​ទាំង​២​នេះ ដែល​ទាហាន​ថៃ លួច​ធ្វើជា​ឯកតោភាគី ដោយ​មិន​ឲ្យ​កម្ពុជា ដឹង​ឡើយ​។​

​ក្រុមមន្ត្រី​កម្ពុជា បាន​ថ្លែង​ពី​ប្រាសាទព្រះវិហារ នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៤​នេះ​ថា ផ្ទះ​ចល័ត​ទាំង​២ គឺ​១ ខ្នង នៅ​ពីមុខ​ទ្វារ​ដែក មាន​ទំហំ​៤ ម៉ែត្រ​កន្លះ គុណ​នឹង​៨​ម៉ែត្រ ដោយ​ផ្ទះ​នេះ ថៃ​បាន​ប្រក់​តង់​កៅស៊ូ​ខ្មៅ​។ ឯ​ផ្ទះ​ទី​២ គឺ​សង់​នៅជាប់​មាត់​ស្រះ​ត្រាវ មាន​ទំហំ ៤ ម៉ែត្រ គុណ​នឹង ៦ ម៉ែត្រ ដោយ​ប្រក់​តង់​កៅស៊ូ​ខ្មៅ​ដូចគ្នា​។​

​ក្រុមមន្ត្រី​ដដែល បាន​បញ្ជាក់ថា ចំណុច​មុខទ្វារ​ដែក ដែល​ថៃ​ធ្វើ​ផ្ទះ​នោះ គឺ​ថៃ​មិនដែល​មក ឈរជើង​ឡើយ ព្រោះថា វា​កៀក​នឹង​ព្រំដែន​ទ្វារ​ដែក​ពេក​។ ដោយឡែក នៅ​ចំណុច​ស្រះ​ត្រាវ មុខ​ប្រាសាទព្រះវិហារ គឺ​ទាហាន​ឈុតខ្មៅ បាន​ឈរជើង ប៉ុន្តែ​នៅ​ចំណុច​ទាំង​២ ភាគី​ថៃ​មិនដែល កសាង​អ្វី​ឡើយ មានន័យថា បើ​ថៃ​ធ្វើ​អ្វីមួយ ត្រូវ​ប្រាប់​មក​កម្ពុជា​យើង ជាមុនសិន ពិតមែនតែ​តំបន់​នោះ ថៃ​បាន​ឈរជើង​ក្តី​។​

​អាជ្ញាធរ​កម្ពុជា បាន​និយាយថា ករណីនេះ ភាគី​កម្ពុជា បាន​ជួបប្រជុំ​ជាមួយ អាជ្ញាធរ​ថៃ ដើម្បី​ឲ្យ​ថៃ រុះរើ​ផ្ទះ​ចល័ត នោះ​ចេញ ប៉ុន្តែ​រហូតមកដល់ ថ្ងៃទី​២៤ តុលា​នេះ គេ​មិនទាន់​ឃើញ​ថៃ រុះរើ​ផ្ទះ​ចេញ នៅឡើយ​ទេ​។​

​សកម្មភាព​នេះ គឺជា​ការរំលោភ កិច្ចព្រមព្រៀង​មួយ ដែល​ធ្វើឡើង​ពី សំណាក់​អាជ្ញាធរ​ថៃ ហើយក៏​បានធ្វើ​ឲ្យ​គេ មើលឃើញថា ថៃ​កំពុងតែ​បំពាន សាលដីកា​តុលាការអន្តរជាតិ ទីក្រុង​ឡាអេ ដែល​កម្ពុជា​ប្តឹង​ឲ្យ​តុលាការ បកស្រាយ​សាលក្រម ឆ្នាំ​១៩៦២​។​

តុលាការអន្តរជាតិ បានសំរេច​ឲ្យ កងកំលាំងប្រដាប់អាវុធ កម្ពុជា​-​ថៃ ដកចេញ​ពី​តំបន់​ព្រះវិហារ​។ ប៉ុន្តែ​កម្ពុជា​បាន​អនុវត្ត​រួចហើយ ដោយ​ដាក់​កង​នគរបាលជាតិ ឈរជើង​នៅ​តំបន់​គ្មាន​កងទ័ព បណ្តោះអាសន្ន​។ ដោយឡែក ផ្ទះ​២​ខ្នង​នេះ កាន់តែ​ខុស​ទៅទៀត ព្រោះ​ថៃ​បានធ្វើ​បំពាន យ៉ាង​ងងើល ដែល​ភាគី​ថៃ បានធ្វើ​ឡើង​មិន​ប្រាប់ ដល់​ភាគី​កម្ពុជា​៕                                                                                                                                      ប្រភព ៖ CEN

Untitled-5ផ្ទះ​ចល័ត​ដែល​ថៃ​កសាង​នៅ​ប្រមាណ​១០០​ម៉ែត្រ ពីមុខ​ទ្វារ​ដែក មុខ​ប្រាសាទ ព្រះវិហារ​