ការបោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន​រដ្ឋសភាគឺជា​ការអនុវត្ត​កិច្ចព្រមព្រៀង រវាង​​គណបក្ស​ទាំងពីរ​ ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 August, 2014 ក+ ក-

ភ្នំពេញ​៖​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នៅ​ថ្ងៃទី​២៦​សីហា​នេះ​ថា ការបោះឆ្នោត​ជ្រើសរើស​ក្បាលម៉ាស៊ីន​រដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មកា​រទាំង​១០ នៅក្នុង​រដ្ឋសភា​នេះ គឺជា​ការអនុវត្ត​រវាង​កិច្ចព្រមព្រៀង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤​។​

លោក សម រង្ស៊ី បាន​បញ្ជាក់ថា កិច្ចព្រមព្រៀង​នេះ​ជា​គោលបំណង​បញ្ចប់​វិបត្តិ​នយោបាយ ហើយ​ចង់​ឲ្យ​រដ្ឋសភា​ធ្វើការ​ដោយមាន​ការសហការ​គ្នា​រវាង​តំណាងរាស្ត្រ​មកពី​គណបក្ស​ទាំងពីរ ហើយ​លោក​ជឿថា រដ្ឋសភា នឹងមាន​តួនាទី​សំខាន់ អាច​នឹង​ជួយ​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ​ជាង​មុន និង​មាន​ប្រសិទ្ធភាព​។​

​រីឯ​លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ​វិញ បាន​ប្រាប់​ក្រុមអ្នកកាសែត បន្ទាប់ពី​ចប់​កិច្ចប្រជុំសភា នៅ​ថ្ងៃទី​២៦ ខែសីហា​នេះ​ថា នៅពេលដែល​លោក​បាន​ចូលកាន់​តំណែង​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​នេះ លោក​នឹង​លើក​នូវ​គោលការណ៍​មួយ ក្នុងការ​សន្ទនា​គ្នា នោះ​គឺ​លោក​ចង់​ឲ្យ​មេដឹកនាំ​គណបក្ស​ទាំងពីរ គឺ​បក្សប្រឆាំង និង​បក្ស​នៅក្នុង​រដ្ឋាភិបាល ឲ្យ​មាន​ការជួប​សន្ទនា​គ្នា​ជា​ទៀងទាត់​យ៉ាងហោចណាស់ ៣ ខែម្តង​ដែរ​។​

លោក​បន្តថា “​លើកលែង​តែមាន​បញ្ហា​បន្ទាន់ អាច​ជួបគ្នា​ជាបន្ទាន់ ហើយ​ខ្ញុំ​នឹង​ស្នើ​តាម​តួនាទី​របស់ខ្ញុំ ស្នើ​ឲ្យ​មានការ​ជួបគ្នា ដោយសារ​យើង​ចង់​ធ្វើ​ប្រជាធិបតេយ្យ​មួយ​តាមរយៈ​ការសន្ទនា ហើយ​ប្រជាធិបតេយ្យ​តាម​ការ​រយៈ​អនុគ្រោះ​ទៅវិញទៅមក​។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ តួនាទី​ដែល​ខ្ញុំ​បានមក​នេះ គឺ​បានមកពី​ប្រជាពលរដ្ឋ និង​បានមកពី​ការគាំទ្រ​តាម​កិច្ចព្រមព្រៀង​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៤”៕