ផ្ទះ​លក់​គ្រឿងបន្លាស់ និង​សម្ភារៈ​តុង​តែង​រថយន្ត​មួយកន្លែង​នៅមុខ​មន្ទីរពេទ្យ​កាល់ម៉ែត​ត្រូវ​ភ្លើង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​មួយកន្លែង​ស្ថិតនៅ​ចំណុច​ក្បែរ​ស្ថានីយ​សាំង​កាល់​តិច ទល់មុខ​មន្ទីរពេទ្យ​កាល់ម៉ែត ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ត្រូវ​អគ្គិភ័យ​លុប​ត្របាក់​ស្ទើរ​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​៥ និង​៣០​នាទី ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦​នេះ​។​
​តាម​ប្រភពព័ត៌មាន​នៅក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ​គេ​ឃើញ​មាន​ផ្សែង​ខ្មួរ​ខ្មាញ់ ហុយ​ចេញពីផ្ទះ​លក់​បន្លាស់​គ្រឿងបន្លាស់ រថយន្ត​ខាងលើ មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ម្ចាស់ផ្ទះ​បាននាំគ្នា​រត់​ចេញមកក្រៅ ដោយ​សភាព​ភ័យ​ស្លន់ស្លោរ ស្រែក​ឆោ​រ​ឡោរ​ឲ្យ​គេឯង​ជួយ​។ ខណៈនោះ​ក៏​ស្រាប់​តែមាន​អណ្តាតភ្លើង​ឆាបឆេះ ឡើង​យ៉ាង​សន្ធោរ​សន្ធៅ​តែម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ​ក្បែរ​នោះ​ជួយ​យក​ទឹក​ជះ ប៉ុន្តែ​មិនអាច​ជួយ​បាន ក៏​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​ឲ្យ​ចុះ​អន្តរាគមន៍​។​
​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​ទទួល​ព័ត៌មាន​ពី​ការឆេះ​នេះ រថយន្ត​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ៩​គ្រឿង បានមក​ជួយ​អន្តរាគមន៍ បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង ដើម្បី​កុំ​ឲ្យ​ឆេះ​រាលដាល​ដល់​លំនៅដ្ឋាន​នៅក្បែរនោះ​។​
​សមត្ថកិច្ច​សូមបញ្ជាក់ថា ការឆេះ​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​នេះ គឺ​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​អស់​៥​គ្រឿង និង​ប្រើប្រាស់​ពេលវេលា​ជាង​កន្លះ​ម៉ោង ទើប​អាច​ទប់ស្កាត់​អណ្តាតភ្លើង​ឲ្យ​រលត់​ទាំងស្រុង ហើយ​មូលហេតុ​នៃ​ការឆេះ​នេះ បណ្តាលមកពី​ការឆ្លង​ចរន្តអគ្គិសនី​៕

944975_1576624339318598_8851962814565640162_n10274328_1576624299318602_5587737956877726138_n1919315_1576624255985273_8919313648832319304_n10325777_1576624265985272_7321579115339692362_n