សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ​ស្នើ​រដ្ឋា ភិបាល​កម្ពុជា​រក​យុត្តិធម៌​ជូន​អ្នកកាសែត​ដែល​គេ​សម្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 November, 2014 ក+ ក-

ភ្នំពេញ​៖​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ ហៅ​កាត់​ថា អាយ​.​អេ​ហ្វ​.​ជេ (IFJ) និង​សហជីព​អ្នកកាសែត​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា ស៊ី​ជូ (SEAJU) រួមគ្នា​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​បញ្ចប់​និ​ទណ្ឌ​ភាព និង​បន្ត​ជំរុញ​ការរក​យុត្តិធម៌​ជូន​អ្នកកាសែត ដែល​គេ​សម្លាប់​នៅក្នុង​ឆ្នាំ ២០១៤ នេះ​។​

ការអំពាវនាវ​របស់​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ (IFJ) និង​សហជីព​អ្នកកាសែត​អាស៊ីអាគ្នេយ៍ (SEAJU) គឺ ធ្វើឡើង​ចំពេល ដែល​សហប្រជាជាតិ​សម្ពោធ​ទិវា​អន្តរជាតិ បញ្ចប់​និ​ទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នកកាសែត នៅ​ថ្ងៃអាទិត្យ ទី ២ វិច្ឆិកា​។​

ក្នុងឱកាស​សម្ពោធ​ទិវា​អន្តរជាតិ​ជា​លើកដំបូង​នេះ សហព័ន្ធ និង​សហជីព​អ្នកកាសែត​ទាំងពីរ ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន​មួយ ដោយ​សរសេរថា​គ្មាន​ជនល្មើស​ណាមួយ​ត្រូវបាន​នាំខ្លួន​មក​ផ្ដន្ទាទោស ចំពោះ​អំពើ​សម្លាប់​ទាំងនោះ​នៅឡើយ​ទេ​។ សហព័ន្ធ និង​សហភាព​ទាំងពីរ​ទទូច​សុំឱ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចេញ​សារ​ខ្លាំងក្លា​មួយ​ថា នឹងមិន​អត់អោន​ចំពោះ អ្នកប្រព្រឹត្ត​ឱ្យមាន​ការសម្លាប់​ទាំង​នេះឡើយ​។​

ស្របគ្នា​ដែរ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ក៏​ចាប់ផ្ដើម​សម្ពោធ​យុទ្ធនាការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រយុទ្ធ ប្រឆាំង​និ​ទណ្ឌ​ភាព​។ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អ្នកស្រី ចក់ សុភាព ថ្លែងថា​ការអំពាវនាវ​ឱ្យមាន​យុទ្ធនាការ​នេះ គឺ​ព្រោះតែ​ខាង​អ្នកស្រី​មើលឃើញថា និ​ទណ្ឌ​ភាព​នៅ​កម្ពុជា​កាន់​រីក​រាលដាល ហើយ​ករណី​ភាគច្រើន​មិន​នាំ​ជនល្មើស​មក​កាត់ទោស ហើយ​ជនរងគ្រោះ​នៅតែ​មិន​ទទួលបាន​យុត្តិធម៌ និង​ការពិត​៖ «​សំខាន់ បំផុត យើង​ចង់​ស្នើឱ្យ​រដ្ឋាភិបាល​បើក​ការស៊ើបអង្កេត​កន្លងមក ចំពោះ​ករណី​អ្នកសារព័ត៌មាន​ទាំង ១៣ រូប​។ យើង​ដឹង​ហើយ មកដល់​ឆ្នាំ ២០១៤ នេះ គឺមាន ១៣ រូប​ហើយ ដែល​ត្រូវបាន​សម្លាប់ ហើយ​នៅក្នុង​ឆ្នាំ ២០១៤ ហ្នឹង គឺមាន​ទៅដល់ ២ ករណី​។ អ៊ីចឹង​យើង​ចង់ឱ្យ​រដ្ឋាភិបាល​ធានាថា ករណី​ទាំងអស់នេះ ត្រូវបាន​ស៊ើបអង្កេត ហើយ​មិនមែន​តែ​ករណី​អ្នកសារព័ត៌មាន​ទេ ប៉ុន្តែ​មានដូចជា​ជនរងគ្រោះ​ថ្មីៗ ក្នុងការ​បង្ក្រាប​ដោយ​ហិង្សា​នៅ​ដើមឆ្នាំ ២០១៤ យើង​នេះ គឺ​ធ្វើ​ម៉េច​ធានា​សិទ្ធិ​ទទួលបាន​នូវ​យុត្តិធម៌ និង​ការដែល​ជនរងគ្រោះ​គាត់​អាច​ដឹង​ពី​ការពិត ហើយនឹង​ទទួលបាន​សំណង​មួយ​សមរម្យ​សម្រាប់​ការដែល​ខ្លួន​គាត់​បាន​រងគ្រោះ នេះ​»​។​

កាលពី​ថ្ងៃទី ៣១ តុលា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សម្ព័ន្ធ​អ្នកកាសែត​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា ស៊ី​ប៉ា (SEAPA) ក៏ បានចេញ​សេចក្ដីថ្លែងការណ៍​រួមគ្នា​មួយ ទាក់ទង​នឹង​ការអំពាវនាវ​ដល់​រដ្ឋា​ភិ​បាល ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល ចាត់វិធានការ​ជាក់លាក់ ដើម្បី​ឆ្ពោះទៅរក​ការបញ្ចប់​និ​ទណ្ឌ​ភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​អ្នក កាសែត​នេះដែរ​។​

សមាជិក​គណៈនាយក​នៃ​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ឆាយ សុផល សាទរ​ចំពោះ​ការអំពាវនាវ​នេះ ជាពិសេស អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី​ស្វែងរក​យុត្តិធម៌​ដល់​អ្នកកាសែត ដែល​ត្រូវគេ​សម្លាប់ បំភិតបំភ័យ ឬ​ជ្រៀតជ្រែក​ការងារ​របស់​អ្នក​សែត​កំពុង​បំពេញភារកិច្ច​។ លោក​បញ្ជាក់ថា អ្នកសារព័ត៌មាន មិនមែនជា​សត្រូវ​រប​ស់​រដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន ឬក៏​របស់​ភាគី​ណា​ទាំងអស់​។ ផ្ទុយទៅវិញ អ្នកសារព័ត៌មាន គឺជា​មិត្តភក្ដិ​របស់​ស្ថាប័ន និង​បុគ្គល​គ្រប់ភាគី​៖ «​ពី អ្នកសារព័ត៌មាន លោក​បាន​ស្វះ​ស្វែងរក​អ្វី​ដែលជា​ចំណុច​អវិជ្ជមាន ដើម្បីឱ្យ​សង្គម​ហ្នឹង​ផ្លាស់​ទៅជា​វិជ្ជមាន​វិញ​។ ដូច្នេះ​អ្នកសារព័ត៌មាន​គ្មាន​ចេតនា ទោះបី​រឿង​នោះ​ជា​រឿង​អវិជ្ជមាន​ក៏ដោយ​។ អ៊ីចឹង​នៅពេលដែល​អ្នកសារព័ត៌មាន​ផ្សព្វផ្សាយ​ពី​រឿង​អវិជ្ជមាន​ទៅលើ ទាំង​ស្ថាប័ន​រដ្ឋាភិបាល ទាំង​ស្ថាប័ន​មិនមែន​រដ្ឋាភិបាល គឺ​ពួកគាត់​ត្រូវតែ​ស្វះស្វែង​ធ្វើការ​ស៊ើបអង្កេត​ឱ្យបាន​ច្បាស់លាស់ ថា តើ​រឿង​ហ្នឹង​ពិត​ឬ​អត់​? ប្រសិនបើ​រឿង ហ្នឹង​ជា​រឿង​ពិត គួរតែ​ស្វះ​ស្វែងរក​យុត្តិសាស្ត្រ​យ៉ាងណា ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​។ នេះ​ជា​ចំណុច​សំខាន់​សម្រាប់​រាជរដ្ឋាភិបាល​ក៏ដូចជា អាជ្ញាធរ​នៅ​ថ្នាក់មូលដ្ឋាន​»​។​

ករណី​អ្នកកាសែត ដែល​ត្រូវគេ​សម្លាប់​នៅក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន ១៣ នាក់​ហើយ ចាប់តាំងពី​ឆ្នាំ ១៩៩៤ មក​។ ដោយឡែក​នៅ​ឆ្នាំ ២០១៤ មាន​អ្នកកាសែត​ចំនួន ៣ នាក់​ត្រូវបាន​សម្លាប់ គឺ​ទី ១ អ្នកកាសែត​មាគ៌ា​កម្ពុជា លោក សួន ច័ន្ទ ត្រូវគេ​វាយ​សម្លាប់​ខេត្តកំពង់ឆ្នាំង កាលពី​ខែមករា ទី​២ អ្នកកាសែត​ជនជាតិ​កាណាដា ដេ​វ វ៉ក​ឃើ​រ (Dave Walker) ត្រូវ បាន​គេ​រកឃើញ​សាកសព​ក្នុង​ខែកុម្ភៈ នៅ​ខេត្តសៀមរាប និង​ទី​២ អ្នកកាសែត និង​សមាជិក​របស់​សមាគម​សារព័ត៌មាន​ខ្មែរ​អ្នកប្រជាធិបតេយ្យ គឺ​លោក តាំង ទ្រី ក៏​ត្រូវគេ​បាញ់សម្លាប់​នៅ​ខេត្តក្រចេះ កាលពី​ខែតុលា​។ អាជ្ញាធរ​ចាប់បាន​ជនសង្ស័យ ៣ នៅក្នុង​ករណីនេះ​។​
​ថ្មីៗ នេះ តុលាការខេត្ត​កំពង់ឆ្នាំង បាន​ចោទប្រកាន់​ជនសង្ស័យ​ម្នាក់​នៅក្នុង​ករណី​សម្លាប់​អ្នកកាសែត គឺ​លោក សួន ច័ន្ទ​។​

សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ (IFJ) មាន​សមាជិក​ជាង ៦០ ម៉ឺន​នាក់ ស្វាគមន៍​ចំពោះ​ការចោទប្រកាន់​អ្នក​សម្លាប់​លោក សួន ចាន់ ក៏ប៉ុន្តែ​ត្រូវតែ​ស្វែងរក​ចាប់ខ្លួន​អ្នក​សម្លាប់​ផ្សេងទៀត​។​

មិនទាន់​ទទួលបាន​ការឆ្លើយតប​ណាមួយ​ពី​រាជរដ្ឋាភិបាល​ទេ នៅ​ថ្ងៃអាទិត្យ ទី ២ វិច្ឆិកា​៕ ប្រភព៖rfa

Untitled-3សាកសព​លោក តាំង ទ្រី ដែល​ឃាតក​សម្លាប់ និង​រថយន្ត​របស់ខ្លួន កាលពី​ថ្ងៃទី ១២ តុលា ២០១៤​។
​រូបថត​៖ កាសែត​និស្សិត​ខ្មែរ