បង្ក្រាប​ក្រុម​ចែកចាយ​គ្រឿងញៀន និង​គាស់​ផ្ទះ​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ជនសង្ស័យ​៨​នាក់​ត្រូវបាន​អធិការនគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ចែកចាយ​គ្រឿងញៀន និង​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​លួច​ទ្រព្យសម្បត្តិ​យ៉ាងសកម្ម​ក្នុង​មូលដ្ឋាន​។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​អធិការនគរបាល​ខ​ណ្ឌ​ពោធិ​សែន​ជ័យ លោក យឹម សារ៉ាន់ បាន​ថ្លែងថា ក្រោយ​ទទួលបាន​ព័ត៌មាន​នៃ​សកម្មភាព​ចែកចាយ​គ្រឿងញៀន និង​គាស់​ផ្ទះ​ពី​ប្រជាពលរដ្ឋ នៅ​តំបន់​នោះ​រួចមក លោក​បាន​សុំ​បទបញ្ជា​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ និង​ក្រោម​ការសម្របសម្រួល ពី​តំណាង​អយ្យការ​ផង​នោះ បាន​ចុះទៅ​បង្ក្រាប និង​ចូល​ឆែកឆេរ​ក្នុង​បន្ទប់​ជួល​ជាក់ស្តែង​រហូត ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់ ក្នុងនោះ​ស្រី​៣​នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង និង​ថ្នាំញៀន​មួយចំនួន​ផងដែរ​។​
​លោក​អធិការ​បាន​បន្តទៀតថា សម្រាប់​ជនសង្ស័យ​ទាំងនេះ ត្រូវបាន​នាំខ្លួន​ភ្លាមៗ មកកាន់​អធិការដ្ឋាននគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យដើម្បី​បន្ត​សួរនាំ​ចាត់ការ​តាមច្បាប់​បន្តទៀត​៕

12718112_486901311512228_4333657672795169299_n