ឧទ្ធម្ភាគចក្រ UN ១​គ្រឿង​ត្រូវ​បាញ់​ទម្លាក់​នៅ​ភាគខាងត្បូង​ស៊ូដង់​ស្លាប់ ៣ នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2014 ក+ ក-

ឧទ្ធម្ភាគចក្ររ​សប់​អង្គការសហប្រជាជាតិ​១​គ្រឿងត្រូវ​បាញ់​ទម្លាក់​នៅ​តំបន់​ដាច់ស្រយាល​ភាគខាងត្បូង​ប្រទេស​ស៊ូដង់ កាលពី​ថ្ងៃអង្គារ ទី​២៦ សីហា បណ្តាល​ឲ្យ​មនុស្ស ៣ នាក់ ស្លាប់ ។​
​មន្ត្រី UN បាន​បញ្ជាក់ថា ក្រុម​អាកាសយានិក ៣ នាក់ បាន​ស្លាប់ បន្ទាប់ពី​ឧទ្ធម្ភាគចក្រ​ដឹកជញ្ជូន Mi-8 បាន​ជួប​គ្រោះថ្នាក់​នៅ​ជិត​តំបន់ Bentiu ក្នុង​ភាគ​ខាងជើង ហើយ​កំពុង​ស៊ើបអង្កេត​ករណីនេះ យ៉ាង​យកចិត្តទុកដាក់ ។​Bentiu គឺជា​តំបន់​ដែល​កំពុងមាន​ជម្លោះ​យ៉ាង​ក្តៅគគុក​រវាង​រដ្ឋាភិបាល និង​ក្រុម​ឧ​ទ្ធា​ម ។​
​អ្នកនាំពាក្យ​រដ្ឋាភិបាល​នៃ​រដ្ឋ​ភាគ​ខាងជើង Bahr el-Ghazal លោក Akol Ayom Wek បាន​និយាយថា មេបញ្ជាការ​ឧទ្ទាម​ស៊ូដង់​ខាងត្បូង​ឈ្មោះ Peter Gadet បានធ្វើការ​ព្រមាន​ដល់ UN កាលពី​សប្តាហ៍​មុន​ថា មិន​ឲ្យ​ហោះហើរ​នៅលើ​ទឹកដី​របស់ខ្លួន​ទេ ។​
​លោក​អះអាងថា កងកម្លាំង​របស់លោក Gadet ជា​អ្នកបាញ់​ទម្លាក់​ឧទ្ធម្ភាគចក្រ​នេះ ដោយ​ប្រើប្រាស់​គ្រាប់​រ៉ូ​កែ​ត ៕