ឧ​ត្ត​ម​សេនីយ​ម្នាក់​ពាក់ព័ន្ធ​រថយន្ត​អូ​ឌី​ពាក់​លេខ​ន​.​ប​ដែល​មេក្លោង​ជួញដូរ​គ្រឿងញៀន​ជិះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 April, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​រថយន្ត​អូ​ឌី​ដែល​ពាក់​ស្លាក​លេខ​នគរបាល 2-0621 ដែល​ប៉េអឹម​បាន​ដកហូត​នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន ត្រូវបាន​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​អះអាងថា ជា​ឡាន​របស់លោក​ឧ​ត្ត​ម​សេនីយ៍ រស់ ឧស្សាហ៍ អគ្គាធិការរង នៃ​អ​គាគ​ធិ​ការដ្ឋាន​កិច្ចការ​នយោបាយ រដ្ឋបាល និង​នគរបាល នៃ​ក្រសួងមហាផ្ទៃ​។ មន្ត្រី​រូបនោះ​បញ្ជាក់ថា ស្លាក​លេខ​នគរបាល​ដែល​បាន​បំពាក់​នៅលើ​រថយន្ត​នោះ គឺជា​ស្លាក​លេខ​ពិតប្រាកដ មិនមែន​ក្លែង​ក​ក្លាយ​ទេ​។​
​មន្ត្រី​ក្រសួង​ដដែល​បាន​បន្ថែមថា កម្លាំង​ជំនាញ​របស់​ក្រសួងមហាផ្ទៃ កំពុងតែធ្វើការ​សាកសួ​រលោក​ឧ​ត្ត​ម​សេនីយ៍ រស់ ឧស្សាហ៍ អំពី​ដើមចម​ដែល​នាំ​ឲ្យ​ជនសង្ស័យ​យក​ឡាន​នោះ​ទៅ​ជិះ រហូត​ឈានដល់​ការប្រព្រឹត្ត​បទល្មើស​។​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ឲ្យ​ដឹងថា រឿង​ឡាន​អូ​ឌី​ពាក់​ស្លាក ន​.​ប ២-០៦២១ ខាង​ក្រសួងមហាផ្ទៃ​កំពុងតែ​ស្រាវជ្រាវ ហេតុ​អី​បានជា​ឡាន​នឹង​នៅ​កន្លែងកើតហេតុ​។ ហើយ​ឡាន​នេះ មាន​ម្ចាស់​ឈ្មោះ រស់ ឧស្សាហ៍ បាន​លក់​ឡាន​ទៅ​ឲ្យ​ប្រពន្ធ​ជនសង្ស័យ ដែល​អាវុធហត្ថ​បាន​បាញ់​ស្លាប់​។ ប៉ុន្តែ​អ្នក​ឈរឈ្មោះ​ឡាន​នឹង​ឈ្មោះ​ផ្សេង ជា​ជំនួយការ​របស់លោក រស់ ឧស្ស​ហ៍​”​។​
​ប្រតិបត្តិ​បង្ក្រាប​ក្រុម​ជួញដូរ​គ្រឿងញៀន ដែល​បាន​បាញ់​តដៃ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉េអឹម ដូច​នៅក្នុង​សមរភូមិ​ប្រយុទ្ធ កាលពី​រសៀល​ថ្ងៃទី​២៧ ខែមេសា ធ្វើ​ឲ្យ​កក្រើក​នៅក្នុង​រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​មេក្លោង​គ្រឿងញៀន​ម្នាក់​ស្លាប់ និង​បក្ខពួក​៥​នាក់ ត្រូវបាន​ចាប់ខ្លួន ដកហូត​បាន​កាំភ្លើង​វែង​-​ខ្លី ចំនួន​៥​ដើម រួមទាំង​ឡាន​ទំនើប​ម៉ាក អូ​ឌី ពាក់​ស្លាក​នគរបាល និង Luxus RX300 និង​វត្ថុតាង​មួយចំនួនទៀត ។​
​មន្ត្រីជាន់ខ្ពស់​អាវុធហត្ថ​បាន​ប្រាប់ ឲ្យ​ដឹងថា ជនសង្ស័យ​ចំនួន​៥​នាក់ និង​មេក្លោង​ដែល​ស្លាប់ មានឈ្មោះ​ដូចជាៈ ១.​ឈ្មោះ លី វីរៈ អាយុ​៣៧​ឆ្នាំ ចាប់​នៅ​ភូមិ​ត្រពាំង​ឈូក ទល់មុខ​ពេទ្យ​លោកសង្ឃ ដកហូត​គ្រឿងញៀន​២០៦​គ្រាប់​។ ២.​ឈ្មោះ ស៊ុន ដា​រ៉ា អាយុ​២៣​ឆ្នាំ​។ ៣.​ឈ្មោះ ទី អៀង អាយុ​៤៥​ឆ្នាំ​។ ៤.​ឈ្មោះ លី កុក​ហ៊ុយ ហៅ​ប៉ា​ហ្គិ​ច អាយុ​៦៤​ឆ្នាំ និង​ទី​៥.​ឈ្មោះ ត្រាវ រិ​ទ្ធា​រ៉ា អាយុ​១៨​ឆ្នាំ​។ ចំណែក​មេខ្លោង​ដែល​បាញ់​ស្លាប់​ឈ្មោះ លី តេង​។​
​វត្ថុតាង​ដែល​ដកហូត​រួមមានៈ កាំភ្លើង​វែង​.​ខ្លី ចំនួន​៦​ដើម មានដូចជាៈ ខ្លី​៥ វែង​១ គឺ ប្រាប់​ហា​១​ដើម​, K59 ២​ដើម​, HERSTAL ១​ដើម​, AK ១​ដើម​, K54 ១​ដើម និង​កាកសំណល់​គ្រឿងញៀន​មួយចំនួនធំ (​ដុតចោល​ក្នុង​កន្ត្រក​.​ចាក់​គ្រឿងញៀន​ចោល​ចូលទៅក្នុង​បង្គន់​) និង​រថយន្ត​២​គ្រឿង ម៉ាក Luxus RX300 នឹង ម៉ាក អូ​ឌី ស្លាក​លេខ​នគរបាល៕

index.jpg13index.jpg14index.jpg12