ទម្លាយ​ព័ត៌មាន​លម្អិត​ស្តីពី​ការបង្ក្រាប​មេក្លោង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ទម្លាយ ព័ត៌មាន​លម្អិត ស្តីពី​ប្រតិបត្តិការ បង្ក្រាប​មេក្លោង​ធំ ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ព្រមទាំង​សាវតា និង​សកម្មភាព​ជួញដូរ​របស់​ពួកវា​។​
​តាម​ព័ត៌មាន ដែល​ទម្លាយ​ចេញ​ដោយ​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹងថា តាម​ការចង្អុលបង្ហាញ​របស់​ឈ្មោះ លី វីរៈ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះទៅ​បង្ក្រាប​សំបុក​មេក្លោង​ធំ​ជួញដូរ​គ្រឿងញៀន​មួយកន្លែង នៅ​ផ្លូវ​លេខ​៣៥១ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ខណៈពេល​ប្រតិបត្តិការ​ជនល្មើស​បាន​បាញ់ប្រហារ​មកលើ​សមត្ថ​កិច្ច​អាវុធហត្ថ​ត្រូវរបួស​ម្នាក់​ធ្វើ​ឲ្យ​មានការ​បន្ថែម​កម្លាំង​អាវុធហត្ថ​និង​មានការ​ចូលរួម​សហកា​រ​ពី​កម្លាំង​នគរបាល ទៅ​ហ៊ុមព័ទ្ធ​កន្លែងកើតហេតុ ដោយមាន​ការបាញ់​តបត​គ្នា ជាច្រើន​រយ​គ្រាប់ កក្រើក​រាជធានី​ភ្នំពេញ​។​
​ជា​លទ្ធផល​បណ្តាលឱ្យ​អាវុធហត្ថ​ម្នាក់​ដែល​របួស​ត្រូវបាន​ពលី​ពេលទៅដល់​មន្ទីរពេទ្យ និង ងាប់​ជនល្មើស​ម្នាក់​នៅនឹងកន្លែង ឃាត់ខ្លួន​ជនសង្ស័យ​សរុប​បាន​៥​នាក់ ដកហូត​អាវុធ​ជនល្មើស​បាន​៦​ដើម​(​អាវុធខ្លី​៥​ដើម អាវុធ​វែង​១​ដើម​) រថយន្ត​២​គ្រឿង ម៉ូតូ​៤​គ្រឿង ជនល្មើស​បាន​ចាក់​បំផ្លាញ​ថ្នាំញៀន​ចោល ចូលទៅក្នុង​បង្គន់ និង​ដុតបំផ្លាញ​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត​។ ជនល្មើស​ដែល​ងាប់ មាន​ឈ្មោះថា លឹម តេង ឈ្មោះ​ដើម លឹម គឹម​តេង គឺជា​មេក្លោង​ធំ​ក្នុង​ការជួញដូរ​គ្រឿងញៀន​និង​ធ្លាប់​ជាប់គុក​រយៈពេល​១​ឆ្នាំ​ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​
​ចំណែក​៥​នាក់​ទៀត ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​រួមមាន​៖​ទី​១-​ឈ្មោះ លឹម កុក​ហ៊ុយ ហៅ​ប៉ា​ហ្គិ​ច ជា​ពូ​ថ្លៃ​របស់​មេក្លោង​ធំ​ដែល​ងាប់​, ២-​ឈ្មោះ ទី អៀង ជា​បងថ្លៃ​របស់​មេ​ង​ក្លោង​ធំ​ដែល​ងាប់​, ៣-​ឈ្មោះ ស៊ុន ដា​រ៉ូ ហៅ​ឈិ​ត ជា​បក្ខពួក​, ៤-​ឈ្មោះ ត្រាវ រិ​ទ្ធា​រ៉ា ជា​បក្ខពួក​,​និង ទី​៥-​ឈ្មោះ លី វីរៈ ជា​បក្ខពួក​។ ក្រុម​ទាំងអស់នេះ មានមុខ​របរ​ជួញដូរ​គ្រឿងញៀន ក្រោម​រូ​ម​ភាព​ធ្វើ​ទាខ្វៃ ដែលមាន​យីហោរ លី កុក​ហ៊ុយ ដើម្បី​បិទបាំង​របរ​ជួញដូរ​គ្រឿងញៀន​របស់​ខ្លួន​។​
​តាម​ការស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​សន្និដ្ឋាន​ថា​ក្រុម​នេះ​អាចមាន​ការ​ចរាចរណ៍​គ្រឿងញៀន ពី​កន្លែង​១​ទៅ​កន្លែង​១ តាមរយៈ​ការ​លាក់​គ្រឿងញៀន​ក្នុង​ទាខ្វៃ​ផងដែរ​។ អំពី​សាវតា​របស់​មេក្លោង​ធំ​ជួញដូរ​គ្រឿងញៀន លឹម គឹម​តេង គឺ​មុន​ឆ្នាំ​២០០៧ ឈ្មោះ លឹម គឹម​តេង គឺជា​កូនជឹង និង​ជាម​នុស្ស​ជំនិត របស់​មេក្លោង​ផលិត និង​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ ឈ្មោះ ឡាំ ប៊ុន​ខេង (​បច្ចុប្បន្ន​ឡាំ ប៊ុន​ខេង បាននិងកំពុង​ជាប់​ក្នុង​ពន្ធនាគារ PJ ) ដោយ​ជាប់ចោទ​ពីបទ​ផលិត និង​ជួញដូរ​គ្រឿងញៀន​ហើយ​ត្រូវបាន​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ជា​អ្នក​បង្ក្រាប​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៦-​ខែសីហា ឆ្នាំ​២០០៧ និង​ចាប់​យកបាន​វត្ថុតាង​ជាច្រើន​រួមមាន ម៉ាស៊ីន​ផលិត​គ្រឿងញៀន ព្រមទាំង​ថ្នាំញៀន សារធាតុ​គីមី​ផ្សំ​សម្រាប់​ផលិត​គ្រឿងញៀន និង​វត្ថុតាង​ផ្សេងៗ​ជាច្រើន​ទៀត ។ បន្ទាប់ពី ឡាំ ប៊ុន​ខេង ជាប់គុក​ទៅ គឺ​ឧក្រិដ្ឋជន លឹម គឹម​តេង ចាប់ផ្តើម​ដើរតួនាទី​ជំនួស ឡាំ ប៊ុន​ខេង ម្តង​ដោយ​ធ្វើការ​ជួញដូរ​ថ្នាំញៀន​យ៉ាង​ពេញបន្ទុក​រហូតដល់​ថ្ងៃ​ដែល​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​ចាប់ខ្លួន បញ្ជូនទៅ​គុក​ព្រៃ​ស​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែមេសា ឆ្នាំ​២០១៣ និង​ដោះលែង​វិញ​នៅ​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៤ បន្ទាប់ពី​អនុវត្ត​ទោស​បាន​មួយឆ្នាំ​។ ក្នុងអំឡុងពេល​ជាប់គុក ឧក្រិដ្ឋជន លឹម គឹម​តេង វា​មានការ​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយនិង​អា​លាង ជនជាតិ​វៀតណាម ជា​ទណ្ឌិត​ដែល​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃើញថា ជា​ក្រុម​មេក្លោង​ជាមួយ​ជនជាតិ​នី​ហ្សេ​រី​យ៉ា ក្នុងការ​ចាត់ចែង​បញ្ជា​លក់​ទិញ​ថ្នាំញៀន​ពី​ក្នុង​ពន្ធនាគារ​មក​ខាងក្រៅ​។​
​តាម​ចម្លើយ​របស់ លី វីរៈ ក៏​ធ្លាប់​ជាប់ពន្ធនាគារ ពីបទ​ឆក់​ខ្សែក ដោយ​ឃុំខ្លួន នៅ​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៣ នៅក្នុង​បន្ទប់​ឃុំខ្លួន​អាគារ​A4 ជាមួយ លឹម គឹម​តេង ហើយ​បាន​ស្គាល់គ្នា​។ លី វីរៈ ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ នៅ​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៥​។​
​ក្រោយពេល​ចេញពី​ពន្ធនាគារ លី វីរៈ​បាន​ស្កា​ត់ទៅ​ជួប ឧក្រិដ្ឋជន លឹម គឹម​តេង ដើម្បី​សុំ​ធ្វើការ​ជាមួយ​។ ឧក្រិដ្ឋជន លឹម គឹម​តេង បាន​បន្ត​មុខរបរ​ចាស់​របស់ខ្លួន គឺ​ជួញដូរ​គ្រឿងញៀន​ដដែល ហើយ​ធ្វើ​រឹតតែ​ធំ​ជាង​មុន និង​ឆ្លាត​ជាង​មុន សូម្បីតែ​សំបុក​របស់​វា មាន​របង​បិទ​ជិត​កំពស់​ជិត​៤​ម៉ែត្រ ចិញ្ចឹម​ឆ្កែ​ប៊ែ​ក​សេ​ដាក់​ទ្រុង​នៅមុខ​ផ្ទះ​ក្រៅរបង ចាប់​កាមេរ៉ា​សុវត្ថិភាព​ជុំវិញ​ផ្ទះ និង​យក​របរ​ខ្វៃ​ទាល​ក់ បំភាន់​ភ្នែក​មហាជន​ក៏ដូចជា​សមត្ថកិច្ច តែ​ជាក់ស្តែង​ក្រុម​វា​ខ្វៃ​ទា ត្រឹមតែ​១០ ទៅ​១៤​ក្បាល​ប៉ុណ្ណោះ​ក្នុង​១​ថ្ងៃ​៕

V_013633c0e1dfc6e4d07a9dfefddb544629e5