​ឧកញ៉ា ថោង សារ៉ាត់ រំលោភ​កិច្ចសន្យា​ហើយ​ប្តឹង​អតិថិជន​ទៅ​តុលាការ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 November, 2014 ក+ ក-

ភ្នំពេញ ៖ មេ​ឈ្មួញឈ្មោះ ថោង សារ៉ាត់ ដែល មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ កំពុង​ប្រឈមមុខ​ជាមួយ​អតិថិជន​ជាច្រើន​គ្រួសារ​ជា​អ្នកទិញ​ផ្ទះល្វែង​បុរី​៩៩៩ នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ។ ប្រជាពលរដ្ឋ​២៩​គ្រួសារដែល​ទិញ​ផ្ទះ ល្វែង​នៅក្នុង​បុរី​៩៩៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​វាល​ស្បូវ​បាន​ចោទប្រកាន់​ឧកញ៉ា ថោង សារ៉ាត់ ថា​បាន​លក់​សួនច្បារ​ដែលជា​ទីធ្លា ចត​រថយន្ត​របស់​ពួកគាត់ ដោយ​រំលោភបំពាន​លើ​កិច្ចសន្យា​ទិញ​លក់​ផ្ទះល្វែង​នាពេល​កន្លងមក​។​

​ប្រភពពី​អតិថិជន​ចំនួន​២៩​គ្រួសារ​បាន​ឲ្យ​ដឹងថា ពួកគាត់​ទិញ​ផ្ទះល្វែង​ក្នុង​បុរី​៩៩៩ រយៈពេល​២​ទៅ​៣​ឆ្នាំមកហើយ ដោយ​កាលនោះ​ក្រុមហ៊ុន​របស់​ឧកញ៉ា ថោង សារ៉ាត់ បាន​ផ្សព្វផ្សាយ​ដោយ​ដាក់បញ្ចូល​យ៉ាងច្បាស់​ជាមួយ​តម្លៃគុណភាពទីតាំង ទីធ្លា សួនច្បារ ទើប​ពួកគាត់​ព្រម​ទិញ​ផ្ទះ​ដើម្បី​រស់នៅ ហើយ​ក្រុមហ៊ុន​ក៏បាន​សន្យា​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ចូលទៅ​បុរី​ដែលមាន សួនច្បារ​នៅ​កណ្តាល​ផងដែរ​។ ប៉ុន្តែ​ក្រោយមក​ក្រុមហ៊ុន មិនបាន​អនុវត្តន៍​តាម​កិច្ចសន្យា​នោះទេ ហើយ​ដី​ដែល​ក្រុមហ៊ុន​គ្រោង​ធ្វើ​ផ្លូវ​មួយ​ចំហៀង​ទៀត​នោះ​ត្រូវ​លក់​ទៅ​ឲ្យ អ្នកផ្សេង​បាត់ទៅហើយ​។ មិនតែប៉ុណ្ណោះ​មេ​ឈ្មួញ ថោង សារ៉ាត់ បានអនុញ្ញាត​ឲ្យ​មានការ​សាងសង់​ភោជនីយដ្ឋាន​លក់​គ្រឿង​ស្រវឹង​ពេលយប់​នៅ សួនច្បារ​នោះ​តែម្តង​។​

អតិថិជន​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៤ មាន​ជាង​មួយក្រុម​បានមក​ឈូសឆាយ​ទីតាំង​សួនច្បារ​នេះ ដោយ​ជីករណ្តៅ​ប្រុង​សាងសង់ ប៉ុន្តែ​ពួកគាត់​បាន​ហាមឃាត់​ហើយ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៤ ឈ្មួញ​យួន ថោង សារ៉ាត់ បាន​បញ្ជា​ឲ្យ​អង្គរក្ស​៦​នាក់មក​ការពារ​ការ​ឈូសឆាយ​សាងសង់​សំណង់​ថ្មី នាំ​ឲ្យ​ការតវ៉ា​ជំទាស់​កាន់តែ​ខ្លាំងក្លា រហូត​មាន​អភិបាលរងខណ្ឌ​ច្បារអំពៅ​ម្នាក់​ជួយ​សម្របសម្រួល​តែ​ឥតប្រយោជន៍​។

នៅក្នុង​ករណីនេះ​ឈ្មួញ​ ថោង សារ៉ាត់ ជា​អ្នករំលោភ​លើ​កិច្ចសន្យា​ដោយ​ខ្លួនឯង​តែ​គេ​បែរជា​ដាក់ពាក្យ​បណ្តឹង​ទៅ សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ចោទប្រកាន់​ប្រជាពលរដ្ឋ​ទាំង​២៩​គ្រួសារ​ថា​បាន​លួច​និង​បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិ​របស់ខ្លួន ក្នុង​ថ្ងៃ​មាន​ជម្លោះ​ដំបូង​ទៅវិញ​។ នេះ​ជា​អំពើ​ដ៏​អាក្រក់​បំផុត​របស់​មេ​ឈ្មួញ​យួន ថោង សារ៉ាត់ ដែល​បំពាន​កិច្ចសន្យា​ហើយ ហ៊ាន​ប្តឹង​បក​ទៅ​អតិថិជន​របស់ខ្លួន​ថែមទៀត ដូច្នេះ​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​ចាត់ការ​មេ​ឈ្មួញ រូបនេះ​តាមផ្លូវ​ច្បាប់​ជា​ធរមាន​៕SSN