ភ្នំពេញ៖នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ ដឹកនាំដោយ លោក នុត ពុធដារ៉ា ប្រធានកិត្តិយសអនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាទៅចែកជូនដល់ចាស់ជរាគ្មានទីពឹង ប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងស្ត្រីទើបឆ្លងទន្លេរួច ចំនួន ២០គ្រួសារ នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មានប្រសាសន៍នាឱកាសនោះ លោកប្រធានកិត្តិយសអនុសាខា បានលើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ដល់សុខទុក្ខប្រជាពលរដ្ឋយើងនៅតាមមូលដ្ឋានពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយមិនប្រកាន់ពីនិន្នាការនយោបាយ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌ សម្បុរអ្វីទាំងអស់ ពោល គឺទីណា
មានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជា។
លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងចាកឆ្ងាយពីការប្រើប្រាស់គ្រឿងញៀន។ លោកបញ្ជាក់ថា ចំពោះស្ត្រីមានផ្ទៃពោះ និងស្ត្រីផ្ទុកមេរោគអេដស៍មានផ្ទះពោះ សូមទៅពិនិត្យសុខភាពឲ្យបានទៀងទាត់នៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពតាមកាលកំណត់របស់គ្រូពេទ្យដើម្បីចូលរួមកាត់បន្ថយអត្រាមរណមាតា និងទារក និងដើម្បីការពារការឆ្លងមេរោគអេដស៍ពីមាតាទៅទារកផងដែរ។ ជាពិសេសសូមបងប្អូនទាំងអស់ថែរក្សាទឹកទុកសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ប្រចាំថ្ងៃ ព្រោះ រដូវប្រាំងឆ្នាំនេះ មានភាពក្តៅខ្លាំង និងមានការខ្វះខាត់ទឹកប្រើប្រាស់ក្នុងតំបន់មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើង។
អំណោយដែលផ្តល់ជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០ គីឡូក្រាម មីយើង ១កេស ត្រីខ ១០ កប៉ុង ឃីត ១(សារុង១ មុង១ ភួយ១ ក្រមា១) ថវិកា៣០.០០០រៀល៕