ទូត​អាមេរិក​បដិសេធ​មិនបាន​រៀបចំ​បដិវត្តន៍​​ពណ៌​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោក William A. Heidt អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា បាន​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​ថា សហរដ្ឋអាមេរិក ពុំមាន​ការពាក់ព័ន្ធ​ទៅនឹង​គម្រោង​ធ្វើ​បដិវត្តន៍​ពណ៌ នៅក្នុង​ប្រទេស​កម្ពុជា​នោះទេ​។ នេះ​បើតាម​ការ​ថ្លែង​ពី​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ជុំ សុន្ទរី នៅ​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦​នេះ ក្រោយ​បញ្ចប់​ជំនួប​រវាង លោក William A. Heidt អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​នៅ​កម្ពុជា ជាមួយ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​កម្ពុជា នៅ​ទីស្តីការ​ក្រសួងការបរទេស នៅ​ព្រឹក​មិញ​នេះ​។​
​លោក ជុំ សុន្ទរី បាន​បញ្ជាក់ថា លោក​អគ្គរដ្ឋទូត​អាមេរិក បាន​អះអាង​នៅ​ចំពោះមុខ​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ថា​សហរដ្ឋអាមេរិក​បាន​យល់​យ៉ាងច្បាស់​ថា អ្វីខ្លះ​ដែល​ខ្លួន​គួរ​ធ្វើ អ្វីខ្លះ​ដែល​ខ្លួន​មិនគួរ​ធ្វើ​។​
​គួរ​បញ្ជាក់ថា នា​ថ្មីៗ​នេះ សារព័ត៌មាន​មួយចំនួន បាន​ផ្សព្វផ្សាយ​អំពី​ទស្សនៈ​មួយ ដែល​បាន​លើកឡើងថា យុទ្ធនាការ​ស្លៀកពាក់​ដែល​បង្កើតឡើង ដោយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី​មួយចំនួន ដើម្បីឱ្យ​ដោះលែង មន្ត្រី​អាដហុក​៤​រូប និង​អគ្គលេខាធិការរង គ​.​ជ​.​ប នោះ បាន​ធ្វើឡើង​បន្ទាប់ពី​ពួកគេ បាន​ជួប​ជាមួយ​អគ្គរដ្ឋទូត​អាមេរិក​។ ទស្សនៈ​មួយចំនួន​បាន​យល់ថា គម្រោង​ធ្វើ​យុទ្ធនាការ ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ កាលពី​ថ្ងៃ​ចន្ទ​នោះ ទំនងជា​មានការ​ជំរុញ​ដោយ​ស្ថានទូត​អាមេរិក​៕

13131568_1599816186999413_3074120590279450494_o13064580_1599816193666079_5268252391517943671_o