ខេត្តពោធិ៍សាត់៖កម្លាំងនគរបាលស្រុកក្រគរបានព័ទ្ធចាប់យុវជនម្នាក់បានភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនារីរងគ្រោះ ពាក់ព័ន្ធករណីរំលោភបានសម្រេច។
ហេតុការណ៍នេះបានកើតឡើង នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចក្រោមដើមស្វាយចន្ទីរ ក្បែរអណ្ដូងទឹកខាងក្រោយផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរបានប្រាប់ថា នៅក្នុងពាក្យបណ្ដឹងនោះ នារីរងគ្រោះបានទាមទារសំណងជំងឺចិត្ត ជាសាច់ប្រាក់ ៧ពាន់ដុល្លារ និងបន្តអនុវត្តន៍តាមច្បាប់ផងដែរ។ លោកបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ផាត់ វិរៈ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជ្រលង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។ ចំណែកនារីរងគ្រោះ ឈ្មោះ ទ សភ អាយុ២០ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា។ បច្ចុប្បន្នកម្លាំងជំនាញកំពុងបំពេញសំណុំរឿង ដើម្បីបញ្ជូនជនសង្ស័យ ទៅការិល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការតាមនីតិវិធី៕