រាជធានីភ្នំពេញ៖បុរសម្នាក់ដែលគេស្គាល់ថាជាតារាចម្រៀងដ៏ល្បីមួយរូបរួមនិងស្រីស្រស់ស្អាតម្នាក់បានបើករថយន្តស៊េរីទំនើប១គ្រឿងទៀតម៉ាក RANGE ROVER បុកចំពីមុខពេញទំហឹងជាមួយ១គ្រឿងទៀត ម៉ាក Celica បណ្តាលឲ្យបុរសម្នាក់បានស្លាប់ដោយគៀបជាប់នៅក្នុងរថយន្ត។
ហេតុការណ៍នេះកើតឡើង នៅម៉ោង១២ និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំង ស្ថាននីយប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ បុរសជាជនរងគ្រោះមានឈ្មោះ លី ការីម អាយុ៣១ឆ្នាំ ជាបុគ្គលិកធនាគារអម្រិត ស្នាក់នៅក្នុងភូមិគីឡូម៉ែត្រលេខ៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។
ប្រភពព័ត៌មានជុំវិញកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្ត១គ្រឿងទៀត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿនដូចគ្នាទិសដៅបញ្ច្រាសគ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នា ចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ Celica ស្លាប់គៀបជាប់ក្នុងរថយន្ត។
ប្រជាពលរដ្ឋឃើញហេតុការណ៍បាននិយាយថា អ្នកបើករថយន្ត Range Rover ត្រូវបានគេស្គាល់ថា ជាតារាចំរៀងមួយរូបក្នុងផលតកម្មថោន និងរួមដំណើរដោយនារីស្រស់ស្អាតម្នាក់ទៀត បានចុះមកពីលើរថយន្តរួចគេចខ្លួនបាត់ រីឯរថយន្តទាំង២គ្រឿង រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ និងសហការជាមួយជំនាញធ្វើការវាស់វែងស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕