រាជធានីភ្នំពេញ៖នៅព្រឹកព្រលឹមថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៦នេះ ដែលត្រូវនឹងថ្ងៃទី១៥កើត ខែពិសាខ ចំថ្ងៃបុណ្យពិសាខបូជា ក្បូនដង្ហែព្រះសារីរិកធាតុ ត្រូវបានដង្ហែចេញពីព្រះបរមរាជវាំង ដើម្បីយកទៅតម្កល់ នៅព្រះសក្យមុនីចេតីយ៍ នៅភ្នំឧតុង្គវិញ ស្ថិតនៅស្រុកពញាឮ ខេត្តកណ្តាល។
ក្បែរដង្ហែព្រះសារិរិកធាតុនៅព្រឹកនេះ គេសង្កេតឃើញមានការចូលរួមយ៉ាងច្រើនកុះករ ពីព្រះសង្ឃ យាយជី តាជី សិស្សានុសិស្ស ពុទ្ធបរិស័ទ។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ បាននឲ្យដឹងថា ព្រះរាជពិធីដង្ហែ ចាប់ផ្តើមចេញពីព្រះបរមរាជវាំង ទៅតាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅវិថីព្រះអង្គឌួង មហាវិធីព្រះមុនីវង្ស ឆ្លងស្ពានជ្រោយចង្វារ ផ្លូវជាតិលេខ៦ ឆ្លងស្ពានព្រែកតាមាក់ និងស្ពានព្រែកក្តាម រួចចូលទៅកាន់ព្រះមហាសក្យមុនីចេតីយ៍ភ្នំអដ្ឋរស្ស (ភ្នំពេញឧតុង្គ)៕