​អតីត​ផ្កាយ​២​យោធា​ពាក់ព័ន្ធ​គ្រឿងញៀន តុលាការ​កំពូល​បើក​សាវ​នា​ការ​ដើមខែ​ក្រោយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​សំណុំរឿង​អតីត​ផ្កាយ​២​យោធា ចាន់ ឫទ្ធី​ឌី និង​គូកន​ម្នាក់ទៀត ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​៥​គីឡូក្រាម​តុលាការ​កំពូល​នឹង​បើកសវនាការ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ ខាងមុខនេះ​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​តុលាការ​កំពូល​។​
​អតីត​ផ្កាយ​២​យោធា ចាន់ ឫទ្ធី​ឌី និង គូកន​ឈ្មោះ ឌៀប ស៊ុន​ឡាយ ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង សាលាឧទ្ធរណ៍ ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ក្នុង​ម្នាក់ៗ​២០​ឆ្នាំ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទុះ​លេខ​44Eo ផ្លូវលំ ភូមិ​អូរអណ្ដូង​ទី​១ សង្កាត់​ព្រែកប្រា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១២ ។ ប៉ុន្តែ​សាលដីកា​នេះ ត្រូវបាន​ជនជាប់ចោទ​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​។​
​គួរ​បញ្ជាក់ថា អតីត​ផ្កាយ​២​យោធា ចាន់ ប្ញ​ទ្ឋី​ឌី និង ឈ្មោះ ឌៀប ស៊ុន​ឡាយ ត្រូវ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​២៤ និង​២៦ ខែសីហា ឆ្នាំ​២០១២​។ ក្នុងនោះ​សមត្ថកិច្ច​ដកហូត​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​ចំនួន​២០​សុង ទម្ងន់​៣៧១៩,៥​ក្រាម និង​ប្រភេទ​ម៉ា​ទឹកកក ចំនួន​៩៨៩,៩​ក្រាម រថយន្ត​៤​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​០១​គ្រឿង និង​សម្ភារ​មួយចំនួនទៀត ទុកជា​វត្ថុតាង​៕

13244669_1603923389922026_7814309456942561589_n