ខេត្តកំពង់ស្ពឺ៖កម្មការិនីម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែរថយន្តកុងតឺន័របើកបុកម៉ូតូ ខណៈនាងកំពុងជិះទៅធ្វើការនៅរោងចក្រ កាលពីវរលាម៉ោង០៦ និង១៥នាទីព្រឹកថ្ងៃទី២០ ឧសភា ២០១៦ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ០៤ គីឡូម៉ែត្រលេខ៣៣-៣៤ ត្រង់ចំណុចភូមិធ្លក ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពពីសាក្សីឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខកំពង់ ធំ3A-1777 ធ្វើដំណើរមកពីលិចទៅកើត ។ លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូពីក្រោយ ម៉ាកហុងដាC125 ស៊េរី2008 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ 1B-2650 ដែលកំពុងធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យអ្នកជិះម៉ូតូបែកក្បាលស្លាប់នៅកន្លែងកើតហេតុ។
ស្ត្រីរងគ្រោះដែលស្លាប់ឈ្មោះ ឃុត សុខេត ភេទស្រី អាយុ២៨ឆ្នាំ មានទីលំនៅភូមិកែវមុន្នី ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចំណែកតៃកុងបង្ក មិនត្រូវស្គាល់ឈ្មោះទេ បានរត់គេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់៕