ក្នុង​ឆ្នាំ​២០១៥ តំបន់ឆ្នេរ​សមុទ្រ​កម្ពុ​ជាមាន​ភ្ញៀវ​មក​កំសាន្ត​ជាង​៥៦​ម៉ឺន​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2016

ខេត្ត​ព្រះសីហនុ​៖​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ​កម្ពុជា​ទទួលបាន​នូវ​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ៤​លាន​៨​សែន​នាក់ កើនឡើង​៦,១% ។ ដោយឡែក​សំរាប់​តំបន់ឆ្នេរ​សមុទ្រ​វិញ ក្នុង​ឆ្នាំ​២០១៥​នេះដែរ​មាន​អ្នក​ទៅ​កំសាន្ត​ជាង​៥៦​ម៉ឺន​នាក់ កើនឡើង​៨,៥% និង សំរាប់​រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៦​នេះ ឆ្នេរសមុទ្រ​កម្ពុ​ជាមាន​អ្នក​ទៅ​កំសាន្ត ប្រមាណ​ជាង​២០​ម៉ឺន​នាក់ កើនឡើង​៣,២% ដែល​អាច​ចាត់ទុកថា​ជា​កំណើន​មួយ យ៉ាងគំហុក​នា​រយៈពេល​ចុងក្រោយ​នេះ​។​ ​
​នេះ​ជាការ​បញ្ជាក់​របស់​អគ្គ​លេខាធិការ​រង គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា​ឯកឧត្តម នី ផល្លី ក្នុង​កិច្ចប្រជុំ​ពិភាក្សា​លើ​ផែនការ​កែលម្អរ​ឆ្នេរ​កំសាន្ត​សាធារណៈ​ក្រុងព្រះសីហនុ​នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ ក្រោម​វត្តមាន​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា និង​ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​ឆ្នេរសមុទ្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៦ ឧសភា​នេះ​។​
​ ​ឯកឧត្តម នី ផល្លី បានអោយដឹងថា កិច្ចប្រជុំ​ទទួលបាន​នូវ​ផ្លែផ្កា​ជាច្រើន ដោយបាន​ធ្វើការ​ពិភាក្សា​ទៅលើ​ការកំណត់​ប្រភេទ​នៃ​ឆ្នេរ​ខ្សាច់​កំសាន្ត និង​បានធ្វើ​ការបែងចែក​ឆ្នេរ​ជា​បី​ប្រភេទ គឺ​ទី​១.​ប្រភេទ​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​, ទី​២. ប្រភេទ​ឆ្នេរ​សាធារណៈ​របស់​រដ្ឋ​ដោយមាន​ការចូលរួម​ពី​ផ្នែក​ឯកជន និង​ប្រភេទ​ទី​៣. ជា​ឆ្នេរ​កំសាន្ត​សាធារណៈ​របស់​រដ្ឋ​បែប​ប្រណិត​។
​ ​ឯកឧត្តម នី ផល្លី បាន​បន្តថា កិច្ចពិភាក្សា​ក៏បាន​ផ្តោតទៅលើ​ការរៀបចំ​កែ លម្អរ​ឆ្នេរ​ទៅតាម​ស្ដង់ដារ​បទដ្ឋាន​គតិយុត្ត ដោយ​រៀបចំ​ជា​គោ​ការណ៍​ណែនាំ​ក្នុង ការរៀបចំ​ឆ្នេរ​កំសាន្ត​អោយ​គោរព​ទៅតាម​ស្ដង់ដារ​រួមមួយ និង​មួយទៀត​គឺ​នឹង មានការ​វាយតម្លៃ​អំពី​ឆ្នេរ​ស្អាត ដោយមាន​សូចនាករ និង​មាន​លក្ខណៈវិនិច្ឆ័យ គ្រប់គ្រាន់ រួមទាំង​ការកំណត់​អំពី​យន្តការ ក្នុងការ​គ្រប់គ្រង និង​តាមដាន វាយ តម្លៃ​ឆ្នេរ​ស្អាត​ទៀតផង​។ ក្រៅពីនេះ​កិច្ចប្រជុំ​ក៏បាន​សម្រេច​ក្នុង​ការកសាង​ក្លោង ទ្វារ​ចូល​ឆ្នេរ​នីមួយៗ ដោយ​កំណត់​ការដាក់​ឈ្មោះ​ពិត​របស់​ឆ្នេរ ដើម្បីអោយ​សា ធា​រណៈ​ជន ក៏ដូចជា​ភ្ញៀវទេសចរ​បាន​ស្គាល់ឈ្មោះ​របស់​ឆ្នេរ​កំសាន្ត​នីមួយៗ ហើយ​ក្លោងទ្វារ​នោះ​ទៀតសោត​ត្រូវមាន​លក្ខណៈ​ជា​ខ្មែរ​។ ជាមួយគ្នានេះ​កិច្ច ប្រជុំ​ក៏បាន​ពិភាក្សា​អំពី​ការរៀបចំ​តូប​នៅតាម​តំបន់ឆ្នេរ​កំសាន្ត​នីមួយៗ​ផងដែរ​៕

H051615AY-P5