បទល្មើស​ព្រៃឈើ​នៅ​ស្រុក​ព្រែក​ប្រសព្វ កម្រើក​ឡើងវិញ​ពេញបន្ទុក អាជ្ញាធរ និង​ជំនាញ​មិន​អើពើ​ចាត់វិធានការ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2016 ក+ ក-

       ដោយ​៖ 032 MKP
ក្រចេះ​ ៖ បទល្មើស​ព្រៃឈើ ក្នុងភូមិ​សាស្ដ្រ​ទឹកដី​នៃ​ស្រុក​ព្រែក​ប្រសព្វ កំពុងតែ​ធ្វើ​សកម្មភាព​កាប់ និង​ដឹកជញ្ជូន​តាម​រថយន្ត​កែច្នៃ យ៉ាង​អនាធិបតេយ្យ​ពេញទំហឹង​ពី​សំណាក់​ពួកក្រុម​ឈ្មួញ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ចាត់ទុកថា​ជា​ឧក្រិដ្ឋ​ព្រៃឈើ បង្កឡើង​ដោយ​អ្នកមាន​ប្រាក់ ទិញ​មន្ត្រី​មានអំណាច ដើម្បី​ជួយ​កាង និង​បិទបាំង​បទល្មើស​របស់​ពួកគេ​។​

​បើទោះបី​ជាថ្មីៗ​ក្នលងមកនេះ រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​យ៉ាង​ក្ដៅកគុក​យ៉ាងណាក៏ដោយ ការកាប់បំផ្លាញ និង​ការនាំចេញ​នូវ​អនុផល ឬ​ឈើ​ប្រណីត​ខុសច្បាប់ ដឹកជញ្ជូន​តាម​រថយន្ត​កែច្នៃ នៅតែ​បន្ត​កើតមាន​យ៉ាង​គគ្រឹក​គ្រេង ដោយ​គ្មាន​សមត្ថកិច្ច​ណាមួយ​មើលឃើញ​ឡើយ ។​ករណី​មិន​អើពើ​ចំពោះ​បទល្មើស​ទាំងនោះ ត្រូវគេ​ទម្លាក់កំហុស​ទៅលើ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ថា  ត្រូវបាន​ប្រាក់​ដុល្លារ​បិទ​ភ្នែក បិទ​មាត់ជិត​អស់ហើយ ទើបបានជា​សកម្មភាព​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​នេះ នៅតែ​ធ្វើការ​ដឹកជញ្ជូន​ឥតឈប់ឈរ នៅក្នុង​ភូមិសាស្ដ្រ​ទឹកដី​ស្រុក​ព្រែក​ប្រសព្វ ចេញទៅ​លក់​នៅ​ខេត្ត​ត្បូងឃ្មុំ ប្រក​ដោយ​រលូន និង​មាន​សុវត្ថិភាព​។​​

ប្រភព​ផ្តល់ព័ត៌មាន ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹងថា សកម្មភាព​រថយន្ត​ដឹកឈើ​ខុសច្បាប់ ស្ថិតក្នុង​ភូមិសាស្ត្រ​ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ តាម​រថយន្ត​កែច្នៃ ជា​រៀងរាល់ថ្ងៃ​យប់ ឆ្លងកាត់​តាម​មុខ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ្រោយ​បន្ទាយ ដែលមាន​លោក ប៉ុក វណ្ណា ជា​នាយ​សង្កាត់ និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ ដែលមាន​លោក អ៊ីង ស៊ីណា​ង ជា​នាយផ្នែក ប៉ុន្តែ​មន្ត្រី​ជំនាញ​ព្រៃឈើ​ទាំងនោះ គឺ​គ្មាន​ចំណាត់ការ​ទប់ស្កាត់ និង​ចុះបង្ក្រាប​អ្វី​ទាល់តែសោះ បែរជា​បណ្ដែតបណ្ដោយ​បើកដៃ​ឲ្យ​ពួកក្រុម​ឈ្មួញ​ទាំងនោះ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់​រាប់រយ​ម៉ែត្រគូប ចេញពី​តំបន់​គំរប​ព្រៃ​ឡង់​យ៉ាង​គគ្រឹក​គ្រេង ឥតឈប់ឈរ ឆ្ពោះទៅកាន់​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ដោយ​សុវត្ថិភាព​។​

ប្រភព​ដដែល បន្ត​ឲ្យ​ដឹងថា សព្វថ្ងៃនេះ គេ​សង្កេតឃើញថា លោក អ៊ីង ស៊ីណា​ង ដែលជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ព្រែក​ប្រសព្វ ហាក់បីដូចជា​ធ្វើ​ការងារ​ផ្ទុយស្រឡះ​ពី​ជំនាញ ដោយ​ចាប់​បង្ក្រាប​បានតែ​ឈើ​អារ​កំប៉ិកកំប៉ុក​របស់​ប្រជាពលរដ្ឋ ចំណែកឯ​ឈើ​ប្រណីត​ដែល​លួច​អារ​ខុសច្បាប់​រាប់រយ​ម៉ែត្រគូប ដែល​ដឹកជញ្ជូន​តាម​រថយន្ត​កែច្នៃ របស់​ឈ្មួញ​មាន​ប្រាក់ មានអំណាច​វិញ​នោះ គឺ​លោក អ៊ីង ស៊ីណា​ង មិនដែល​ចុះ​ធ្វើការ​បង្ក្រាប​ចាប់បាន​ម្ដងណា​ឡើយ​។​

​ជាក់ស្ដែង កាលពី​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​ចំនុច​ភូមិ​អន្លង់​ព្រះ​គោ ឃុំ​វឌ្ឍនៈ ករណី​ចាប់​ទូក​ដឹកឈើ​៣​គ្រឿង​របស់​កូនស្រី តា ម៉ាន នោះ​ជាដើម ដែល​ត្រូវបាន​គេ​ដឹងថា ជា​ក្រុម​ឈ្មួញ​ជើង​ខ្លាំង​ខាង​រកស៊ី​ដឹក​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់​តាម​ទូក​យូរ​ឆ្នាំ ហើយ​បើសិនជា កម្លាំង​កង​អាវុធហត្ថ​ខេត្តក្រចេះ មិន​ចុះទៅ​បង្ក្រាប​ទេនោះ ប្រហែលជា​ទូក​ឈើ​ទាំងនោះ​ច្បាស់​ណាស់ គឺ​ធ្វើចរាច​ណ៍​ឆ្លងកាត់​ដែនដី​ក្រោម​ការគ្រប់គ្រង​របស់លោក អ៊ីង ស៊ីណា​ង ដែលជា​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ​នោះ ទៅដោយ​រលូន​ទៀត​ជាក់​ជាមិនខាន​ឡើយ ។​នេះ​បើ​យោងតាម​ប្រភព​រាយ​កាណ៍​បាន​ឲ្យ​ដឹង​។​

​ដោយឡែក​ចំពោះ​បទល្មើស​ព្រៃឈើ​ខាង​ផ្លូវគោក​វិញ​ម្ដង  នៅក្នុង​ស្រុក​ព្រែក​ប្រសព្វ ដដែល ប្រភពពី​ប្រជាពលរដ្ឋ  សុំ​មិន​បញ្ចេញ​ឈ្មោះ  ដោយសារ​ពួកគាត់​មានការ​ភ័យខ្លាច  ព្រោះ​ពួក​ឈ្មួញ​រកស៊ី​ដឹកឈើ​ទាំងនោះ  សុទ្ធសឹងតែ​ជា​ប៉ូលីស ប៉េអឹម ។  ប្រភព​រាយការណ៍ បាន​លួច​បង្ហើប​ប្រាប់ថា ក្រុម​ឈ្មួញ​ទុច្ចរិត មាន​ប្រាក់ មានអំណាច ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​សព្វថ្ងៃនេះ ចេញពី​តំបន់​គំរប​ព្រៃ​ឡង់​នោះ គឺ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា ទី​១, ឈ្មោះ គង់ ទេ​ង ហៅ រ៉ុ​ន មាន​តួនាទី​ជា​ប៉ូលីស​សេដ្ឋកិច្ច​ខេត្តក្រចេះ ២, ឈ្មោះ ជាម ចាន់​ពី​នី ហៅ ពី មាន​តួនាទី​ជា​ប៉ូលីស​សេដ្ឋកិច្ច​ស្រុក​ព្រែក​ប្រសព្វ ៣, ឈ្មោះ រស់ សុធា ហៅ សម្បត្តិ ជា​ប៉េអឹម​ស្រុក​ព្រែក​ប្រសព្វ ៤, ឈ្មោះ ហាក់ រចនា ហៅ ចាន់ ណា ជា​ឈ្មួញ​រស់នៅ​ភូមិ​កែង ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ និង​ទី​៥, ឈ្មោះ យ៉ា រស់នៅ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​ប្រភព​ស្និទ្ធ​នឹង​មន្ត្រី​ប៉េអឹម បាន​ប្រាប់ថា ក្រុម​ពួក​ឈ្មួញ​ទាំងនេះ  កំពុង​ធ្វើ​សកម្មភាព​កាប់បំផ្លាញ ធនធាន​សម្បត្តិ​ព្រៃឈើ និង​នាំ​ផល​អនុផល​ព្រៃឈើ​ខុសច្បាប់  ចេញពី​តំបន់​គំរប​ព្រៃ​ឡង់​ឆ្ពោះទៅ​ខេត្ត​ត្បូងឃ្មុំ​។ ប៉ុន្តែ​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ ដែលមាន​លោក អ៊ឹង​ង ស៊ីណា​ង ជា​នាយផ្នែក  គេ​សង្កេតឃើញថា មិនមាន​ចំណាត់ការ​ក្ដៅ​ណាមួយ​ចុះ​ធ្វើការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ឡើយ   ឬមួយ​ក៏​លោក ដែលជា​មន្ត្រី​ជំនាញ   រដ្ឋបាល​ព្រៃឈើ អង្គុយ​រង់ចាំតែ​ទទួល​ពេល​យក​បទល្មើស​ពេល​គេ​បង្ក្រាប​ហើយ​នាំយកមក​ប្រគល់អោយ ឬក៏​រង់ចាំ​អោយ​ប៉េអឹម​ខេត្ត​ចុះបង្ក្រាប​ម្ដងទៀត ទើប​លោក​មាន​ចំណាត់ការ​ចុះបង្ក្រាប ឬមួយ​ក៏​យ៉ាង​មេច ?

​ប្រភព​ដដែល​អះអាងថា ចំពោះ​ផ្លូវ ដែល​ក្រុម​ឈ្មួញ   ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ចេញពី​តំបន់​គំរប​ព្រៃ​ឡង់​នោះ​វិញ  គឺ​ឆ្លងកាត់​តាម​មុខ​សង្កាត់   និង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ផង  និង​តាម​ខាង​ផ្លូវ​ខាងក្រោយ​ផង  តែ​វា​មិនមែនជា​រឿង​ពិបាក​ទេ​សម្រាប់​អស់លោក​ជាម​ន្ត្រី​ជំនាញ  ព្រោះ​អស់លោក​ស្គាល់​ទីតាំង  និង​ភូមិសាស្ត្រ​ហើយ  នៅក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​នោះ មិនបាច់ចាំ​គេ​បង្អុ​ល​ប្រាប់​ទៀត​នោះទេ ប៉ុន្តែ​អ្វីដែល​ធ្វើ​ឲ្យ​ម​ជ្ឍ​ដ្ឋា​ន​មួយចំនួន​រិះគន់​នោះ​គឺ មន្ត្រីរដ្ឋបាល​ព្រៃឈើ​មិន​បង្ក្រាប​សោះ​។

​ប្រភព​ដដែល បាន​បន្តទៀតថា សកម្មភាព​ទាំងនោះ បានបញ្ជាក់​ឲ្យ​ឃើញ​ពី​ភាព​ធូរ​លុង របស់​សមត្ថកិច្ច ពុំមាន​សមត្ថភាព​ឃាត់ រឺ​ធ្វើការ​បង្ក្រាប​នោះឡើយ ឬមួយ​ក៏​ឈ្មួយ​ទាំងនោះ អស្ចារ្យ ចេះ​វិជ្ជា​គុណ​បំបាំងកាយ​ពិតមែន បានជា​ចេះតែ​បណ្ដែតបណ្ដោយ​ឲ្យ​រថយន្ត​កែច្នៃ​ដឹក​ផល​អនុផល​ព្រៃឈើ​ទាំងនោះ ឆ្លង​កាត់មុខ​ទីស្នាក់ការ​របស់លោក​ប្រកបដោយ​សុវត្ថិភាព​បែបនេះ​។​

ប្រជាពលរដ្ឋ ស្នើសុំ​ឲ្យ​រដ្ឋបាល​ព្រៃឈើ គ្រប់លំដាប់​ថ្នាក់ ជាពិសេស លោកនាយ​ផ្នែក សង្កាត់រដ្ឋបាល​ព្រៃឈើ​ប្រចាំការ​នៅតាម​ដងផ្លូវ​ម៉ាត់​ទន្លេ​ស្រុក​ព្រែក​ប្រសព្វ សូម​ឲ្យ​លោក​បើកភ្នែក​មើល​បទល្មើស​ព្រៃឈើ​ផង ប្រយ័ត្ន​ជាប់​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​របស​គណកម្មកា​រ​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​បង្កើតឡើង​ដោយ​រាជ​រដ្ឋា​ភ​បាល​។​

​សូម​រំលឹកថា តំបន់​គំរប​ព្រៃ​ឡង់ គឺជា​តំបន់​ដែល​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានដាក់​បញ្ជា​យ៉ាង​តឹងរ៉ឹង និង​ម៉ឺង​មាត់​បំផុត​ក្នុងការ ការពារ​អភិរក្ស ទប់ស្កាត់ និង​បង្ក្រាប​នូវ​រាល់​បទល្មើស​ព្រៃឈើ​ដែល​កើត​មាននៅ​តំបន់​នោះ​៕1bcde1ab21ab1