អ៊ីរ៉ាក់៖នៅថ្ងៃចន្ទ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានប្រកាសពីការចាប់ផ្តើមនៃការប្រតិបត្ដិការយោធាមួយដើម្បីយកទីក្រុង Fallujah ពីក្រុមរដ្ឋឥស្លាមមកវិញ។
ការប្រយុទ្ធដើម្បីដណ្តើមយកបន្ទាយរបស់ក្រុមជីហាដមួយនេះមកវិញដែលមិនត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលសម្រាប់រយៈពេលជិតពីរឆ្នាំមកហើយនោះនឹងក្លាយជាសង្គ្រាមតឹងតែងបំផុតរបស់ប្រទេសអ៊ីរ៉ាក់ជាមួយក្រុម IS ។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា កងកម្លាំងពិសេស ទាហាន ប៉ូលិស កងកម្លាំងជីវពលនិងក្រុមកុលសម្ព័ន្ធគាំទ្ររដ្ឋាភិបាលនឹងចូលរួមនៅក្នុងប្រតិបត្តិការនេះដើម្បីយកទីក្រុងនេះមកវិញ។ ទីក្រុងនេះទីតាំងក្នុងខេត្ត Anbar ដែលមានចម្ងាយត្រឹមតែ៥០គីឡូម៉ែត្រប៉ុណ្ណោះពីភាគខាងលិចទីក្រុង បាដាដ។ការប្រកាសដើម្បីដោះស្រាយបញ្ហានេះបានក្លាយជាប្រធានបទនៃការជជែកពិភាក្សាគ្នាក្នុងចំណោមមន្ត្រីអ៊ីរ៉ាក់និងកងកម្លាំងអន្ដរជាតិក្នុងការជួយប្រទេសនេះប្រយុទ្ធប្រឆាំងនឹងក្រុមជីហាដនិយម។
កាលពីថ្ងៃអាទិត្យ បញ្ជាការប្រតិបត្តិការរួមរបស់អ៊ីរ៉ាក់បានព្រមានថា ជនស៊ីវិលរាប់ម៉ឺននាក់ដែលនៅតែស្ថិតក្នុងទីក្រុង Fallujah ត្រូវតែចាកចេញ។អ្នកប្រយុទ្ធប្រឆាំងរដ្ឋាភិបាលបានរឹបអូសយកទីក្រុងនេះបន្ទាប់ពីកងទ័ពត្រូវបានដកចេញហើយក្រោយមក Fallujah បានក្លាយជាបន្ទាយចម្បងរបស់ក្រុម IS។
Fallujah និងទីក្រុងទីពីរគឺ Mosul ដែលជារដ្ឋធានីនៃខេត្តភាគខាងជើង Nineveh គឺជាទីក្រុងធំទាំងពីរចុងក្រោយដែលក្រុម IS នៅតែកាន់កាប់ក្នុងប្រទេសអ៊ីរ៉ាក់ ។ប៉ុន្តែការប្រយុទ្ធសម្រាប់ទីក្រុង Fallujah នឹងក្លាយជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតដែលពួកគេមិនទាន់បានប្រឈមមុខនៅឡើយ៕