ក្រឡាប់​រថយន្ត​ដឹក​ដែក​រោង​តាំងពិព័រណ៍​ស្លាប់ និង​របួស​៩​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 June, 2016 ក+ ក-

ខេត្តកោះកុង​៖​មនុស្ស​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង ខណៈ​៧​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់​ស្រាល បន្ទាប់ពី​រថយន្ត​ដឹក​ដែក​យកទៅ​រៀបចំ​រោង​តាំងពិព័រណ៍​ក្នុង​ខេត្តកោះកុង​មួយគ្រឿង បាន​ក្រឡាប់​ពេល​ចុះ​ចំណោត​អន្ទង់អាំង​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​គីឡូម៉ែត្រ​លេខ ៦១-៦២ ក្នុងភូមិ​សីមា​ល ឃុំ​អណ្តូងទឹក ស្រុក​បទុម​សាគរ​កាលពី​រសៀល​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០១៦​នេះ​។​
​មន្ត្រីនគរបាល​ចរាច​រណ៍ ដែល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ បាន​បញ្ជាក់ថា នៅពេល​កំពុងបើក​ចុះ​ចំណោត ស្រាប់តែ​រថយន្ត​ដាក់​លេខ មិន​ចូល ធ្វើ​ឲ្យ​ល្បឿន​រថយន្ត​ចុះ​កាន់តែ​លឿន ហើយ​ទាញ​ចង្កូត​ក្រឡាប់​តែម្តង​។ មន្ត្រីនគរបាល​បន្តថា ក្នុង​រថយន្ត​នេះ មាន​មនុស្ស​ជិះ​ពីលើ ៩​នាក់ ក្នុងនោះ ២​នាក់​បាន​ស្លាប់ ៣​នាក់ របួសធ្ងន់ និង ៤​នាក់​ទៀត​រងរបួស​ស្រាល​។​
​រថយន្ត​ជួប​គ្រោះថ្នាក់​ខាងលើនេះ ម៉ាក់​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​តាកែវ 3A-2052​។ ទោះជា​យ៉ាងណា​ក្រោយ​កើតហេតុ​ភ្លាមៗ អ្នករងរបួស​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ដើម្បី​ជួយសង្គ្រោះ រីឯ​អ្នកទទួល​មរណភាព ត្រូវបាន​សមត្ថកិច្ច​យកទៅ​រក្សាទុក និង ទាក់ទង​ទៅ​ក្រុម គ្រួសារ ដើម្បី​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕

13322147_1002430843146103_3696026398036090423_n 13310589_1002430883146099_288431592358128788_n