ភ្នំពេញ៖ការស្នើសុំសំណងថ្លៃការខូចខាតរថយន្តបីគ្រឿងដែលបណ្តាលមកពីបាក់ស្រុតដីផ្លូវជាប់របងការដ្ឋានក្រុមហ៊ុនសាងសង់អគារក្បែររបងស្តាតអូឡាំពិត ត្រូវបាន តំណាងក្រុមហ៊ុនបានអះអាងថាផ្លូវបាក់ស្រុតនៅជាប់របងស្តាតអូឡាំពិក មិនមែនបណ្តាលមកពីការដ្ឋានជីកដីរបស់ក្រុមហ៊ុននៅក្បែរនោះទេ។
សូមជម្រាបថា កាលពីរសៀលថ្ងៃពុធ ទី ៨ ខែមិថុនា ភ្លៀងមួយមេធំរយៈពេលជិត២ម៉ោងបានបណ្តាលឲ្យទឹកជន់នៅកន្លែងមួយចំនួននៅរាជធានីភ្នំពេញ។ ពេលភ្លៀងនោះ មានហេតុការណ៍បាក់ស្រុតដីនៅជាប់របងស្តាតអូឡាំពិកនៅលើផ្លូវលេខ១៦៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បណ្តាលឲ្យរថយន្តបីគ្រឿងរងការខូចខាត។
បណ្តាញព័ត៌មាន វីអូឌី បានផ្សាយនៅថ្ងៃព្រហស្បត៍នេះថា អគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង ប្រាប់ មូលហេតុនៃការបាក់ស្រុកដីនេះមិនមែនដោយសារការជីកដីសាងសង់សំណង់នោះទេ។ លោកសន្និដ្ឋានថាការបាក់ស្រុតនោះ ដោយសារមានទឹកហូរច្រោះលូ។ លោកមានប្រសាសន៍ថា៖ ”ទីមួយការជីក ការអីនឹងយើងសុទ្ធតែមានបច្ចេកទេសក្នុងការជីកដោយត្រឹមត្រូវ ហើយបើសិនមានការបាក់មែន វាគួរតែបាក់ដែកខាងខ្ញុំមុន មុននឹងបាក់ផ្លូវហ្នឹង ហើយខ្ញុំចង់ឲ្យខាងជំនាញនឹងគាត់ចុះទៅមើល ឲ្យបានដិតដល់ ថាតើវាមានមូលហេតុមកពីស្អី មុននឹងយើងរុញការទទួលខុសទៅឲ្យផ្នែកណាមួយ”។
តំណាងក្រុមហ៊ុនបានស្នើឲ្យមានការចុះសិក្សាជាមុនសិន មុននឹងឲ្យក្រុមហ៊ុនផ្ដល់សំណងទៅម្ចាស់រថយន្តបីគ្រឿងដែលរងការខូចខាតដោយសារបាក់ស្រុកដី។
ម្ចាស់រថយន្តប្រាប់វីអូឌីដោយសុំមិនបញ្ចេញឈ្មោះថាលោកបានចតរថយន្តលក់និងរថយន្តជិះផ្ទាល់ខ្លួនផងនៅជាប់របងស្តាតអូឡាំពិក។ លោកបានស្នើសុំសំណងមួយចំនួនពីក្រុមហ៊ុន ដើម្បីជុសជួលការខូចខាតរថយន្ត។
នាយករដ្ឋបាលសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា ប្រាប់វីអូឌីនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថាសាលារាជធានីបានបញ្ជូនក្រុមងារចុះទៅធ្វើការសិក្សាអំពីលក្ខណៈបច្ចេកទេសនៃការបាក់ស្រុតផ្លូវហ្នឹងហើយ ប៉ុន្តែលោកថាចំពោះមូលហេតុដែលធ្វើឲ្យបាក់ស្រុកដីខាងក្រុមការងារមិនទាន់បានផ្ដល់ព័ត៌មានឲ្យសាលារាជធានីនៅឡើយ។
វីអូឌីមិនអាចសុំការបញ្ជាក់បន្ថែមពីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន លោក សាំ ពិសិដ្ឋ បាននៅឡើយទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល ។
បើតាមការចុះពិនិត្យមើល នៅជាប់កន្លែងបាក់ដីស្រុតនោះ មានការជីករណ្តៅជ្រៅមួយរបស់ការដ្ឋានក្រុមហ៊ុន។ ពលរដ្ឋម្នាក់ដែលរស់នៅក្បែរស្តាតអូឡាំពិកប្រាប់វីអូឌីដោយមិនបញ្ចេញឈ្មោះកាលពីថ្ងៃពុធថាខ្លួនមានការព្រួយបារម្ភក្រោយពីមានការបាក់ស្រុតផ្លូវ ដោយស្នើឲ្យរដ្ឋាភិបាលត្រួតពិនិត្យចំពោះការសាងសង់ការដ្ឋាននៅជាប់នោះ៕