នាយក​សាលា​ វណ្ណា​រ៉ុ​ម រង​បណ្តឹង​ទារ លុយ​ដោយសារ​មិន​បង្រៀន​សិស្ស
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 November, 2014 ក+ ក-

កំពង់ចាម​៖ លោក សុ​ជឹម ប៊ុន​ណា​រ៉ុ​ម នាយក​សាលា​ឯកជន វណ្ណា​រ៉ុ​ម​អាណាព្យាបាល​សិស្ស​ជាច្រើន នាក់​ប្រមូល​ផ្តុំគ្នា​នៅមុខ​ប៉ូ​ស្តិ៍​ប៉ូលីស​ក្រុង​កំពង់ចាម​ប្តឹង​ទាមទារ​ប្រាក់​ថ្លៃ​សាលា​មក វិញ​ដោយសារ​មិនបាន​បង្រៀន​កូនចៅ​របស់​ពួកគាត់​។​

​មន្ត្រីនគរបាល​មួយរូប​បាន​ប្រាប់​ឲ្យ​ដឹងថា អាណា​ព្យា​សិស្សសាលា​ឯកជន​ចំណេះ​ទូទៅ វណ្ណា​រ៉ុ​ម ជាច្រើន​នាក់ បាននាំគ្នា​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្ដិ៍នគរបាល​វាលវង់ ក្រុង​កំពង់ចាម ដោយ​សុំ​ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​សាលា​ឯកជន​ចំណេះ​ទូទៅ​មួយ​នេះ សងលុយ​ក្នុង​ម្នាក់ៗ ពី​៤០០​ទៅ​៥០០​ដុល្លារ អាមេរិក​មកវិញ ព្រោះតែ​សាលា​មិន​ព្រម​បង្រៀន​កូនចៅ​របស់​ពួកគាត់ បន្ទាប់ពី​ចុះឈ្មោះ​និង​បង់លុយ​រួចរាល់​អស់​រយៈពេល​ជា​យូរហើយ​នោះ​។​

កាលពី​វេលា​ល្ងាច​ថ្ងៃទី​២១ ខែវិច្ឆិកា អាណាព្យាបាល​សិស្ស​ខាងលើ បានមក​ជួបជុំ​រៀបចំ​ពាក្យបណ្តឹង​នៅ​ស្ថានីយ៍​នគរបាល​រដ្ឋបាល​វាល​វង់ ប៉ុន្តែ​ត្រូវបាន​ពន្យារពេល​រង់ចាំ​ដល់​ថ្ងៃទី​២៤ ខែវិច្ឆិកា ទើប​បន្ត​នីតិវិធី ព្រោះ​ការ​ប្តឹងផ្តល់​នេះ​ខាង​អាណាព្យាបាល​សិស្ស​ខ្វះ​ឯកសារ​។​

​អាណាព្យាបាល​សិស្សសាលា​ឯកជន​មួយ​នេះ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ក្រោយពី​បើក​សាលាបង្រៀន​នៅ​ក្រុង​កំពង់ចាម​រួចមក ពួកគាត់​បាន​នាំ កូន​ទៅ​ចុះឈ្មោះ​ចូលរៀន ប៉ុន្ដែ​ត្រូវ​បង់លុយ​ក្នុង​ម្នាក់​ពី​៤០០​ទៅ​៥០០​ដុល្លារ​។​ក្រោយពី​បង់លុយ​រួចហើយ ខាង​សាលា​ចេះតែ​ពន្យារពេល​មិនដែល​បាន​បង្រៀន​កូនចៅ​របស់​ពួកគាត់​នោះឡើយ ដូច្នេះ​ទើប​ពួកគាត់​សម្រេចចិត្ត​មក​ដាក់ពាក្យ​បណ្ដឹង​តែម្ដង​។

​គួរ​ជម្រាប​ថា សាលា​ឯកជន​មួយ​នេះ ត្រូវគេ​ដឹងថា​មាន​សាខា​មួយទៀត​នៅ​ទីរួមស្រុក​មេមត់ ខេត្ដ​ត្បូងឃ្មុំ ហើយ​កន្លងមក​សាលា​នេះ ក៏​ធ្លាប់​លិចឮ​នូវ​រឿងអាស្រូវ​ទាក់ទង​នឹង​ការ​មិនបាន​បើកប្រាក់​ខែ​ឲ្យ​សន្តិសុខ​យាម​សាលា​រហូតមកដល់​សព្វ​ថ្ងៃនេះ​ផងដែរ​។​

​លោក សុ​ជឹម ប៊ុន​ណា​រ៉ុ​ម នាយក​សាលា​ឯកជន វណ្ណារ៉ុ​ម ខេត្តកំបង់ចាម មិនអាច ទាក់ទងសុំការបញ្ជាក់បានទេ ព្រោះអ្នកធ្វើការនៅទីនោះបដិសេធមិនស្គាល់លេខ ទូរស័ព្ទរបស់លោក ៕ សានូវី