សមត្ថកិច្ចឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ករណី​លួច​រថយន្ត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2016 ក+ ក-

​ភ្នំពេញ​៖​ក្រុម​សង្ស័យ​ដែលជា​មេខ្លោង និង​ធ្វើ​សកម្មភាព​លួច​រថយន្ត​យ៉ាងសកម្ម​ចំនួន ២​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​និង​កម្លាំង​កង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ដោយ​ដកហូត​បាន​រថយន្ត​ចំនួន​២​គ្រឿង ម៉ូតូ​មួយគ្រឿង​និង​អាវុធខ្លី​ក្នុង​ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០ និង ៣០​នាទី​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៦ នៅផ្ទះ​សំណាក់​យីហោ ចាក់អង្រែ​ក្រោម ផ្លូវជាតិ​លេខ ២ ភូមិ​ព្រែក​តា​ឡុង ក្នុង​សង្កាត់​ចាក់​ក្រោម ខណ្ឌមានជ័យ​។​
​លោក ហួរ ម៉េង​វ៉ាង អធិការរង​នគរបាល​ខណ្ឌមានជ័យ​បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ទាំងពីរ​នាក់​មាន​ទី​១-​ឈ្មោះ នៅ សុខ​ឡុង ភេទ​ប្រុស អាយុ ២១ ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ (​ជា​មេខ្លោង​និង​ជា​ម្ចាស់​អាវុធ​)​ឃាត់ខ្លួន​បាន​នៅក្នុង​ផ្ទះសំណាក់​ខាងលើ​។​ទី​២-​ឈ្មោះ ស៊ុំ វិជ្ជា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ លក់ទំនិញ​បោះ​ដុំ​មួយកន្លែង ដែលមាន​ទីតាំងនៅ​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោក តេង ស៊ី​ណូ អធិការនគរបាលរ​ង​ខណ្ឌមានជ័យ​នោះ កម្លាំង​របស់លោក​បាន​ធ្វើការ​ស្រាវជ្រាវ និង​ចុះ​ប្រតិបត្តិការ​រហូត​ឈានទៅដល់​ការឃាត់ខ្លួន​បក្សពួក​ជ​ន​សង្ស័យ​ទាំងពី​នាក់​ខាងលើ​ជា​បន្តបន្ទាប់​ដោយ​ធ្វើការ​ដកហូត​បាន​រថ​យន្ត​ចំនួន​ពី​គ្រឿង គឺ ម៉ាក​កា​ម៉ា​រី​បា​ឡែ​ន ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​២Y-៩៤៣៧ មួយគ្រឿង និង​ម៉ាក CRV ពណ៌​សមបក​ឪឡឹក ពាក់​ស្លាក​លេខ​ភ្នំពេញ​២D-៩៤៨៨ មួយគ្រឿង និង​ម៉ូតូ​ម៉ាក​ហុងដា C125 ព៌​ណ​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល​១H-៦០២០ មួយគ្រឿង រួមទាំង​អាវុធខ្លី​ម៉ា​កឡុក ព៌​ណ​ខ្មៅ មួយ​ដើម មាន​គ្រាប់​ចំនួន ១២​គ្រាប់​ទៀតផង​។​
​តាម​ប្រភព​ដដែល​បាន​ប្រាប់​ឱ្យដឹងថា ប្រតិបត្តិការ​នេះដែរ​គឺ​បាន​ធ្វើឡើង​ក្រោយពី​ទទួលបាន​ពាក្យ​បុរស​ជា​ជនរងគ្រោះ​ម្នាក់​ឈ្មោះ ឌឿ​ង រិទ្ធី អាយុ ៣១​ឆ្នាំ ម្នាក់​ស្នាក់​នៅផ្ទះ​លេខ ០៦ ផ្លូវ​លេខ ១២ ភូមិ​ទ្រា ៤ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាន​បាត់​រថយន្ត​របស់ខ្លួន​មួយគ្រឿង​ម៉ាក CRV ខាងលើ កាលពី​វេលា​ម៉ោង ២ និង​៣០​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ ២០១៦ នោះ​។​រហូតដល់​វេលា​ម៉ោង ៣ និង ៤៥ នាទី​ល្ងាច ថ្ងៃទី ១៥ ខែមិថុនា​ឆ្នាំ​២០១៦ ក៏បាន​ប្រទះឃើញ​រថយន្ត​របស់ខ្លួន​ដែល​បាន​បាត់​នោះ​នៅក្នុង​យានដ្ឋាន​ជួសជុល​រថយន្ត​ដែលមាន​យីហោ ហេង ហេង នៅ​ម្តុំ​លូ​ប្រាំ ក៏​រាយ​ការ​ប្រាប់​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ឃាត់ទុក និង​ឈានទៅដល់​ការឃាត់ខ្លួន​បាន​ក្រុម​ចោរលួច​រថយន្ត​ទាំងពីរ​នាក់​ខាងលើ​តែម្តង​។​
ក្រោយពេល​កម្លាំង​មាន​សម្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​បក្សពួក​ក្រុម​ចោរលួច​រថយន្ត​ទាំងពីរ​នាក់ រួមទាំង​វត្ថុតាង​រួចហើយ ក៏បាន​នាំខ្លួន​មក​ធ្វើការ​សាកសួរ និង​កំណត់ហេតុ​បញ្ជូន​ខ្លួន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​ជា​បន្តទៅទៀត​៕

bf08fdc3-4a2d-4516-9e8c-e096d78f335171f1746d-7920-4880-a843-4a1f383397096e5e6036-ed3d-422b-a4ba-6b758a439742750743a6-c35b-4b28-a4df-ce76e0a03fe4b5430119-0ebb-4452-8e24-3b94f8518fa41ba4a9cd-e024-48c3-80ea-e175b57b9c34