ចាប់ខ្លួន​ជនបរទេស​៣​នាក់ ​ប្រើប្រាស់​ឯកសារ និង​លិខិតឆ្លងដែន​ក្លែងក្លាយ​បើក​គណនី​ធនាគារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 June, 2016

 

ភ្នំពេញ​៖​កម្លាំង​នគរបាល ក្រសួងមហាផ្ទៃ បាន​ចាប់​ជនជាតិ​កុង​ហ្គោ​រ​៣​នាក់ ដែល​សង្ស័យ​ប្រើប្រាស់​ឯកសារ​ក្លែង​-​លិខិតឆ្លងដែន​ក្លែងក្លាយ ដើម្បី​បើក​គណនី​ធនាគារ នៅ​ប្រទេស​កម្ពុជា ។ ជនសង្ស័យ​ជនជាតិ​បរទេស​ទាំងនោះ ត្រូវបាន​ចាប់ខ្លួន​កាលពី​ម្សិលមិញ ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៉ី សុខ​ឃី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម​និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ជនជាតិ​កុង​ហ្គោ​ទាំង​៣​នាក់​នោះ បាន​ឆ្លងដែន​មកកាន់​ប្រទេស​កម្ពុជា ដោយ​ប្រើ​ឯកសារ​ក្លែង និង​ប្រើ​លិខិតឆ្លងដែន​ក្លែងក្លាយ ដើម្បី​ធ្វើការ​បើក​គណនី នៅ​ធនាគារ ក្នុងប្រទេស​កម្ពុជា ប៉ុន្តែ​ពួកគេ​ត្រូវបាន​កម្លាំង​នគរបាល តាម​ចាប់បាន កាលពី​ថ្ងៃទី​១៦ ខែមិថុនា​នេះ ។

ជនជាតិ​កុង​ហ្គោ​រទាំង ៣​នាក់​ដែល​ត្រូវ​ចាប់ខ្លួន​រួមមាន​៖១.​ឈ្មោះ Emmanuel Ngoma Ngoma coco ២.​ឈ្មោះ Junior Bin Mungomba និង​៣.​ឈ្មោះ Mesiya Tedike Junior​។​

លោក​ឧ​ត្ត​ម​សេនីយ​បានបញ្ជាក់​បន្ថែមថា ក្រោយ​ការសួរនាំ​ជនជាតិ​បរទេស​ទាំង​៣​នាក់ បាន​សារភាពថា ពួកគេ បានទទួល​លិខិតឆ្លងដែន​ក្លែង​ពី​បក្ខពួក​២ នាក់​ទៀត (​ម្នាក់​ជា ជនជាតិ​ប៊ែ​ល​ហ្សិ​ក និង​ម្នាក់ទៀត​ជនជាតិ​បារាំង​) ។ ពួកគេ​បន្តថា ពួកគេ​ទទួល​លិខិតឆ្លងដែន ដើម្បី​បើក​គណនី​ធនាគារ ដើម្បី​ទទួល​ការផ្ទេរ​ប្រាក់​ពី​ក្រៅ ៕

Untitled-1fn-2016-06-17-10-02-53-0