​ឃាត់ខ្លួនជនសង្ស័យ​២​នាក់​​ពាក់ព័ន្ធ​ករណី​ចោរកម្ម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ​បាន​បើក​ការស្រាវជ្រាវ រហូត​តាម​បង្ក្រាប និង​ចាប់ខ្លួន​មុខសញ្ញា​ប្លន់​២​នាក់ ជា​បន្តបន្ទាប់ ដែល​តែងតែ​ប្រើ​ដាវ​កាប់​គំរាម​ប្លន់​យក​ទូរស័ព្ទ កាបូប​លុយ និង​សម្ភារ​ផ្សេងៗ ពី​បងប្អូន​ប្រជាពលរដ្ឋ តាម​ដងផ្លូវ​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ​។​
អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ បាន​ឲ្យ​ដឹងថា កម្លាំង​របស់លោក ក្នុង​ប្រតិបត្តិ​ការឃាត់ខ្លួន មុខសញ្ញា​ទាំង​២​នាក់​ខាងលើនេះ ត្រូវបាន​អនុវត្តន៍ និង​ធ្វើ​ឡើងជា​បន្តបន្ទាប់​នា​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ផ្លូវ​រថភ្លើង ស្ថិតក្នុង​ភូមិ​ដើម​ខ្វិត សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ លោក​អធិការ​បញ្ជាក់ថា មុខសញ្ញា​ទាំង​២​នាក់​នេះ​តែងតែ​ធ្វើ​សកម្មភាព ដោយ​ប្រើ​ដាវ​កាប់​គំរាម​ប្លន់​យក​ទូរស័ព្ទ កាបូប​លុយ រួម​និង​សម្ភារ​ផ្សេងៗ​ពី​ប្រជាពលរដ្ឋ​តាម ដងផ្លូវ​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌឫស្សីកែវ​។​
​លោក​អធិការ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយ​ឃាត់ខ្លួន​សួរនាំ មុខសញ្ញា​ត្រូវ​ជាប់​សង្ស័យ​ទាំង​២​នាក់ បាន​ឆ្លើយ​សារភាព ប្រាប់​សមត្ថកិច្ច​ថា នៅ​ថ្ងៃទី​២០ មិថុនា ឆ្នាំ​២០១៦​យប់ មិញ​នេះ ពួកគេ​ទាំង​២​នាក់ បានធ្វើ​សកម្មភាព​ប្រើ​ដាវ​ភ្ជង់​ប្លន់ យកបាន​ទូរស័ព្ទដៃ​ចំនួន​២​គ្រឿង និង​ប្រាក់​ដុល្លារ​ចំនួន​២៥០​ដុល្លារ ពី​ជនរងគ្រោះ​ពិតប្រាកដ​មែន ។​
​លោក​អធិការ បាន​បន្តថា មុខសញ្ញា​ត្រូវ​ឃាត់ខ្លួន​៖ ឈ្មោះ គង់ វាសនា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់នៅ ផ្ទះជួល ម្ដុំ​ផ្លូវ​រថភ្លើង ស្ថិតក្នុង ភូមិ​ដើម​ខ្វិត សង្កាត់ ទួល​សង្កែ ខណ្ឌ ឫស្សីកែវ រាជធានី​ភ្នំពេញ និង​ម្នាក់ទៀត ឈ្មោះ បូរី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មានមុខ​របរ​និង​ស្នាក់នៅ មិន​ពិតប្រាកដ​។ រីឯ​ជនរងគ្រោះ​ឈ្មោះ អូន សុ ភក្តិ ភេទ ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ក្បែរ​ចំណុច​កើត ហេតុ​ខាងលើ​។​
​បច្ចុប្បន្ន ជន​ត្រូវ​សង្ស័យ​ទាំង​២​នាក់ ត្រូវ​បញ្ជូនទៅ​ឃុំខ្លួន សាកសួរ​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​រៀបចំ​កសាង​សំនុំរឿង បញ្ជូនទៅ​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕

fn-2016-06-21-10-17-12-0