ចុះរុះរើកញ្ចុះសងសង់អត់ច្បាប់តាមមាត់ទន្លេនៅជ្រោយចង្វា
រាជធានីភ្នំពេញ៖អាជ្ញាធរខណ្ឌជ្រោយចង្វានៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ បានចុះរុះរើសំណង់អាហារដ្ឋាន ភោជនីយដ្ឋាន និងផ្ទះទឹក ដែលបានសងសង់អត់ច្បាប់នៅតាមមាត់ទន្លេ។ ប្រតិបត្តិការវិធានការរដ្ឋបាលរបស់អាជ្ញាធរខណ្ឌជ្រោយចង្វានេះដឹកនាំដោយលោក ហ៊ុយ សារុណ អភិបាលរងខណ្ឌ ព្រមទាំងមានការចុះសម្របសម្រួលពីលោក កុល បុន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីផងដែរ ។
លោកអភិបាលរង ហ៊ុយ សារុណ បានឲ្យដឹងថា ការចុះប្រើវិធានការរដ្ឋបាលនេះបន្ទាប់ពីសាលាខណ្ឌបានជូនដំណឹងដល់អាហារដ្ឋាន ភោជនីយដ្ឋាន និងផ្ទះទឹកទាំងនោះ ហើយទីតាំងទាំងនោះមិនព្រមធ្វើការរុះរើ ។ ការប្រើវិធានការរដ្ឋបាលនេះគឺដោយសារតែផ្ទះទឹកទាំងនោះធ្វើឲ្យបាត់បង់សោភ័ណភាព ព្រមទាំងអាចបង្កជាហានិយភ័យដល់ភ្ញៀវទេសចរណ៍ផងដែរ៕