ម្សិលមិញ​គ្រោះថ្នាក់​ចរាចរណ៍​សម្លាប់​មនុស្ស​៣​នាក់ របួស​៥៨​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 July, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៤ ខែកក្កដា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន ១២​លើក (​យប់​៨​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ (​ប្រុស​) រងរបួស​ធ្ងន់ ១៤​នាក់ (​ស្រី​១​នាក់​) និង​របួសស្រាល ៤៤​នាក់ (​ស្រី​១២​នាក់​) ។
​របាយការណ៍​ដដែល​ប​ន្ត​ថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១២​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ២០​គ្រឿង រួមមាន ម៉ូតូ​ចំនួន​១៤​គ្រឿង រថយន្ត​ធុន​តូច ចំនួន​៤​គ្រឿង , រថយន្ត​ធុន​ធំ ២​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ១​លើក​(​ស្លាប់​១​នាក់​), មិន​គោរព​សិទ្ធិ ២​លើក (​ស្លាប់​១​នាក់​), ស្រវឹង ២​លើក​,​បត់​គ្រោះថ្នាក់ ១​លើក​, ប្រជែង ១​លើក ។ ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៤​នាក់ (​យប់​៤​នាក់​) ។
​របាយការណ៍​ខាងលើ​បញ្ជាក់ថា គ្រោះថ្នាក់​នៅលើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦​លើក ផ្លូវ​ខេត្ត ក្រុង ៤​លើក​, ផ្លូវលំ ២​លើក​ដោយឡែក យានយន្ត​ដែល​បង្កហេតុ រួមមាន​ម៉ូតូ ៦​លើក រថយន្ត​ធុន​តូច ៤​លើក​, រថយន្ត​ធំ ១​លើក​, ថ្មើរជើង ១​លើក ។ ខេត្ត រាជធានី ដែលមាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្តកំពង់ចាម ២​លើក ស្លាប់​១​នាក់ របួស​៤​នាក់​, កំពង់ស្ពឺ ១​លើក ស្លាប់​១​នាក់ និង​ខេត្តស្វាយរៀង ២​លើក របួស​៤០​នាក់ (​ស្រី​១២​នាក់​) ។
​ជាមួយគ្នា​នោះ​ម្សិលមិញ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់ ចរាចរណ៍​ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស សរុប​ទូទាំងប្រទេស​មាន ចំនួន ៣.០៣៤​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន ១.២៤៧​គ្រឿង និង​ពិន័យ​សរុប ១.៧៨៧ គ្រឿង ៕

5