​តារា​សម្តែងទស្សវត្ស​ន៍​ឆ្នាំ​៩០​លោក យស បូ​វ​ណ្ណះ នឹង​វិល​មក​ការសម្តែង​ជាថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 July, 2016 ក+ ក-

សិល្បៈ​៖​អតីត​តារា​សម្តែង​នា​ទស្សវត្ស​ន៍​ឆ្នាំ​៩០​លោក យស បូ​វ​ណ្ណះ បានប្រកាស​វិល​មក​ការសម្តែង​ជាថ្មី​ឡើងវិញ បន្ទាប់ពី​លោក​បានរ​សាត់អណ្តែត​ផ្ញើ​វាសនា​ថ្មី​លើ​ទឹកដី​អាមេរិក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ​។​
​ការប្រកាស​របស់លោក យស បូ​វ​ណ្ណះ នាពេលនេះ​ធ្វើឡើង បន្ទាប់ពី​អ្នកសិល្បៈ​រួម​ជំនាន់​របស់លោក​គឺ​អ្នកនាង អម្ពរ ទេវី នឹង​មក​ស្រុក​ខ្មែរ​នា​ពាក់កណ្តាល​ខែក្រោយ​នេះ ដើម្បី​ថត​ខ្សែភាពយន្ត​ជាថ្មី​ក្នុង​រឿង ទឹកចិត្ត​ម្តាយ​សម័យថ្មី​របស់​អ្នកស្រី ពាន់ ភួង​បុ​ប្ឆា​។​
​លោក យស បូ​វ​ណ្ណះ បាន​អះអាងថា លោក​សាទរ​ចំពោះ​វត្ត​មាននៃ​ការសម្តែង​ឡើងវិញ​រប​ស់​អ្នកនាង អម្ពរ ទេវី​ខ​ណះ​ពេលដែល​លោក​ក៏មាន​គម្រោង​និង​វិល​មក​ការសម្តែង​ជាថ្មី​ឡើងវិញ​នាពេល​ខាងមុខនេះ​ដូចគ្នា​។​
​បញ្ជាក់ថា តាមពិត​លោក​មានបំណង​វិល​មក​សម្តែង​ជាថ្មី​ឡើងវិញ​នេះ​មុន​អ្នកនាង អម្ពរ ទេវី ទៅទៀត ប៉ុន្តែ​ដោយសារតែ​លោក​នៅ​មិនទាន់មាន​ពេល​គ្រប់គ្រាន់​នៅឡើយ​។ កន្លងមក​មាន​ម្ចាស់​ផលិតកម្ម និង​តារា​សម្តែង​ជើងចាស់​គឺ​អ្នកស្រី ឌី សា​វ៉េ​ត បាន​ទាក់ទង និង​ជម្រុញ​ឲ្យ​លោក​មក​ថតកុន​ជាថ្មី​ដែរ ហើយ​សំណើរ​នេះ​លោក​ក៏បាន​ឯកភាព​ទទួលយក ហើយ​លោក​នឹង​លៃ​ពេល​សមស្រប​ណាមួយ​ដើម្បី​ធ្វើ​រឿងនេះ​។​
​បើតាម​លោក យស បូ​វ​ណ្ណះ ក្នុងអំឡុង​ចុងឆ្នាំ​នេះ​ឬក៏​ឆ្នាំក្រោយ​រូបលោក​នឹង​ចុះទៅ​ស្រុក​ខ្មែរ ប្រសិនបើ​មានការ​ទំនាក់ទំនង​ពី​បណ្តាល​ផលិតកម្ម​នានា ដើម្បី​ឲ្យ​លោក​ចូលរួម​ការសម្តែង​។​
​លោក​ជឿថា ប្រិយមិត្ត​ដែល​ធ្លាប់​គាំទ្រ​រូបលោក និង​តារា​មួយចំនួនទៀត​ដែល​រួម​ជំនាន់​ជាមួយ​លោក​នោះ​ពិតជា​នៅតែ​ទន្ទឹង​រងចាំ​ការសម្តែង​របស់​ពួកលោក​ជាថ្មី ព្រោះ​កន្លងមក​ពួកគាត់​មានការ​និយម​គាំទ្រ​យ៉ាងច្រើន​ចំពោះ​ខ្សែភាពយន្ត​ខ្មែរ​ដែល​បាន​ផលិត​នា​ឆ្នាំ​១៩៩០​។​
​លោក​បញ្ជាក់ថា រូបលោក និង​អតីត​តារា​សម្តែង​មួយចំនួនទៀត​ដែល​រស់នៅ​សហរដ្ឋអាមេរិក​បាន​ត្រៀ​ម​ខ្លួន​រួចជាស្រេច​ក្នុងការ​ចូលរួម​សម្តែង​ជាថ្មី តាម​សំណើរ​របស់​ផលិតករ​នានា​។​
​យ៉ាងណាក៏ដោយ​ការចូលរួម​សម្តែង​ជាថ្មី​ឡើងវិញ​នេះ​មិនមែន​មានន័យថា លោក​ត្រូវតែ​សម្តែង​ជា​តួអង្គ​ឪពុក​នោះឡើយ ពោល​លោក​ស្នើ​ឲ្យ​អ្នក​ស​សើរ​រឿង​ធ្វើយ៉ាងណា​ឲ្យ​សាក​សម​ទៅនឹង​អត្ត​ចារិក​ពិត​របស់លោក ខ​ណះ​ពេលដែល​លោក​នៅមាន​លក្ខ​ណះ​គ្រប់គ្រាន់​ក្នុងការ​សម្តែង​តាម​ប្រភេទ​តួ​ទាំងអស់​។ ដោយឡែក​ប្រសិនជា​អាច​លោក​សូម​ស្នើ​ឲ្យ​ម្ចាស់​ផលិតកម្ម​រើសយក​តួ​សម្តែង​រួម​ជំនាន់​ជាមួយ​លោក​ទាំង​ចូលរួម​សម្តែង​រួមគ្នា ដើម្បី​ជាការ​បើក​ទំព័រ​ជាថ្មី​ក្នុង​វិស័យ​សិ​ល្បះ​ទី​៧​របស់​ខ្មែរ សម្រាប់​អ្នក​ដែល​ធ្លាប់​គាំទ្រ និង​ឲ្យ​ក្មេងជំនាន់ក្រោយ​បាន​ស្គាល់​ពី​តួអង្គ​សម្តែង​ខ្មែរ​នា​ឆ្នាំ​១៩៩០​។​
​លោក​ជឿថា នៅ​ស្រុក​ខ្មែរ​ពិតជា​មាន​អ្នក​ផលិត​ភាពយន្ត​ខ្មែរ​ដែលមាន​សមត្ថភាព​ខ្ពស់ សម្រាប់​ផលិត​រឿង​ឲ្យ​បរទេស​ទទួលស្គាល់ ហើយ​លោក​នៅតែមាន​សុទិដ្ឋិនិយម​ថា ទស្សនិកជន​នឹង​តែ​ចង់​មើល​ពី​ការសម្តែង​របស់​ពួកលោក​ដដែល​។​
​យ៉ាងណាក៏ដោយ​លោក យស បូ​វ​ណ្ណះ បាន​សម្តែង​ការ​អរគុណ​ដល់​ទស្សនិកជន​ដែល​នៅតែ​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​រូបលោក និង​អ្នក​សិ​ល្បះ​ចាស់ៗ​រួម​ជំនាន់​ជាមួយ​លោក​វិល​មក​ការសម្តែង​ជាថ្មី​ឡើងវិញ បើទោះបីជា​ពេលនេះ​ពួកលោក​កំពុងតែ​ផ្ញើរ​វាសនា​ក្នុងប្រទេស​ទី​ពីរ​នេះ​ក៏ដោយ​៕

13817046_1091466564245828_1561504030_n13816814_1091466570912494_1159799629_n